ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់បានមកស្នាក់នៅក្នុងវត្តជាមួយនឹងជីដូនដែលជាដូនជី លុះក្បាលព្រលប់ ក៏ចោមពុងចុះទៅងូតទឹកពាងនៅក្បែរអាស្រមដូនជីក្នុងវត្ត ស្រាប់តែត្រូវប្រុសព្រានល្មោភកាមប្រទះឃើញ លបចូលទៅចាប់ខ្ទប់មាត់ប្រុងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ប៉ុន្តែត្រូវនារីរងគ្រោះប្រឹងរើបម្រះ រហូតជីដូនប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួនបាត់ស្រមោល។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង០៩នាទីព្រលប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចពាងទឹកក្បែរអាស្រមដូនជីក្នុងវត្ត ស្ថិតក្នុងភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល។ លុះមកដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។
នារីរងគ្រោះដែលត្រូវប្រុសព្រានប៉ងរំលោភ អំឡុងពេលចោមពុងងូតទឹកនៅក្នុងបរិវេណវត្តនេះ មានអាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនអនឡាញ ស្នាក់នៅក្នុងអាស្រមដូនជីក្នុងវត្តជាមួយជីដូន។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហន ហាន អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចោមពុងសារុងកៅស៊ូ ងូតទឹកពាងក្បែរអាស្រមដូនជីក្នុងវត្ត។ លុះពេលងូតទឹករួច នាងបានអង្គុយដុសធ្មេញ ស្រាប់តែពេលនោះជនសង្ស័យបានយកសំពត់ងូតរបស់ព្រះសង្ឃ បត់ជាបួនផ្នត់ មកគ្របលើក្បាលនឹងមុខរបស់នាង ហើយយកដៃខ្ទប់មាត់នឹងរឹតក ប៉ងអូសយកទៅរំលោភសេពសន្ថវៈ តែភ្លាមនោះ នាងបានប្រឹងរើបម្រះរហូតដួលទៅលើភក់ កកិតក្បាលជង្គង់ស្តាំទៅលើថ្ម បណ្តាលឱ្យមានស្នាម រួចក៏វាយពាងទឹក ទើបធ្វើឱ្យឮសម្លេងដល់ជីដូនចេញមកឃើញ ក៏ស្រែកឆោឡោថា ចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ រត់គេចខ្លួនឆ្ពោះទៅទិសខាងជើងបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ នារីរងគ្រោះបានរាយការណ៍ប្រាប់លោកមេឃុំឱ្យបានដឹងពីករណីនេះផងដែរ។ រហូតមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកមេឃុំបានចុះដល់កន្លែងកើតហេតុ ហើយបានជួបជីដូននិងនារីរងគ្រោះ រួចបានរាយការណ៍ឱ្យលោកមេប៉ុស្តិ៍។
លុះមកដល់វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យបាន រួចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរកាកោង១។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់នារីរងគ្រោះប៉ុនប៉ងរំលោភសេពសន្ថវៈប្រាកដមែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕