ភ្នំពេញ ៖ សេវាអ៊ីនធឺណែតសាធារណៈ (Public Wifi) ឥតគិតថ្លៃ ជាលើកដំបូងនៅកម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី09 ខែឧសភា ឆ្នាំ2018 ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ សិស្ស និស្សិត និងប្រជាពលរដ្ឋ ប្រើប្រាស់ដោយមិនគិតថ្លៃ នៅទីតាំងចំនួន2ក្នុងរាជធានីភ្នំពេញ គឺសួនច្បារសម្តេចតេជោ ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង។
ក្នុងឱកាសដាក់ឱ្យដំណើរការសេវាអ៊ីនធឺណែតសាធារណៈ (Public Wifi) ឥតគិតថ្លៃ លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្រសួងនឹងគ្រោងដាក់ឱ្យដំណើរការចំនួន3 ទីតាំងបន្ថែមទៀត គឺនៅមុខវត្តបទុម នៅម្តុំវត្តភ្នំ រហូតដល់ក្រសួងប្រៃសណីយ៍ និងនៅមុខក្រុមប្រឹក្សារដ្ឋមន្ត្រី។
លោកត្រាំ អ៊ីវតឹក បន្តថា “សេវាអ៊ីនធឺណែតសាធារណៈ (Public Wifi) យើងអាចពង្រីកក្នុងរាជធានីភ្នំពេញ ថែមទៀត ឬអាចឈានទៅដល់តាមបណ្តាលខេត្តទៀត ហើយយើងនឹងរៀបចំផែនការមួយស្នើទៅរាជរដ្ឋាភិបាល បើសិនជារាជរដ្ឋាភិបាល សម្រេចថា ឱ្យពង្រីកបន្ថែមទៀត យើងនឹងពង្រីកទៅតាមផែនការដែលបានគ្រោងទុក ហើយការតភ្ជាប់មកសាលារៀន ក៏យើងនឹងលើកជាគម្រោងផែនការជាបន្តបន្ទាប់ទៀត”។
គួរបញ្ជាក់ថា ការដាក់ដាក់ឱ្យដំណើរការសេវាអ៊ីនធឺណែតសាធារណៈ (Public Wifi) ឥតគិតថ្លៃនេះ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការប្រើប្រាស់សេវាអ៊ីនធឺណេត ក្នុងអំឡុងពេលស្នាក់នៅលំហែកាយនៅទីសាធារណៈក្នុងរាជធានីភ្នំពេញ និងពង្រីកសក្តានុពលនៃការប្រើប្រាស់សេវាអ៊ីនធឺណេតឱ្យបានទូលំទូលាយ និងផ្តល់ភាពងាយស្រួលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងការសិក្សាមេរៀនថ្មីៗនៅនឹងទីកន្លែងឱ្យបានទាន់ពេលវេលា ងាយស្រួលធ្វើបច្ចុប្បន្នភាពមេរៀន ការផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ កាត់បន្ថយចំណាយអាណាព្យាបាលសិស្សានុសិស្ស ហើយចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងមានសមត្ថភាពជំនាញប្រកបដោយវិជ្ជាជីវៈ។
សូមបញ្ជាក់ថា គម្រោងតភ្ជាប់ប្រព័ន្ធ Wifi សាធារណៈនេះ ជាជំនួយឥតសំណងរបស់ភាគីកូរ៉េ ដែលមានទឹកប្រាក់សរុបចំនួន 400.000ដុល្លារសហរដ្ឋអាមេរិក ផ្តល់ជូនរដ្ឋាភិបាលកម្ពុជា៕