ខេត្តសៀមរាប ៖ បុរសសតិមិនប្រក្រតីម្នាក់តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះក្រោយពីស្រវឹងស្រាធ្លាក់ភ្នែក ក៏ដើរចេញបាត់ពីផ្ទះអស់១យប់ រហូតដល់ព្រឹកឡើង ក៏ត្រូវបានក្រុមគ្រួសារប្រទះឃើញចកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចដើមសង្កែមាត់ស្ទឹងខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ១៥០ម៉ែត្រ ស្ថិតក្នុងភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង។
បុរសរងគ្រោះខាងលើ មានឈ្មោះ ស៊ន់ ប៉ារ៉ា អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សមានសតិមិនប្រក្រតី និងចូលចិត្តផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះមកដល់ម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រាបៀរអស់១កំប៉ុង បន្ទាប់មកក៏ដើរទៅក្រោយផ្ទះបាត់ទៅ។ ចំណែកក្រុមគ្រួសារពុំបានចាប់អារម្មណ៍អ្វីឡើយ។ លុះមកដល់ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ទើបបងប្អូនបានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមសង្កែមាត់ស្ទឹងក្រោយផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានបញ្ជាក់ប្រាប់ថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ ថាមានករណីចងកសម្លាប់ខ្លួន លោកបានបញ្ជាឱ្យកម្លាំងនគរបាលជំនាញចុះទៅត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីធ្វើការពិនិត្យ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន ពោលគឺពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕