ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានលែងលះជាមួយប្រពន្ធអស់រយៈពេល២ឆ្នាំមកហើយ ស្រាប់តែនៅសុខៗ នឹកស្តាយស្រណោះទ្រព្យ សម្បត្តិ (ម៉ូតូ) ក៏ត្រឡប់មកធ្វើសកម្មភាពលបលួចគាស់បន្ទប់ លួចយកម៉ូតូពីអតីតប្រពន្ធ តែរត់មិនរួច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក។
បុរសសង្ស័យដែលលួចគាត់បន្ទប់ប្រពន្ធលួចម៉ូតូ តែរត់មិនរួច ត្រូវសមត្ថកច្ចិឃាត់ខ្លួន មានឈ្មោះទីន អាម៉ីន ហៅឈុន ឆានុន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអុស៉្លិមា មានលំនៅក្នុងភូមិឃុំកើតេហតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះនូទីន ម៉ៃសុះ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា បុរសដែលត្រូវឃាត់ខ្លួន រវាងជនសង្ស័យនិងស្ត្រីជាដើមបណ្តឹង គឺជាអតីតប្តីប្រពន្ធនឹងគ្នា។ ប៉ុន្តែ អ្នកទាំងពីរបានចែកផ្លូវគ្នានៅតុលាការ ដោយបានចែកទ្រព្យសម្បត្តិរៀងខ្លួនរួចរាល់អស់ទៅហើយ។ លុះលែងលះរួច ខាងប្តីបានទៅយកប្រពន្ធថ្មី ចំណែកខាងប្រពន្ធ ក៏បានយកប្តីថ្មីរៀងៗខ្លួនទៀតហើយដែរ។
ប្រភពដដែលបន្តថា បន្ទាប់ពីលែងគ្នាបានពីរឆ្នាំមកនេះ អតីតប្តីចេះតែទៅរករឿងប្រពន្ធម្តងជាពីរដង រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យបានទៅគាស់បន្ទប់របស់អតីតប្រពន្ធ រួចបានលួចយកម៉ូតូ១គ្រឿងទៅបាត់ នៅពេលដែលអតីតប្រពន្ធមិននៅផ្ទះ។ ទីបំផុត ស្ត្រីជាអតីតប្រពន្ធដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់។
តាមសម្តីភាគីស្ត្រីជាដើមបណ្តឹង និងត្រូវជាអតីតប្រពន្ធរបស់ជនសង្ស័យ បានឱ្យដឹងថា ជនសង្ស័យជាអតីតប្តីរបស់នាង បានចូលទៅគាស់បន្ទប់យកម៉ូតូរបស់នាង ព្រមទាំងបាត់លុយចំនួន៥០០ដុល្លារទៀតផង។ ហេតុដូច្នេះទើបនាងដាក់ពាក្យបណ្តឹងចូលទៅកាន់នគរបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ស្ត្រីជាដើមបណ្តឹងបន្តថា កាលពីមុនម៉ូតូ១គ្រឿងនេះពិតជាទ្រព្យរួមគ្នាមែន ប៉ុន្តែពេលដែលចែកផ្លូវនៅតុលាការបានចប់សព្វគ្រប់អស់ហើយ តែអតីតប្តីនេះចេះតែទាមទារយកម៉ូតូទៅវិញ តែនាងមិនព្រមឱ្យ ទើបចូលទៅគាស់បន្ទប់របស់នាងលួចយកម៉ូតូពេលដែលនាងមិននៅតែម្តង។
ចំណែកជនសង្ស័យបានឆ្លើយថា ម៉ូតូ១គ្រឿងនេះ គឺជារបស់ខ្លួនដែលបានបាត់ក្រោយពីលែងប្រពន្ធ។ ពេលឃើញវិញក៏បានយកម៉ូតូជិះ តែពេលទៅយកម៉ូតូនោះ ខ្លួនមិនបានរាយការណ៍ប្រាប់នគរបាលឡើយ។ ចំពោះថារឿងលុយចំនួន៥០០ដុល្លារបាត់ គេពុំបានដឹងនោះទេ។
ជនសង្ស័យបាននិយាយបន្តថា ម៉ូតូក្រោយពីយកបានក៏បើកទៅទុកនៅផ្ទះអ្នកស្គាល់គ្នា គ្មានបំណងអាក្រក់ឡើយ គ្រាន់តែចង់បានម៉ូតូរបស់ខ្លួនវិញតែប៉ុណ្ណោះ។
ទោះបីជាយ៉ាង លោក ដួង ស៊ីវុត្ថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បញ្ជាក់ថាសំណុំរឿងនេះនឹងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត ជាបន្តទៀត។
លោកបញ្ជាក់ប្រាប់ថា ទោះបីជាធ្លាប់ជាប្តីប្រពន្ធនឹងគ្នាមែន ប៉ុន្តែការចែកផ្លូវគ្នានៅតុលាការស្របច្បាប់។ យើងមិនត្រូវទាមទារយកទ្រព្យណាមួយទៀតបាននោះទេ។/