ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកជ្រូកមួយគ្រឿង កំពុងបើកក្នុងល្បឿនលឿននៅលើដងផ្លូវ ស្រាប់តែតៃកុងរថយន្តងោកមួយភាំង បណ្តាលឱ្យរេចង្កូតជ្រុលបុករះរថយន្តនិងម៉ូតូ ព្រមទាំងបុកទម្លុះចូលទៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យក្មេងប្រុសម្នាក់បែកខ្ទេចក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ចំណែកបុរសជាឪពុករងរបួសបាក់ភ្លៅ និងបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍។
ក្មេងប្រុសរងគ្រោះដែលត្រូវរថយន្តកិនបែកខ្ទេចក្បាលស្លាប់យ៉ាងអាណោចអធ័ម មានឈ្មោះធី វិច្ឆិកា អាយុ២ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកបុរសជាឪពុក មានឈ្មោះជឹម ពេជ អាយុ៣២ឆ្នាំ របួសបាក់ភ្លៅ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍។ ទាំងពីរនាក់ ឪពុកនិងកូន មានលំនៅក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង ជារថយន្តដឹកជ្រូក ពាក់ស្លាកលេខតាកែវ 3A-0844 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងទីប្រជុំជន ទំនងជាអ្នកបើកបរងោកមួយភាំង ទើបធ្វើឱ្យរថយន្តបានរេចង្កូតបុកម៉ូតូ ដែលនៅក្បែរចិញ្ចើមផ្លូវចំនួន៥គ្រឿង និងជ្រុលបុករថយន្តចំនួន២គ្រឿងទៀត រួចបន្តបុកសំយ៉ាបផ្ទះពលរដ្ឋ បណ្តាលឱ្យជនរងគ្រោះពីរនាក់ឪពុកកូនបានស្លាប់ទាំងពីរនាក់តែម្តង។
ក្រោយពេលកើតហេតុ ជនបង្កអ្នកបើកបរថយន្តដឹកជ្រូក បានព្យាយាមរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថតាមចាប់ជាប់។
សមត្ថកិច្ចបានឱ្យដឹងទៀតថា អ្នកបើកបរថយន្តបង្កនេះ មានឈ្មោះប៊ុន លីម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរការព្រៃ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។
ដោយឡែក មធ្យោបាយទាំងអស់ ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកបរិបូរណ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
រីឯសាកសពជនរងគ្រោះទាំង២នាក់ឪពុកនិងកូន សមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងដល់ក្រុមគ្រួសារមកទទួលដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕