Sunday, October 12, 2025
Homeព័ត៌មានជាតិកូនប្រុសចងកសម្លាប់ខ្លួន ខ្មាសគេព្រោះម្តាយយកប្តីថ្មី

កូនប្រុសចងកសម្លាប់ខ្លួន ខ្មាសគេព្រោះម្តាយយកប្តីថ្មី

ខេត្តសៀមរាប ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តតូចថ្លើមទៅនឹងរឿងម្តាយរបស់ខ្លួនយកប្តីថ្មីម្នាក់ទៀត ស្រាប់តែដាច់ចិត្តគិតខ្លីចងកបញ្ចប់ជីវិត នៅលើដើមស្វាយចន្ទី ខាងក្រោយផ្ទះបងស្រីជីដូនមួយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី។

យុវជនគំនិតខ្លីដែលសម្រេចចិត្តចងកបញ្ចប់ជីវិត ព្រោះតែតូចចិត្តរឿងម្តាយយកប្តីថ្មីនោះ មានឈ្មោះចិត្រ និត អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងត្រំ ឃុំពពេល ស្រុកសូទ្រនិគម។

តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះមានបងប្អូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបានមកចូលរួមពិធីមង្គលការបងស្រីជីដូនមួយរបស់ខ្លួន នៅចំណុចភូមិឃុំកើតហេតុខាងលើ។ បន្ទាប់មក នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះបានអង្គុយជជែកគ្នាលេងជាមួយនឹងមីងៗរបស់ខ្លួន រួចពោលត្អូញត្អែរថា រូបគេសព្វថ្ងៃពិបាកចិត្តខ្លាំងណាស់ និងថែមទាំងខ្មាសគេទៀត ព្រោះតែពេលនេះ ម្តាយរបស់គេមានប្តីម្នាក់ទៀតហើយ និងបានចេញទៅធ្វើការ និងរស់នៅប្រទេសថៃ បាត់ទៅហើយ។

ប្រភពដដែលបន្តថា លុះនិយាយរួច ជនរងគ្រោះក៏ដើរចេញពីផ្ទះសំដៅទៅទិសខាងកើតបាត់ទៅ ចំណែកមីងៗនឹកស្មានថា ជនរងគ្រោះទៅរកងូតទឹក។ រហូតមកដល់វេលាម៉ោង១០យប់ទៅហើយ នៅតែមិនទាន់ឃើញជនរងគ្រោះត្រឡប់មកវិញទៀត ទើបសាច់ញាតិបាននាំគ្នាដើរតាមរក ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកនៅលើដើមស្វាយចន្ទី​ ខាងក្រោយផ្ទះប្រហែលជា៥០ម៉ែត្រ ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតនៅលើដើមស្វាយចន្ទី មានកម្ពស់ពីដីកន្លះម៉ែត្រ ដោយបែរមុខទៅលិច ចងកនិងក្រមាក្រឡាការ៉ូ ពណ៌ក្រហមលាយស។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យ ក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES