ខេត្តស្វាយរៀង ៖ នារីជានិស្សិតពេទ្យម្នាក់ ព្រោះតែប្រឡងថ្នាក់ជាតិមិនជាប់ ស្រាប់តែអស់សង្ឃឹមក្នុងជីវិត រហូតដល់គិតខ្លីលោតទឹកសម្លាប់ខ្លួន បង្កឱ្យមានការផ្អើលឆោឡោពីក្រុមគ្រួសារស្រែកទ្រហោយំ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ព្រមទាំងជួលអ្នកមុជទឹករាវរកសពនារីរងគ្រោះអស់ពេលជាច្រើនម៉ោង ទម្រាំប្រទះឃើញសព និងស្រង់យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។
ករណីនិស្សិតពេទ្យស្រី លោតទឹកសម្លាប់ខ្លួន ព្រោះតូចចិត្តប្រឡងថ្នាក់ជាតិធ្លាក់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ខាងជើងអគារបុគ្គលិក Las Vegas Sun បាវិត ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
នារីគិតខ្លីដែលលោតទឹកធ្វើអត្តឃាត មានឈ្មោះសន ស្រីលៀង អាយុ៣០ឆ្នាំ មុខរបរជានិស្សិតពេទ្យ មានលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។
តាមសម្តីបុរសជាឪពុកនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់នេះ (នារីរងគ្រោះ) គឺជាមនុស្សឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រខ្លាំងណាស់ រហូតដល់រៀនចប់នៅសាលាទៅហើយ តែមិនដឹងជាយ៉ាងម៉េច បែរជាប្រឡងថ្នាក់ជាតិមិនជាប់ទៅវិញ។ ក្រោយពេលដែលដឹងថា កូនស្រីរបស់គាត់ប្រឡងធ្លាក់ ពួកគាត់ជាឪពុកម្តាយបានព្យាយាមជួយនិយាយលួងលោម លើកទឹកចិត្តកូនស្រីច្រើនណាស់ថា មិនអីទេ ធ្លាក់ក៏ធ្លាក់ចុះ ចាំឆ្នាំក្រោយប្រឡងទៀត ក៏មិនថ្វីដែរ។ ប៉ុន្តែទោះជាពួកគាត់ប្រឹងលួងលោមយ៉ាងណា ក៏កូនស្រីនេះនៅតែបង្ហាញទឹកមុខស្រពាប់ស្រពោន និងមិនសូវនិយាយស្តីអ្វីទាំងអស់ ព្រមទាំងចេះតែសម្ងំក្នុងផ្ទះតែម្នាក់ឯងរហូត។
បុរសជាឪពុកនារីរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ក៏មានការភ្ញាក់ផ្អើលថា កូនស្រីរបស់គាត់លោតទឹកសម្លាប់ខ្លួន ធ្វើឱ្យគាត់ប្រញាប់ទៅមើលនៅកន្លែងកើតហេតុភ្លាមៗ ក៏ប្រទះឃើញម៉ូតូរបស់កូនស្រី១គ្រឿង ម៉ាកធូដេ និងស្បែកជើង១គូ ព្រមទាំងមួក១ នៅជាប់មាត់ស្រះ។ ភ្លាមនោះ គាត់ក៏បានស្រែកឆោឡោហៅអ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ព្រមទាំងបានជួលអ្នកមុជទឹកឱ្យចុះរាវរកសពកូនស្រីជាច្រើនម៉ោង រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ទើបរាវរកឃើញធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយ ស្រែកទ្រហោយំ រហូតដល់ទន់ដៃជើងនិយាយលែងចេញ ព្រោះតែស្រណោះកូនស្រី មិនគួរណាគិតខ្លីបែបនេះសោះ។
ក្រោយប្រទះឃើញសាកសព សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារលោតទឹកធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក យោងតាមហ្វេសប៊ុកបងប្រុសបង្កើតរបស់នារីរងគ្រោះខាងលើ ដែលមានឈ្មោះ Sothy Bavet បានបង្ហោះសារទុក្ខសោកមួយ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ថា “ប្អូនស្រីជាទីស្រលាញ់! មិនយូរ តែប៉ុន្មានម៉ោងទៀតនេះ សពប្អូននឹងត្រូវបូជាហើយ។ បងខំសុំច្បាប់ក្រុមហ៊ុន១ថ្ងៃ ថានឹងទៅឆ្លងថ្ងៃចូលឆ្នាំចុងក្រោយ តែមិននឹកស្មានថាថ្ងៃសំរាកនេះ បែរជាថ្ងៃមកបីត្រកងសពឯងចេញពីទឹកសោះ ឱ្យបងទទួលយកម្តេចនឹងបាន។ ឯងទៅមែន តែប៉ាម៉ាក់ បងៗ ព្រមទាំងក្មួយរបស់ឯង យំសោកបោកខ្លួនតាំងពីកន្លែងកើតហេតុ រហូតដល់ផ្ទះ ពុំស្រាកស្រាន្តសោះ។ គ្រប់យ៉ាងឯងមានទាំងអស់ ព្រោះប៉ាម៉ាក់បានរៀបចំទុកឱ្យយ៉ាងស្អាត រហូតដល់បងៗឯងលួចច្រណែន។ រាល់កាយវិការ សើចក្អាកក្អាយរាល់ថ្ងៃជាមួយគ្នា រាល់ពាក្យសម្តីដែលណែនាំដាស់តឿនចង់ឱ្យឯងល្អ តែឥឡូវកាយវិការនិងពាក្យសម្តីទាំងនោះ គឺលែងមានតទៅទៀតហើយ ព្រោះឯងលាពីពួកយើងហើយ លាគ្មានថ្ងៃត្រឡប់។ បើឯងដឹងថាមានសម្ពាធធ្ងន់ក្នុងការរៀនសូត្រ ម្តេចឯងមិនដាក់ចុះ ម្តេចក៏មិននិយាយ១ម៉ាត់ ឯងលាក់ទុកក្នុងចិត្តរហូត ហើយដាច់ចិត្តទៅចោលពួកយើងទាំងគ្មានក្តីអាល័យ។ ពួកយើងពិតជាសោកស្តាយឯងខ្លាំងណាស់។ ទឹកភ្នែកបងស្រក់ទៀតហើយ! ទៅឱ្យបានសុខណាប្អូនសម្លាញ់…”។
ម្ចាស់គណនីហ្វេសប៊ុកដដែល បន្តថា “មហាសែនសោកស្តាយណាស់ប្អូនស្រី ឯងរៀនពេទ្យ៨-៩ឆ្នាំហើយ បើឯងប្រឡងពេទ្យថ្នាក់ជាតិ មិនជាប់ឆ្នាំនេះ អាចប្រលងសងឆ្នាំក្រោយបាន ព្រោះក្នុងសាលាបានប្រលងជាប់ហើយ ម្តេចក៏ឯងគិតខ្លីយ៉ាងនេះ។ ឯងលាក់សញ្ញាបត្រពីប៉ាទៀត។ ឯងប្រាប់ម៉ាក់ថារៀនពេទ្យ ឥឡូវធ្លាក់ចឹង។ តែម៉ាក់ប្រាប់ថា ចង់ឱ្យឯងមានអនាគតល្អ ឱ្យស្រណុកខ្លួនទៅថ្ងៃមុខ។ ដឹងទេក្នុងចំណោមកូនទាំងអស់ ម៉ាក់ប៉ាស្រលាញ់ឯងជាងគេ…”៕