Sunday, October 12, 2025
Homeព័ត៌មានជាតិចង់បានលុយស្រួល បែកគំនិតកោរសក់ស្លៀកស្បង់ដើរបិណ្ឌបាត យកលុយជក់ថ្នាំញៀន ដេកផ្ទះសំណាក់

ចង់បានលុយស្រួល បែកគំនិតកោរសក់ស្លៀកស្បង់ដើរបិណ្ឌបាត យកលុយជក់ថ្នាំញៀន ដេកផ្ទះសំណាក់

ភ្នំពេញ ៖ យុវជនកំហូចម្នាក់គ្មានការងារធ្វើ ក៏បែកគំនិតកោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត បានលុយយកទៅទិញថ្នាំញៀនជក់ និងដេកផ្ទះសំណាក់យ៉ាងរំភើយ លុះប្រជាពលរដ្ឋសង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ច ចុះស្រាវជ្រាវវាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ មានឈ្មោះយួន ឡោះ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះសំណាក់ហូលីដេ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិត្រពាំងស្វាយ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា សង្ឃក្លែងក្លាយខាងលើនេះ ត្រូវបានគេប្រទះឃើញមានវត្តមានក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម តាំងពីមុនចូលឆ្នាំខ្មែរមកម៉្លេះ ហើយរាល់ការដើរបិណ្ឌបាត ឃើញមានសភាពចម្លែកណាស់ ព្រោះសង្ឃនេះដើរបិណ្ឌបាតដោយមិនមានបាត្រមកជាមួយឡើយ ហើយនៅពេលដែលពុទ្ធបរិស័ទប្រគេនបាយសម្លមិនទទួលឡើយ បែរជាប្រាប់ឱ្យទូទាត់ជាលុយវិញ ដែលសកម្មភាពនេះត្រូវបានប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង ប៉ុន្តែមិនហ៊ានដេញដោលច្រើនទេ ខ្លាចប៉ះពាល់ដល់ព្រះសង្ឃត្រឹមត្រូវ និងខ្លាចអាក់សទ្ធា។

ប្រជាពលរដ្ឋ បន្តថា អ្វីដែលកាន់តែចម្លែកទៀតនោះ គឺខុសប្លែកពីសង្ឃពិតប្រាកដដទៃ ដែលរយៈពេល៣ថ្ងៃចូលឆ្នាំខ្មែរ តែងគង់នៅក្នុងវត្ត ជួយរៀបចំពិធីបុណ្យតាមជំនឿសាសនា ប្លែកអីតែសង្ឃអង្គនេះនៅតែដើរបិណ្ឌបាតយកតែលុយមិនឈប់ លុះយប់ឡើងឃើញចូលទៅសម្រាកនៅផ្ទះសំណាក់ហូលីដេ សែនសុខ ទៀត ទើបធ្វើឱ្យមានការសង្ស័យ តាមដានមើលទើបដឹងថា តាមពិតជាសង្ឃក្លែងក្លាយសោះ ដើរបិណ្ឌបាត្របានលុយទិញស្រាផឹក ទិញថ្នាំញៀនជក់ ដេកផ្ទះសំណាក់ធ្វើរំភើយ។

រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក៏ស្រាប់តែលេចមុខសង្ឃក្លែងក្លាយខាងលើ នៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ទើបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួននាំទៅសាកសួរនៅវត្តវង្កដ្ឋបុរី ទើបដឹងកាន់តែច្បាស់ មិនមែនជាសង្ឃឡើយ គ្រាន់តែបន្លំស្លៀកស្បង់ចីវរ ដើរបិណ្ឌបាតរកលុយយកទៅជក់គ្រឿងញៀន ស៊ីចាយផ្ទាល់ខ្លួនប៉ុណ្ណោះ។

ជនកំហូចខាងលើ បានសារភាពថា ខ្លួនមិនមែនជាអ្នកបួសរៀនជាសង្ឃទេ តែដោយសារនឹកឃើញល្បិចរកលុយបានដោយងាយ ក៏យកស្បង់ចីវរមកស្លៀកដើរបិណ្ឌបាតបានលុយ ចូលដេកផ្ទះសំណាក់ហូលីដេ សែនសុខ ព្រោះទីនោះជាជម្រកផ្តល់កន្លែងឱ្យជក់ និងជួញគ្រឿងញៀន។

ជនកំហូចខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ ដោយសារតេស្តទឹកនោមមានសារធាតុញៀន មុននឹងចាត់ការតាមនីតិវិធី៕

RELATED ARTICLES