Sunday, October 12, 2025
Homeព័ត៌មានជាតិបុរសម្នាក់ផឹកស្រវឹង ផ្ទុះទំនាស់ពាក្យសម្តីជាមួយយាយអាយុ៧២ ទាញផ្គាក់ដេញកាប់

បុរសម្នាក់ផឹកស្រវឹង ផ្ទុះទំនាស់ពាក្យសម្តីជាមួយយាយអាយុ៧២ ទាញផ្គាក់ដេញកាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងលោកយាយម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា រហូតដល់ផ្ទុះកំហឹងទប់មិនជាប់ ក៏ទាញកាំបិតផ្គាក់ ស្ទុះទៅដេញកាប់លោកយាយទាំងកំរោល តែសំណាងល្អ ត្រូវបានកម្លាំងអាវុធហត្ថ និងអ្នកជិតខាងជួយអន្តរាគមន៍ទាន់ពេល បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង។

ជនដៃដល់ដែលទាញកាំបិតដេញកាប់លោកយាយអាយុ៧២ឆ្នាំ មានឈ្មោះប៉ូ សុភ័ក្រ អាយុ៤០ឆ្នាំ មុខរបរពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះ មានឈ្មោះស៊ន សុភ័ណ្ឌ អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីអ្នកភូមិ បាននិយាយថា ជនដៃដល់រូបនេះគឺជាមនុស្សប្រមឹក និងតែងរករឿងឈ្លោះប្រកែកជាមួយអ្នកភូមិសឹងគ្រប់គ្នា ព្រោះឱ្យតែបានស្រាចូលពោះ តែងមានចរិតកោងកាចខ្លាំងណាស់ និយាយមិនចេះស្តាប់គ្នានោះទេ រហូតមកដល់ថ្ងៃកើតហេតុ បន្ទាប់ពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏បានប៉ះទង្គិចពាក្យសំដីជាមួយស្ត្រីរងគ្រោះបង្កជាជម្លោះបែកផ្សែង។ បន្ទាប់មកជនប្រមឹករូបនោះ បានស្ទុះទៅទាញកាំបិតផ្កាក់ប្រវែងជិត១ម៉ែត្រ ដេញកាប់លោកយាយរងគ្រោះរត់ផ្អើលពេញភូមិ តែសំណាងល្អ លោកយាយរងគ្រោះរត់រួច ដោយសារក្រុមគ្រួសារជួយទាន់ផង។

សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីហិង្សា បុរសប្រមឹកដេញកាប់លោកយាយម្នាក់រត់ពេញភូមិ ទើបកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ បានទាន់ពេលវេលា ពោលគឺមិនបណ្តាលឱ្យលោកយាយរងគ្រោះ ទទួលរងរបួសអ្វីនោះទេ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES