ខេត្តបាត់ដំបង ៖ បុរសម្នាក់តែងដើរលេងផឹកស៊ីជារៀងរាល់ថ្ងៃ មិនសូវជួយធ្វើការងារផ្ទះអ្វីសោះឡើយ ទើបធ្វើឱ្យឪពុកម្តាយខឹង ក៏ស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែកូនប្រុសរូបនេះបែរជាឈឺចិត្តស្អិតទ្រូង រត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែខឹងរឿងឪពុកម្តាយស្តីបន្ទោសតិចតួច មានឈ្មោះលេង យុទ្ទដារ៉ា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សដែលមិនមានការងារអ្វីធ្វើនោះទេ ហើយមួយថ្ងៃៗ តែងដើរលេងប៉ោឡែ ជួបជុំមិត្តភក្តិផឹកស៊ីស្រវឹងអួទីនួមិនឈប់ ទោះជាក្រុមគ្រួសារស្តីប្រដៅអប់រំយ៉ាងណា ក៏មិនព្រមតាមសោះ និងថែមទាំងធ្លាប់អុកឡុកក្រុមគ្រួសារទៀតផង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរផឹកស៊ីរហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ លុះឪពុកម្តាយឃើញបែបនេះ ក៏ស្តីប្រដៅ២-៣ម៉ាត់ទៅ ពីរឿងដើរផឹកស៊ី មិនគិតគូររការងារធ្វើ រកប្រាក់ចិញ្ចឹមជីវិត ស្រាប់តែពេលស្តីបន្ទោសរួច ជនរងគ្រោះក៏បានដើរចេញពីផ្ទះបាត់ និងមិនឃើញត្រឡប់មកដេកវិញសោះ។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក៏មានអ្នកភូមិប្រទះឃើញជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ នៅលើដើមឈើក្នុងព្រៃចម្ការខាងក្រោយផ្ទះ ចម្ងាយ១០០ម៉ែត្រ ទើបរត់មកប្រាប់ក្រុមគ្រួសារ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារតែខឹងឪពុកម្តាយស្តីថា មិនឱ្យផឹកស៊ីច្រើន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕