ខេត្តពោធិ៍សាត់ ៖ យុវជនឈាមរាវម្នាក់ ព្រោះតែខឹងនឹងបងប្រុសស្តីបន្ទោសពីរឿងដើរលេងផឹកស៊ី ប៉ោឡែ មិនជួយធ្វើការងារផ្ទះ ក៏ស្រាប់តែឈឺចិត្តិស្អិតទ្រូងរត់ទៅចងកសម្លាប់ខ្លួន បង្កឱ្យឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ។
យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងរឿងបងប្រុសស្តីបន្ទោស មានឈ្មោះផេង សុខជា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះគឺជាមនុស្សដែលគ្មានការងារអ្វីធ្វើទាំងអស់ មួយថ្ងៃគិតតែរឿងដើរ លេងផឹកស៊ីជាមួយបនភឿន ស្រវឹងជោកជាំ រហូតដល់យប់ជ្រៅ ទើបលេចមុខត្រឡប់មកផ្ទះ ហើយកន្លងមក ធ្លាប់ត្រូវក្រុមគ្រួសារប្រៀនប្រដៅ អប់រំអូសទាញញឹកញាប់ដែរ តែជនរងគ្រោះហាក់មិនយកត្រចៀកស្តាប់សោះ។
ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ដោយសារតែទ្រាំនឹងទង្វើរបស់ជនរងគ្រោះមិនបាន ទើបបុរសជាបងប្រុសបានស្តីបន្ទោសទៅជនរងគ្រោះថា ឯងគិតតែដើរលេងរហូតដល់យប់ជ្រៅ ទើបត្រឡប់ចូលផ្ទះវិញ មិនខ្លាចឪពុកម្តាយទេអី ទើបធ្វើឱ្យកើតមានការឈ្លោះប្រកែកគ្នាមួយប៉្រាវ រួចក៏បែកផ្លូវគ្នាអស់ទៅ។
ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ក្រុមគ្រួសារក៏បានប្រទះឃើញជនរងគ្រោះ ចងកជាប់នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុងចងកភ្ជាប់នឹងធ្នឹមផ្ទះ។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹងរឿងបងប្រុសស្តីបន្ទោសតិចតួច។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕