Sunday, October 12, 2025
Homeព័ត៌មានជាតិព័ត៌មានលម្អិត!!! សុំត្រូវរ៉ូវគ្នាវិញ ប្រពន្ធមិនព្រម ប្តីកាប់ធ្លាក់ពីលើម៉ូតូស្លាប់ រួចលោតទឹកសម្លាប់ខ្លួន

ព័ត៌មានលម្អិត!!! សុំត្រូវរ៉ូវគ្នាវិញ ប្រពន្ធមិនព្រម ប្តីកាប់ធ្លាក់ពីលើម៉ូតូស្លាប់ រួចលោតទឹកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ ព្រោះតែរួមរស់នឹងគ្នាចេះតែជួបរឿងរកាំរកូស ឈ្លោះប្រកែកគ្នាសឹងរាល់ថ្ងៃ ក៏សម្រេចចិត្តលែងលះគ្នា លុះ២ខែក្រោយមក ខាងប្រុសមិនដាច់អាល័យ ក៏តាមសុំអតីតប្រពន្ធត្រូវរ៉ូវគ្នាវិញ ប៉ុន្តែខាងស្រីមិនព្រម ទីបំផុត អតីតប្តីវ័យក្មេងផ្ទុះកំហឹងក៏បែកគំនិតកាប់ប្រពន្ធ១កាំបិត បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកក៏ជិះម៉ូតូឡើងទៅលើស្ពានអ្នកលឿង លោតចូលទៅក្នុងទឹកទន្លេសម្លាប់ខ្លួន។

ករណីឃាតកម្មដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចបរិវេណអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក។

នារីរងគ្រោះដែលត្រូវអតីតប្តីកាប់ដាច់កស្លាប់ ព្រោះតែខឹងតាមសុំត្រូវរ៉ូវគ្នាវិញមិនបាននេះ មានឈ្មោះទន់ ស្រីណយ អាយុ១៨ឆ្នាំ មានលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក។ ចំណែកជនដៃដល់ជាឃាតករដៃឆៅ មានឈ្មោះរ៉ា ឆៃរ៉ាត់ អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។

តាមប្រភពពីសាច់ញាតិនារីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យនិងនារីរងគ្រោះ គឺជាអតីតប្តីប្រពន្ធនឹងគ្នា តែបានបែកបាក់លែងលះគ្នា អស់រយៈពេលប្រមាណជាង២ខែមកហើយ ដោយសារជីវិតប្តីប្រពន្ធអ្នកទាំងពីររស់នៅជួបតែរឿងរកាំរកូសមិនចេះអស់មិនចេះហើយ ពិសេសជនសង្ស័យជាប្តី ចេះតែវាយដំធ្វើបាបទៅលើនារីរងគ្រោះខ្លាំងពេក រហូតដល់នារីរងគ្រោះទ្រាំលែងបាន សម្រេចចិត្តប្តឹងលែងលះចែកផ្លូវគ្នាដើរតែម្តង។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានណាត់ឱ្យនារីរងគ្រោះមកជួបគ្នា តែនារីរងគ្រោះមិនទៅជួបនោះទេ។ រហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែល  ស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់ មកកាប់ទៅលើនារីរងគ្រោះចំក ខណៈដែលនារីរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់តែម្តង។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ សំដៅឡើងទៅលើស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង លុះពេលជិះទៅដល់ពាក់កណ្តាលស្ពាន ជនសង្ស័យក៏ចតម៉ូតូចោល រួចហើយបានឡើងលើបង្កាន់ដៃស្ពាន លោតចុះចូលទៅក្នុងទឹកទន្លេភ្លាមៗតែម្តង ហើយរហូតដល់ពេលនេះ ជនសង្ស័យមិនទាន់ឃើញឡើងគោកវិញនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងហ៊ុំព័ទ្ធតំបន់ជុំវិញទន្លេនោះ ដើម្បីតាមចាប់ខ្លួនជនសង្ស័យ តែមិនទាន់ដឹងថា ជនសង្ស័យនៅមានជីវិត ឬយ៉ាងណានោះទេ។

ដោយឡែក សាកសពនារីរងគ្រោះ ក្រោយពីត្រូវសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ បនាប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ជនសង្ស័យជាឃាតករ ដែលមានឈ្មោះ Bong Räth Os Kae បានបង្ហោះសារមួយ នៅវេលាម៉ោង២និង១៦នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ពោលគឺក្រោយពេលដែលជនសង្ស័យទើបនឹងសម្លាប់អតីតប្រពន្ធរួចថា “ជាចុងក្រោយ ទោះមិនបានកើតក្នុងថ្ងៃតែ១ ក៏ស្លាប់ក្នុងថ្ងៃតែមួយដែរ បងស្រលាញ់អូន អាណយ…”។

លុះ២នាទីក្រោយមក ពោលគឺនៅវេលាម៉ោង២និង១៨នាទីរសៀលថ្ងៃដដែល ជនសង្ស័យក៏បានធ្វើការ Live Video មួយបង្ហាញពីសកម្មភាពរបស់ខ្លួន (ជនសង្ស័យ) បានឡើងតោងបង្កាន់ដៃស្ពានអ្នកលឿង រួចដាក់ទូរស័ព្ទនៅលើបង្កាន់ដៃស្ពាន ដោយបង្វែរកាមេរ៉ាមករកខ្លួន (ជនសង្ស័យ) បន្ទាប់មក ជនសង្ស័យក៏បានលោតចូលទៅក្នុងទឹកទន្លេសម្លាប់ខ្លួនតែម្តង។ ជាមួយនេះ ជនសង្ស័យបានសរសេរសារមួយថា “បាយ បាយ ពិភពលោក”។

ដោយឡែក នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃ គណនីហ្វេសប៊ុករបស់ជនសង្ស័យក៏បានបង្ហោះសារប្លែកៗជាច្រើន ដូចជា “ថ្ងៃនេះ ថ្ងៃចុងក្រោយ ហើយ Bro ដែលយើងផឹកជាមួយគ្នា ប្រហែលជាអស់ពេលផឹកជាមួយពួក Bro ទៀតហើយ…” “ I love nak mak sorri del kon men laor ប្រូហ្វាល់ចុងក្រោយ ឈប់ដូររហូត ទុកឱ្យបាន២០ឆ្នាំទៀតទៅមុខ ជាមួយម៉ាក់ៗ…”៕

RELATED ARTICLES