Sunday, October 12, 2025
Homeព័ត៌មានជាតិកម្មករចម្លាក់ឈើ ដោតឌុយភ្លើងប៉ះតំណ ឆក់ស្លាប់

កម្មករចម្លាក់ឈើ ដោតឌុយភ្លើងប៉ះតំណ ឆក់ស្លាប់

ខេត្តមណ្ឌលគិរី ៖ យុវជនជាជាងចម្លាក់ឈើម្នាក់ បានដោតឌុយម៉ូទ័រអគ្គិសនី ដើម្បីខួងឆ្លាក់ឈើ ស្រាប់តែអកុសល ប៉ះចំមុខតំណរ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចទីតាំងសិប្បកម្មកែច្នៃឈើមួយកន្លែង ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

យុវជនរងគ្រោះដែលឆក់ខ្សែភ្លើងស្លាប់ មានឈ្មោះស៊ុន រិទ្ធសា អាយុ១៧ឆ្នាំ មុខរបរកម្មករជាងចម្លាក់ឈើ មានស្រុកកំណើតនៅភូមិកប្បាស់ ឃុំឈើទុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នមកធ្វើការនិងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើការបញ្ឆោះម៉ាស៊ីនភ្លើង រួចយកខ្សែឌុយម៉ូទ័រអគ្គិសនី ដើម្បីខួងឆ្លាក់ឈើ ស្រាប់តែអកុសល ពេលដោតឌុយមិនបានប្រុងប្រយ័ត្ន ក៏ប៉ះចំមុខតំណរ ធ្វើឱ្យឆ្លងចរន្តឆក់ជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ អ្នករួមការងារជាមួយ បាននាំគ្នាជួយសែងជនរងគ្រោះចេញមកក្រៅ ដាក់ឱ្យគេផ្ទាល់ដី រួចយកខ្សាច់មកកប់ពីលើ បំណងជួយសង្គ្រោះជីវិតជនរងគ្រោះ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវបានភ្លើងឆក់ប្រាកដមែន បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តពោធិ៍សាត់។

ជុំវិញករណីខាងលើនេះ ម្ចាស់សិប្បកម្មនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទេហើយចំពោះការទទួលខុសត្រូវលើគ្រោះថ្នាក់ បណ្តាលឱ្យស្លាប់កម្មករក្នុងកន្លែងការងារបែបនេះ ក៏គេនៅមិនទាន់ទទួលព័ត៌មានពីសមត្ថកិច្ចថា តើម្ចាស់ទីតាំងនឹងមានសំណង ឬប្រឈមមុខច្បាប់បែបណានោះនៅឡើយទេ៕

RELATED ARTICLES