Monday, October 13, 2025
Homeព័ត៌មានជាតិស្រីស្អាតសម្លាប់សត្វព្រៃធ្វើម្ហូប ថតបង្អួតក្នុងយូធូប!!! DJ អាចារ្យធំ ស្នើក្រសួងពាក់ព័ន្ធចាត់វិធានការជាបន្ទាន់

ស្រីស្អាតសម្លាប់សត្វព្រៃធ្វើម្ហូប ថតបង្អួតក្នុងយូធូប!!! DJ អាចារ្យធំ ស្នើក្រសួងពាក់ព័ន្ធចាត់វិធានការជាបន្ទាន់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ កំពុងធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល ខឹងសម្បា និងរិះគន់គ្រប់ៗគ្នា បន្ទាប់ពីនារីរូបស្រស់ម្នាក់នេះ រួមនិងបក្ខពួកបាននាំគ្នាថតវីដេអូឃ្លីប បង្ហាញពីសកម្មភាពសម្លាប់សត្វព្រៃ ដែលជាប្រភេទសត្វកម្រ ជាច្រើនប្រភេទ យកមកធ្វើម្ហូប ដុតអាំង ហូបយ៉ាងឆ្ងាញ់មាត់ រួចថតបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងយូធូប (Youtube) ដើម្បីទទួលបានការចាប់អារម្មណ៍តាមដានទស្សនា ជាថ្នូរនឹងការរកប្រាក់ចំណូលផ្ទាល់ខ្លួន។

នារីវ័យក្មេងដែលកំពុងទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីរឿងសម្លាប់សត្វព្រៃធ្វើម្ហូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ ។

ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការចែករំលែកតៗគ្នា នូវវីដេអូឃ្លីបនារីរូបស្រស់ខាងលើ ដែលបានធ្វើសកម្មភាពសម្លាប់សត្វព្រៃជាច្រើនប្រភេទ រួចយកមកអាំង ដុត ដោយផ្ទាល់ដៃ បន្ទាប់មក យកមកទទួលទានយ៉ាងឆ្ងាញ់មាត់ ហើយបានថតជាវីដេអូឃ្លីបយកទៅបង្ហោះបញ្ចូលក្នុងយូធូប ដើម្បីឱ្យមនុស្សម្នានៅលើពិភពលោកបានទស្សនា ហើយនៅពេលមានអ្នកចូលមើលច្រើន ចំណូលក៏កើនឡើងតាមនោះដែរ។

តាមរយៈវីដេអូឃ្លីបនីមួយៗ គេសង្កេតឃើញថា សកម្មភាពនេះ ធ្វើឡើងជាក្រុម ដោយមានអ្នកដឹកនាំបញ្ជាអ្នកថតកាមេរ៉ា អ្នករៀបចំទីតាំងសម្រាប់ថត រួមជាមួយនឹងការសម្តែងយ៉ាងល្អរបស់នារីរូបស្រស់ខាងលើ។ ចំណែកទីតាំងទាំងនោះ គេមិនដឹងថា ស្ថិតនៅក្នុងស្រុកខេត្តណានោះទេ រីឯសត្វព្រៃដែលនារីរូបស្រស់រូបនោះ យកមកអាំងហូបនោះ ក៏មិនដឹងថា ពួកនាងដើរបរបាញ់សម្លាប់ដោយផ្ទាល់ដៃនៅកន្លែងណាខ្លះនោះដែរ។
នារីរូបស្រស់ខាងលើ បានបង្ហោះវីដេឃ្លូបីជាច្រើនបង្ហាញពីការសម្លាប់សត្វព្រៃជាច្រើន ប្រភេទ ដូចជា ត្រដក់ ត្រកួត មាន់ទោ ខ្លាត្រី …៘ រួចយកមកធ្វើជាអាហារដោយផ្ទាល់ដៃ ជាច្រើនមុខ ដូចជា ដុត អាំង ស្លម្ជូរគ្រឿង …ជាដើម។

ក្រោយពីបានទស្សនាវីដេអូឃ្លីបខាងលើ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការខឹងសម្បា និងរិះគន់ទៅលើនារីរូបស្រស់ម្នាក់នោះ យ៉ាងចាស់ដៃ ដោយខ្លះបានលើកឡើងថា “សត្វព្រៃមួយប្រភេទ មានឈ្មោះត្រដក់ ដែលជាប្រភេទសត្វកម្រ ជិតផុតពូជ និងទទួលការអភិរក្សពីអាជ្ញាធរនោះ បែរជាត្រូវនាងសម្លាប់ និងយកមកធ្វើជាអាហារដោយផ្ទាល់ដៃទៅវិញ…”, “វាពិតជាមិនគួរសោះ ដែលនារីម្នាក់នេះ មានរូបសម្រស់សមរម្យ តែបែរជាមិនមានខួរក្នុងការគិតបែប នេះសោះ តើសត្វព្រៃទាំងនេះនឹងវិនាស ហិនហោចដោយសារតែស្នាដៃនារីអត់ខួរម្នាក់នេះ ឬអត់?…”, “គេកំពុងអភិរក្សសត្វព្រៃឯងវិញ បានស៊ីសត្វព្រៃហើយបង្ហោះហ្វេសប៊ុកទៀត…”, “អាជ្ញាធរ គួរចាត់វិធានការចំពោះនារីម្នាក់នេះ ផង ចាំមើលតើនារីម្នាក់នេះ អាចទទួលទោស ឬក៏អត់?…”។

ចំណែកហ្វេសប៊ុកឈ្មោះអាចារ្យធំ នគររាជ បានបង្ហោះសារមួយ ដែលមានន័យថា “ទង្វើថតខ្សែរវីដេអូ រកលុយក្នុង YouTube តាមរយៈការសម្លាប់សត្វព្រៃកម្ពុជា បង្ហោះយ៉ាងប្រហ៊ើនមិនខ្លាចច្បាប់។ ពិតជាមហាសែនថោកទាបពេកហើយ!!! ត្រូវតែបញ្ឈប់ជាបន្ទាន់! ខ្ញុំអាចារ្យធំ សូមគោរពជម្រាបក្រសួង មេត្តាចាត់វិធានការលើជនថោកទាបទាំងហ្នឹងអោយខាងតែបាន !!!”។

គួរបញ្ជាក់ថា កន្លងមក គណនីយូធូបរបស់នារីរូបស្រស់ខាងលើ តែងលើកយកមុខម្ហូបខ្មែរ មកថតបង្ហោះ ដោយបង្ហាញពីគ្រឿងផ្សំ និងវិធីចម្អិនឱ្យអ្នកទស្សនាក្នុងបណ្តាញសង្គមយូធូប ពិសេស ជនបរទេសនានាបានឃើញ និងដឹងពីរបៀបរបបហូបចុក និងការរស់នៅរបស់ប្រជាជនខ្មែរ ហើយទោះបីជាសកម្មភាពធ្វើម្ហូបរបស់នាងហាក់បង្ហាញនូវភាពសិចស៊ី ដើម្បីទាក់ទាញនូវការចាប់អារម្មណ៍បន្តិចមែន តែវីដេអូនេះ ក៏ជាការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណី មុខម្ហូបរបស់ខ្មែរ ឱ្យអន្តរជាតិបានស្គាល់ និងយល់ដឹងដែរ។ ផ្ទុយទៅវិញ ការបង្ហោះវីដេអូសម្លាប់សត្វព្រៃ យកមកធ្វើម្ហូបបែបនេះ គឺអ្នកទស្សនា មិនថាជាជនជាតិខ្មែរ ឬបរទេសនោះទេ សុទ្ធតែមិនអាចទទួលយកបានដូចគ្នា ដោយសារតែសត្វព្រៃ ពិសេស ប្រភេទសត្វកម្រជិតផុតពូជ កំពុងត្រូវបានទទួលការថែរក្សា អភិរក្សយ៉ាងយកចិត្តទុកដាក់ មិនគួរត្រូវបានសម្លាប់ និងយកមកធ្វើម្ហូបក្នុងរូបភាពបែបនេះនោះទេ។ ជាមួយនេះ ក៏មានការអំពាវនាវដល់អាជ្ញាធរ ជំនាញ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការចំពោះទង្វើរបស់នារីរូបស្រស់ខាងលើ រួមនិងក្រុមការងាររបស់នាងផង។

ជុំវិញករណីខាងលើនេះ “នគរធំ“ មិនអាចទាក់ទងសុំការបំភ្លឺពីនារីរូបស្រស់ខាងលើ បានទេ មុននេះបន្តិច។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES