Sunday, October 12, 2025
Homeព័ត៌មានជាតិឃាតកម្ម!!! សម្លាប់ប្រពន្ធអារកស្លាប់លើផ្ទះ រួចរត់ទៅសម្លាប់ខ្លួនតាមក្រោយ

ឃាតកម្ម!!! សម្លាប់ប្រពន្ធអារកស្លាប់លើផ្ទះ រួចរត់ទៅសម្លាប់ខ្លួនតាមក្រោយ

ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធ១គូ បានកើតមានជម្លោះនឹងគ្នាយ៉ាងខ្លាំង រហូតឈានដល់បុរសជាប្តីដាច់ចិត្តទាញកាំបិតចាក់ប្រពន្ធធ្លុះកស្លាប់ក្នុងថ្លុកឈាមលើផ្ទះ បន្ទាប់មក បុរសជាប្តីបានរត់ទៅសម្លាប់ខ្លួននៅក្នុងចម្ការខាងក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអម្ពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។

សពទាំង២នាក់ប្តីប្រពន្ធខាងលើ ទី១-ឈ្មោះឡាច ធា ភេទប្រុស អាយុ៣៨ឆ្នាំ មុរបរកសិករ (ជាប្តី) និងទី២-ឈ្មោះស ស្រីណេង អាយុ៣៦ឆ្នាំ មុខរបរកសិករ (ជាប្រពន្ឋ)។ ប្តីប្រពន្ធទាំង២នាក់មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេមិនដឹងថា ប្តីប្រពន្ធជនរងគ្រោះខាងលើ បានកើតមានជម្លោះអ្វីនឹងគ្នានោះទេ ស្រាប់តែមកដល់វេលាទៀបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ខណៈដែលប្រជាពលរដ្ឋដើរកាត់ចម្ការខាងក្រោយផ្ទះជនរងគ្រោះ ស្រាប់តែប្រទះឃើញបុរសជាប្តីដេកស្លាប់ ទើបកើតមានការផ្អើលឆោឡោ រត់ទៅផ្ទះជនរងគ្រោះបំណងប្រាប់ប្រពន្ធជនរងគ្រោះ ឱ្យមកមើល ស្រាប់តែឡើងទៅដល់លើផ្ទះជនរងគ្រោះ ក៏ប្រទះឃើញស្ត្រីជាប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមធ្លុះកដល់ទៅ២កន្លែងឯណោះ។

ប្រភពដដែលបន្តថា បន្ទាប់ពីប្រទះឃើញហេតុការណ៍បែបនេះ ទើបធ្វើឱ្យអ្នកភូមិសង្ស័យថា ជាអំពើឃាតកម្ម ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះមកពិនិត្យដល់ទីតាំងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផែន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងមានការចូលរួមដោយមន្ត្រីជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួច  សមត្ថកិច្ចបានបញ្ជាក់ថា សពស្ត្រីរងគ្រោះជាប្រពន្ធ មានស្នាមចាក់ត្រង់បំពង់ក ចំនួន២កន្លែង រីឯសពបុរសជាប្តីពុំមានស្នាមរបួសអ្វីគួរឱ្យកត់សម្គាល់នោះទេ។

តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ចជំនាញ ករណីនេះអាចជាករណីអំពើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស បង្កឡើងដោយបុរសជាប្តីចាក់សម្លាប់ប្រពន្ឋ ហើយរត់ទៅសម្លាប់ខ្លួនឯងតាមក្រោយ។

ទោះបីយ៉ាងណា នេះគឺជាការសង្ស័យប៉ុណ្ណោះ មិនទាន់យកជាផ្លូវការបាននៅទ្បើយ គឺរង់ចាំមន្ត្រីជំនាញធ្វើការស្រាវជ្រាវបន្ត ឱ្យបានច្បាស់លាស់ជាមុនសិន៕

RELATED ARTICLES