ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យល្មោភកាមម្នាក់បានប្រើល្បិចលួងលោមឱ្យនារីវ័យក្មេងជាមនុស្សសតិមិនប្រក្រតីម្នាក់ ទៅទិញស្រាមកឱ្យខ្លួនផឹក លុះឃើញឱកាសស្ងាត់ល្អ ក៏ចាប់អូសដៃចូលបន្ទប់ទឹកចាប់រំលោភសេពសន្ថវៈ ស្រាប់តែត្រូវម្តាយនារីរងគ្រោះតាមទាន់ ធ្វើឱ្យជនល្មោភកាមភ័យស្លន់ស្លោ ក៏ស្រវាយកតែខោស្លីបស្លៀក រួចព្យាយាមរត់គេចខ្លួន តែត្រូវម្តាយនារីរងគ្រោះ ស្រែកផ្អើលឱ្យអ្នកស្រុកដេញចាប់ពេញភូមិ តែចាប់មិនបាន ទីបំផុត ក្រោយពីរត់គេចខ្លួនអស់រយៈពេលជិត១០ថ្ងៃ ក៏ត្រូវកម្លាំងអាវុធហត្ថតាមស្រាវជ្រាវចាប់ខ្លួនបាន យកមកចាត់ការតាមច្បាប់។
ករណីប្រុសល្មោភកាមចាប់រំលោភនារីសតិមិនប្រក្រតីនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចបន្ទប់ដីទំនេរមួយកន្លែង ស្ថិតក្នុងមណ្ឌល៣ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកជនសង្ស័យល្មោភកាម ត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបាននៅវេលាទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនសង្ស័យល្មោភកាមដែលចាប់រំលោភនារីមានសតិមិនប្រក្រតី រួចរត់គេចខ្លួនជិត១០ថ្ងៃ ទម្រាំកម្លាំងអាវុធហត្ថចាប់ខ្លួនបាន មានឈ្មោះ ហុក ចាន់ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ដែលសមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះអ.ស.ជ អាយុ២៦ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាមោ់ង៦ព្រលប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានប្រើល្បិចពឹងឱ្យនារីរងគ្រោះទៅទិញស្រាយកមកឱ្យខ្លួន (ជនសង្ស័យ) ផឹក លុះឃើញឱកាសស្ងាត់ល្អ ជនសង្ស័យក៏ចាប់អូសដៃនារីរងគ្រោះចូលទៅក្នុងបន្ទប់ទឹក ធ្វើសកម្មភាពរំលោភរហូតដល់សម្រេចតែម្តង។ ខណៈពេលនោះ ម្តាយរបស់នារីរងគ្រោះតាមទាន់ ក៏ធ្វើការប្រតាយប្រតប់ជាមួយនឹងជនសង្ស័យដែរ តែមិនឈ្នះ ទើបធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោលើកខោលីស្លីបស្លៀករួចរត់គេចខ្លួន ហើយភ្លាមនោះ ម្តាយក្មេងស្រីរងគ្រោះក៏បានស្រែកឆោឡោផ្អើលដល់អ្នកភូមិ នាំគ្នាប្រដេញតាមចាប់ជនសង្ស័យផ្អើលពេញភូមិដែរ តែចាប់មិនជាប់ ធ្វើឱ្យជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ស្ត្រីជាម្តាយនារីរងគ្រោះបាននាំកូនស្រីរបស់ខ្លួនទៅដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថជួយអន្តរាគមន៍។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ មន្ត្រីជំនាញអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវអស់មួយរយៈ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងតាមប្រមាញ់រកជនសង្ស័យរហូតចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាមខាងលើ កំពុងស្ថិតក្រោមការសាកសួរយកចម្លើយ មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕