Sunday, October 12, 2025
Homeព័ត៌មានជាតិកំហឹងស្នេហាត្រីកោណ!!! ប្តីកំពុងដេកលក់ ប្រពន្ធស្រោចទឹកអាសុីដ រលាកពេញខ្លួនស្លាប់

កំហឹងស្នេហាត្រីកោណ!!! ប្តីកំពុងដេកលក់ ប្រពន្ធស្រោចទឹកអាសុីដ រលាកពេញខ្លួនស្លាប់

ខេត្តកំពង់ចាម ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាបែកគំនិតលួចលាក់ទាក់ទងស្រីថ្មីក្បត់ចិត្តប្រពន្ធ លុះរឿងរ៉ាវបែកធ្លាយដឹងដល់ប្រពន្ធ ធ្វើឱ្យស្ត្រីជាប្រពន្ធខឹងសម្បាយ៉ាងខ្លាំង លុះឆ្លៀតពេលដែលបុរសជាប្តីដេកលង់លក់ ប្រពន្ធក៏យកទឹកអាស៊ីដមកចាក់ស្រោចប្តីពេញផ្ទៃមុខ និងដងខ្លួន បណ្តាលឱ្យរលាកពេញខ្លួន រងរបួសធ្ងន់ រហូតដល់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ។

ករណីស្នេហាត្រីកោណ ប្តីលួចមានស្រីថ្មីត្រូវប្រពន្ធចាក់ស្រោចទឹកអាស៊ីដ បណ្តាលឱ្យស្លាប់យ៉ាងអណោចអាធ័មនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ។

បុរសរងគ្រោះជាប្តីដែលត្រូវប្រពន្ធស្រោចទឹកអាស៊ីដខាងលើ រហូតដល់រលួយខ្លួនស្លាប់នោះ មានឈ្មោះមិន នុន អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ មានឈ្មោះពិន ជា អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកសួន រស់ អធិការរងនគរបាលស្រុកព្រៃឈរ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលឃុំក្រូច បានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះមិន សារឿន អាយុ៤៥ឆ្នាំ រស់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ និងត្រូវជាបងបង្កើតជនរងគ្រោះ បានប្តឹងសមត្ថកិច្ចថា ប្អូនប្រុសរបស់គាត់ ឈ្មោះមិន នុន ត្រូវប្រពន្ធឈ្មោះពិន ជា យកទឹកអាស៊ីដមកចាក់ស្រោចលើប្តីដែលកំពុងដេកលង់លក់ បណ្តាលឱ្យរងរបួសធ្ងន់រលាកពេញខ្លួន។

តាមសម្តីបងស្រីបង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ខណៈដែលប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) កំពុងដេកលង់លក់ ក៏ស្រាប់តែត្រូវស្ត្រីជាប្រពន្ធយកទឹកអាស៊ីដមកចាក់ស្រោចលើមុខ និងដងខ្លួនប្តី បណ្តាលឱ្យរងរបួសជាទម្ងន់ និងត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរិពេទ្យខេត្តកំពង់ចាម ភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ពេក ទើបជនរងគ្រោះបានដាច់ខ្យល់ ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។ ចំណែកស្ត្រីសង្ស័យជាប្រពន្ធ ក្រោយពីធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល។

បងស្រីរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលនាំឱ្យស្ត្រីជាប្រពន្ធដាច់ចិត្តចាក់ទឹកអាស៊ីដស្រោចលើប្តីនេះ គឺដោយសារតែស្ត្រីជាប្រពន្ធផ្ទុះភ្លើងប្រចណ្ឌ រឿងប្តីកំហូចលួចទាក់ទងស្រីថ្មី។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា ក្រោយកើតមានករណីឃាតកម្មចាក់ស្រោចទឹកអាស៊ីដសម្លាប់ប្តីរួចមក កម្លាំងសមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនស្ត្រីសង្ស័យជាប្រពន្ធបាន កាលពីវេលាល្ងាច ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងធំ ឃុំស្រងែ ស្រុកព្រៃឈរ។

ក្រោយឃាត់ខ្លួនបានស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណំុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សពបុរសរងគ្រោះជាប្តី ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES