ភ្នំពេញ ៖ បុរសជាអ្នកដើររើសអេតចាយម្នាក់ បានដើរចូលទៅរើសសំបកកំប៉ុងនៅក្នុងវត្ត លុះទៅដល់ឃើញសំបកកំប៉ុង ដែលដូនជីម្នាក់គរទុកនៅក្បែរអាស្រមស្នាក់នៅ ក៏ចូលទៅរើសយក ទើបធ្វើឱ្យដូនជីជាម្ចាស់សំបកកំប៉ុងស្តីបន្ទោស ធ្វើឱ្យកើតជាជំលោះតឹងសរសៃក រហូតដល់បុរសជាអ្នករើសអេតចាយទប់កំហឹងមិនបាន ក៏វាយដូនជីរងគ្រោះ បណ្តាលឱ្យរងរបួស។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងបរិវេណវត្តថាន់ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បុរសជាអ្នករើសអេតចាយ ដែលបង្កហិង្សាទៅលើដូនជីវ័យចំណាស់ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះវ៉ាន់ វឿន អាយុ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ។ ចំណែកដូនជីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាដូនជី ស្នាក់នៅក្នុងវត្តថាន់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនដៃដល់ខាងលើបានដើររើសអេតចាយនៅក្នុងវត្តថាន់ ទីតាំងកើតហេតុខាងលើ ពេលនោះក៏បានឃើញសំបកកំប៉ុងមួយចំនួន ដែលដូនជីរងគ្រោះរើសទុក សម្រាប់លក់ដែរ ស្រាប់តែភ្លាមនោះ ជនដៃដល់ បានចូលទៅរើសយកសំបកកំប៉ុងរបស់ដូនជី ទើបធ្វើឱ្យដូនជីចេញមកស្តីបន្ទោស រួចក៏កើតជាជំលោះ និងឈានដល់ការប្រើអំពើហិង្សា ទៅលើដូនជីរងគ្រោះតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការឃាត់ខ្លួនបុរសអ្នករើសអេតចាយ ជាជនដៃដល់យកមកកាន់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីធ្វើការណែនាំអប់រំ រួចក៏ដោះលែងទៅវិញ ដោយសារតែដូនជីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ៕