ខេត្តសៀមរាប ៖ បុរសម្នាក់ទើបចេញពីស៊ីការគេផឹកស្រវឹងធ្លាក់ភ្នែក ឃើញបុរសម្នាក់ដែលធ្លាប់តាមញ៉ែបងស្រីរបស់ខ្លួន ចេញពីរោងការជាមួយគ្នា ស្ថិតក្នុងសភាពស្រវឹងទ្រេតទ្រោត ក៏ផ្ទុះកំហឹងស្ទុះទៅវាយដំទាត់ធាក់យ៉ាងចាស់ដៃ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវាលស្រែ ក្បែរប្រឡាយទឹក ខាងលិចភូមិជ័យបូរ ចម្ងាយ១៧០ម៉ែត្រ ស្ថិតក្នុងឃុំពង្រក្រោម ស្រុកជីក្រែង។
ជនសង្ស័យដែលបង្កហិង្សា ទៅលើបុរសដែលចូលចិត្តតាមញ៉ែបងស្រីរបស់ខ្លួន មានឈ្មោះហួត គឹមហ៊រ អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះពៀត ជន អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិថ្មី ឃុំពង្រក្រោម ស្រុកជីក្រែង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្ក បានចូលរួមក្នុងពិធីមង្គលការក្នុងរោងជាមួយគ្នា គ្រាន់តែអង្គុយតុផ្សេងគ្នា។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពីផឹកស៊ីស្រវឹងជោកជាំ ជនបង្កបានដើរចេញពីរោងការមកវិញ ស្រាប់តែប្រទះឃើញជនរងគ្រោះដើរតាមផ្លូវម្នាក់ឯង និងកំពុងស្ថិតក្នុងសភាពស្រវឹងទ្រេតទ្រោត ស្ទើរទប់ខ្លួនមិនជាប់ ទើបនឹកឃើញដល់កំហឹង ពីរឿងដែលជនរងគ្រោះចេះតែទៅតាមញ៉ែប៉ប្រែជាមួយនឹងបងស្រីរបស់ខ្លួនមិនឈប់ ទើបធ្វើឱ្យជនបង្កបានស្ទុះទៅវាយដំទាត់ធាក់ជនរងគ្រោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ សន្លប់ឈឹងនៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ អ្នកភូមិដែលចេញមកពីហូបការ ប្រទះឃើញក៏នាំគ្នាចូលទៅជួយឃាត់ និងបានជួយដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះ។ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានឆ្លើយសារភាពថា រូបគេពិតជាបានវាយដំទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែកន្លងមក ជនរងគ្រោះចេះតែទៅញ៉ែប៉ប្រែ ទាក់ទងស្នេហាជាមួយួបងស្រីរបស់ខ្លួនមិនឈប់ ទោះជាហាមឃាត់យ៉ាងណាក៏មិនព្រមស្តាប់ ទើបធ្វើឱ្យរូបគេផ្ទុះកំហឹង លុះពេលទើបចេញពីស៊ីការស្រវឹងធ្លាក់ភ្នែក ប្រទះឃើញជនរងគ្រោះចេញពីរោងការស្ថិតក្នុងសភាពស្រវឹងជោកជាំផង ក៏ស្ទុះទៅវាយដំតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕