ហេង ពិទូ ដែលផ្តើមគំនិតធ្វើបទ “ទីនេះមានមនុស្សខូចចិត្ត” ឱ្យនាងអេដា ច្រៀងសាជាថ្មី ក្រោយនាងមានប្តីនោះ ធ្វើឱ្យតារាដែលចូលចិត្តតែនិយាយ និងច្រៀងជាភាសាអង់គ្លេស ជាងភាសាខ្មែរ នោះ ត្រូវបានគេចាប់អារម្មណ៍ម្តងទៀត ព្រោះតែមួយបទនេះ មានយុវវ័យគាំទ្រច្រើន ទើបធ្វើឱ្យនាងអេដា សប្បាយចិត្តក្រៃលែង។
យ៉ាងណានៅមានចម្ងល់របស់មហាជនថា តើលោកហេង ពិទូ មានទំនាក់ទំនងពិសេសអីជាមួយនាងអេដា បានជាជ្រើសយកនាងអេដា ជាដៃគូ ហើយនិពន្ធសម្រិតសម្រាំងជាពិសេសជូននាងតែម្នាក់បែបនេះ?
ជួបជាមួយអ្នកយកព័ត៌មាន “អង្គរធំ” តាមទូរស័ព្ទ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ហេង ពិទូ ប្រញាប់បកស្រាយថា លោកគ្មានសម្ព័ន្ធភាពអ្វីជាពិសេសជាមួយអេដា ឡើយ គឺគ្រាន់តែជាដៃគូធ្វើបទចម្រៀងជាមួយគ្នាតែប៉ុណ្ណោះ។
ហេង ពិទូ អះអាងថា “អូបង! រឿងហ្នឹង គឺអត់មានអី ក្រៅតែពីការធ្វើបទចម្រៀងជាមួយគ្នាហ្នឹងទេ គឺគ្មានសម្ព័ន្ធភាព អីជាមួយគ្នាផ្សេងទៀតទាល់តែសោះ។ យើងសហការគ្នាធ្វើបទចម្រៀង ជា Original Songs រួមគ្នាតែប៉ុណ្ណោះ ហើយដូចបទ “ទីនេះមានមនុស្សខូចចិត្ត” អីចឹង គឺខ្ញុំនិងគាត់ធ្វើបទនេះរួមគ្នា ហើយខ្ញុំក៏មិននឹកស្មានថា បទហ្នឹងល្បីផ្ទុះ យ៉ាងហ្នឹងដែរ អ៊ីចឹងពួកយើងពិតជាសប្បាយចិត្តមែនទែន។ ការដែលខ្ញុំជ្រើសរើសយកអេដា ជាដៃគូនេះ ព្រោះតែខ្ញុំដឹងពីសមត្ថភាពគាត់ ហើយខ្ញុំស្គាល់អេដា ៤ឆ្នាំមកហើយ។ និយាយទៅ អេដា គាត់មាន សមត្ថភាពអាចច្រៀង និពន្ធទំនុកច្រៀងដោយខ្លួនឯងបាន ដូចជាបទ “ភ្លើង” អីចឹង គឺគាត់ធ្វើដោយខ្លួនឯងតែម្តង”។
ហេង ពិទូ និងអតីតតារាចម្រៀងនាងហង្ស សុជាតា អំឡុងពេលដែលពួកគេបានរួមទ្រនំជាមួយគ្នា នៅក្រោមដំបូល Spark Music ជាច្រើនឆ្នាំមកនោះ តែពេលដែលហេង ពិទូ លោតទៅចូលទ្រនំ BIGMAN និងសាន់ដេ វិញ អ្នកទាំងពីរក៏បែកគ្នាកណ្តាលផ្លូវ ហើយពួកគេមានថ្មីរៀងៗខ្លួន តែពិទូ មិនដែលបណ្តើរសង្សារថ្មីចំហឡើយ ហើយស្រាប់តែពេលនេះស្ងាត់ៗ មានគេសង្ស័យច្រើនពីទំនាក់ទំនងជាមួយដៃគូចម្រៀង នាងអេដា ដែលធ្លាប់រៀបការប្តីកូនមន្ត្រីធំ នៅសណ្ឋាគារសូហ៊្វីតែល កាលពីឆ្នាំមុននោះទៅវិញ ស្របពេលដែលមានដំណឹងថា ពេលនេះ ហេង ពិទូ បានស្ពាយបង្វេចដើរចេញពីសាន់ដេ ទៅហើយ…។
កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ អ្នកយកព័ត៌មានបានទាក់ទងទៅតារាចម្រៀងអេដា តាមលេខទូរស័ព្ទដែលនាងធ្លាប់ប្រើ តែត្រូវបាននារីម្នាក់ដែលមានសំឡេងដូចនាងលើកជំនួស ហើយប្រាប់ថា មិនមែនជាអេដា ឡើយ ទើបមិនអាចសុំការបំភ្លឺបានទេ។
ដោយឡែកពិទូ បន្ថែមថា “មិនមែនខ្ញុំធ្វើបទចម្រៀង ឬចាប់ដៃគូតែជាមួយអេដា ម្នាក់ទេ គឺបន្តិចទៀត នឹងបានឃើញថា ខ្ញុំចាប់ដៃគូ និងធ្វើបទចម្រៀងឱ្យតារាស្រីផ្សេងទៀតជាមិនខាន។ និយាយទៅ គឺយើងធ្វើទៅតាមប្រភេទបទ ដែលមើលទៅដឹងថា អ្នកណាអាចច្រៀងបានបទហ្នឹង ហើយដូចអេដា អ៊ីចឹងគឺគាត់ចូលចិត្តច្រៀង និងនិយាយអង់គ្លេស ច្រើនជាងខ្មែរផង។ ចំពោះរឿងគេថាខ្ញុំចេញពីសាន់ដេ នោះ គឺអត់ទេ ខ្ញុំនៅតែជាតារាសាន់ដេ គ្រាន់តែចេញមកធ្វើនៅក្រៅ គឺអត់មានធ្វើអី ប៉ះពាល់ជាមួយក្រុមហ៊ុនទេ ហើយខ្ញុំក៏បាននិយាយជាមួយសាន់ដេ ដែរ”…៕ ហុឹម វិចិត្រ