Sunday, October 12, 2025
Homeព័ត៌មានជាតិចៅប្រុសសំពងជីដូន៥ដំបងស្លាប់ តុលាការបើកសវនាការកាត់ទោស

ចៅប្រុសសំពងជីដូន៥ដំបងស្លាប់ តុលាការបើកសវនាការកាត់ទោស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស លើសំណុំរឿង ជនដៃដល់ម្នាក់ដែលបានវាយសម្លាប់យាយបង្កើត នៅខណ្ឌទួលគោក។

លែកា ស្រី ម៉ាក់នី តំណាងអយ្យការសវនាការបានចោទប្រកាន់លើឈ្មោះឆាយ ស៊ីនហូ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុន លើជីដូនបង្កើតអាយុ៨៧ឆ្នាំ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា នៅយប់កើតហេតុ ខ្លួនបានបើកដំបូលផ្ទះឡើងទៅអង្គុយលេង ពេលនោះយាយឃើញ ក៏ហៅឱ្យចុះមកវិញ ទើបខ្លួនខឹងក៏ចុះមកយកដំបងវាយយាយចំនួន៥ដំបង ស្លាប់តែម្តងទៅ។ ក្រោយពេលវាយយាយសម្លាប់រួច ក៏ត្រូវបងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនភ្លាមៗតែម្តង។

លោកនាង ហៃ ជាមេធាវីការពារជនជាប់ចោទ បានសំណូមពរឱ្យតុលាការកែប្រែបទចោទប្រកាន់លើកូនក្តីលោក ពីបទឃាតកម្មគិតទុកជាមុន ទៅជាបទឃាតកម្មធម្មតាវិញ ដោយសារអង្គហេតុនេះបង្ហាញថា កូនក្តីលោកមិនបានគិតទុកជាមុនទេ ពោលគឺខឹងភ្លាម វាយសម្លាប់ជនរងគ្រោះភ្លាម និងដោយសារកូនក្តីរូបនេះមានជំងឺសតិមិនសូវគ្រប់ផង។

សូមបញ្ជាក់សំណុំរឿងនេះ ត្រូវបានតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។

គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅត្រង់ចំណុចផ្ទះលេខ២៤ ផ្លូវ៥៨២Z ក្រុមទី១៤ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយយុវជនមានជម្ងឺសរសៃប្រសាទម្នាក់ ព្រោះតែជំងឺរើឡើង ក៏ព្យាយាមឡើងទៅលើដំបូលផ្ទះ តែត្រូវជីដូនឃាត់ ស្រាប់តែចៅប្រុសរូបនេះផ្ទុះកំហឹង ក៏ទាញដំបងឈើជ្រុងវាយសំពងជីដូនបង្កើតចំក្បាល បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជនដៃដល់ដែលវាយសំពងជីដូនបែកក្បាលស្លាប់ មានឈ្មោះឆាយ ស៊ីនហូ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានបងប្អូនចំនួន៣នាក់ ហើយជនបង្កជាកូនពៅ។ ចំណែកឯលោកយាយរងគ្រោះ មានឈ្មោះក្រួច សុខា អាយុ៧៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីនារីឈ្មោះលឹម តាលីដា អាយុ២៨ឆ្នាំ មុខរបរអ្នកគិតលុយក្នុងហាង ត្រូវជាបងស្រីទី២របស់ជនបង្ក បានរៀបរាប់ប្រាប់ថា ក្នុងផ្ទះកើតហេតុខាងលើ មានមនុស្សស្នាក់នៅសរុបទាំងអស់ចំនួន៤នាក់ គឺបងប្អូនរបស់ពួកនាងទាំងបីនាក់ និងជីដូនបង្កើតម្នាក់ទៀត (លោកយាយរងគ្រោះ)។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ បងប្រុសច្បងរបស់នាងបានចេញទៅធ្វើការបាត់ ដោយនៅផ្ទះមានតែរូបនាង និងលោកយាយ រួមទាំងជនបង្កដែលជាប្អូនប្រុសជាប្អូនប្រុសពៅប៉ុណ្ណោះ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនបង្កបានទារបើកទ្វារឡើងដំបូលផ្ទះ ដោយត្អូញថាក្តៅ តែលោកយាយបាននិយាយថា មិនឱ្យបើកទេ ព្រោះមេឃជិតភ្លៀង បន្ទាប់មកលោកយាយបានចុះពីជាន់ឡៅតឿមកជាន់ផ្ទាល់ដី រួចបានអង្គុយអានគម្ពីរឮៗ ព្រោះលោកយាយកាន់សាសនាគ្រឹះ។ មួយស្ទុះក្រោយមក ជនបង្កជាចៅខឹងនឹងរឿងលោកយាយមិនឱ្យឡើងបើកទ្វារដំបូលផង ណាមួយខឹងលោកយាយអានគម្ពីរឮៗផង ស្រាប់តែជនបង្កជាចៅបានកាន់ដំបងឈើជ្រុងប្រវែងកន្លះម៉ែត្រ យកទៅសំពងក្បាលលោកយាយជាច្រើនដំបង បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។

ប្រភពខាងលើ បានបន្ថែមថា នៅពេលឃើញប្អូនប្រុសវាយលោកយាយបែបនេះ រូបនាងជាបងស្រីមិនហ៊ានចូលទៅជួយនោះទេ ព្រោះខ្លាចជនបង្កវាយទាំងរូបនាងដែរ។ បន្ទាប់មកជនបង្កជាប្អូនបានរត់គេចខ្លួនចូលបន្ទប់ទឹកបាត់ ទើបនាងប្រញាប់រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនបង្កយកទៅសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ និងបានដឹកលោកយាយតាមរ៉ឺម៉កម៉ូតូទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ  ហៅពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះជីវិត តែជាអកុសល ដោយសារតែស្ថានភាពរបួសរបស់លោកយាយធ្ងន់ធ្ងរពេក ទើបក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ លោកយាយក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

តាមប្រភពពីក្រុមគ្រួសារជនបង្ក បានឱ្យដឹងថា ក្នុងអំឡុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជនបង្កតែងតែអុកឡុក និងបំផ្លាញរបស់របរក្នុងផ្ទះ នៅពេលខឹងអ្នកផ្ទះស្តីបន្ទោសណែនាំ និងនិយាយស្តីឮម្តងៗ ហើយជនបង្កគឺជាមនុស្សដែលមានជំងឺសរសៃប្រសាទទៀតផង និងធ្លាប់បានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យដែរ តែមិនជាដាច់សោះ ហើយនៅពេលដឹងថា ក្រុមគ្រួសារនាំគេ (ជនបង្ក) ទៅពេទ្យ ជនបង្កតែងខឹងសម្បារយ៉ាងខ្លាំង៕

RELATED ARTICLES