នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ នារីដែលបានសម្លាប់សត្វព្រៃជាច្រើនប្រភេទយកធ្វើជាម្ហូប និងប្តីរបស់នាងដែលជាអ្នកថតនោះ រួចបង្ហោះតាមយូធូប បានចូលសារភាពទោសកំហុសនៅក្រសួងបរិស្ថាន ។
ទាំង២នាក់ប្តីប្រពន្ធ បានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាមយូធូប និងហ្វេសប៊ុក គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។
ក្រោយពីសារភាពទៅសកំហុសរួចហើយ ពួកគេទាំង២នាក់ប្តីប្រពន្ធ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្ត្រីក្រសួងបរិស្ថាន ពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល ខឹងសម្បា និងរិះគន់គ្រប់ៗគ្នា បន្ទាប់ពីនារីរូបស្រស់ម្នាក់ រួមនិងបក្ខពួកបាននាំគ្នាថតវីដេអូឃ្លីប បង្ហាញពីសកម្មភាពសម្លាប់សត្វព្រៃ ដែលជាប្រភេទសត្វកម្រ ជាច្រើនប្រភេទ យកមកធ្វើម្ហូប ដុតអាំង ហូបយ៉ាងឆ្ងាញ់មាត់ រួចថតបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងយូធូប (Youtube) ដើម្បីទទួលបានការចាប់អារម្មណ៍តាមដានទស្សនា ជាថ្នូរនឹងការរកប្រាក់ចំណូលផ្ទាល់ខ្លួន។
នារីវ័យក្មេងដែលកំពុងទទួលរងការរិះគន់ យ៉ាងចាស់ដៃ ពីរឿងសម្លាប់សត្វព្រៃធ្វើម្ហូបនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំប៉ុណ្ណោះ ។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានធ្វើការចែករំលែកតៗគ្នា នូវវីដេអូឃ្លីបនារីរូបស្រស់ខាងលើ ដែលបានធ្វើសកម្មភាពសម្លាប់សត្វព្រៃជាច្រើនប្រភេទ រួចយកមកអាំង ដុត ដោយផ្ទាល់ដៃ បន្ទាប់មក យកមកទទួលទានយ៉ាងឆ្ងាញ់មាត់ ហើយបានថតជាវីដេអូឃ្លីបយកទៅបង្ហោះបញ្ចូលក្នុងយូធូប ដើម្បីឱ្យមនុស្សម្នានៅលើពិភពលោកបានទស្សនា ហើយនៅពេលមានអ្នកចូលមើលច្រើន ចំណូលក៏កើនឡើងតាមនោះដែរ។
តាមរយៈវីដេអូឃ្លីបនីមួយៗ គេសង្កេតឃើញថា សកម្មភាពនេះ ធ្វើឡើងជាក្រុម ដោយមានអ្នកដឹកនាំបញ្ជាអ្នកថតកាមេរ៉ា អ្នករៀបចំទីតាំងសម្រាប់ថត រួមជាមួយនឹងការសម្តែងយ៉ាងល្អរបស់នារីរូបស្រស់ខាងលើ។ ចំណែកទីតាំងទាំងនោះ គេមិនដឹងថា ស្ថិតនៅក្នុងស្រុកខេត្តណានោះទេ រីឯសត្វព្រៃដែលនារីរូបស្រស់រូបនោះ យកមកអាំងហូបនោះ ក៏មិនដឹងថា ពួកនាងដើរបរបាញ់សម្លាប់ដោយផ្ទាល់ដៃនៅកន្លែងណាខ្លះនោះដែរ។
នារីរូបស្រស់ខាងលើ បានបង្ហោះវីដេឃ្លូបីជាច្រើនបង្ហាញពីការសម្លាប់សត្វព្រៃជាច្រើន ប្រភេទ ដូចជា ត្រដក់ ត្រកួត មាន់ទោ ខ្លាត្រី …៘ រួចយកមកធ្វើជាអាហារដោយផ្ទាល់ដៃ ជាច្រើនមុខ ដូចជា ដុត អាំង ស្លម្ជូរគ្រឿង …ជាដើម។
ក្រោយពីបានទស្សនាវីដេអូឃ្លីបខាងលើ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការខឹងសម្បា និងរិះគន់ទៅលើនារីរូបស្រស់ម្នាក់នោះ យ៉ាងចាស់ដៃ ដោយខ្លះបានលើកឡើងថា “សត្វព្រៃមួយប្រភេទ មានឈ្មោះត្រដក់ ដែលជាប្រភេទសត្វកម្រ ជិតផុតពូជ និងទទួលការអភិរក្សពីអាជ្ញាធរនោះ បែរជាត្រូវនាងសម្លាប់ និងយកមកធ្វើជាអាហារដោយផ្ទាល់ដៃទៅវិញ…”, “វាពិតជាមិនគួរសោះ ដែលនារីម្នាក់នេះ មានរូបសម្រស់សមរម្យ តែបែរជាមិនមានខួរក្នុងការគិតបែប នេះសោះ តើសត្វព្រៃទាំងនេះនឹងវិនាស ហិនហោចដោយសារតែស្នាដៃនារីអត់ខួរម្នាក់នេះ ឬអត់?…”, “គេកំពុងអភិរក្សសត្វព្រៃឯងវិញ បានស៊ីសត្វព្រៃហើយបង្ហោះហ្វេសប៊ុកទៀត…”, “អាជ្ញាធរ គួរចាត់វិធានការចំពោះនារីម្នាក់នេះ ផង ចាំមើលតើនារីម្នាក់នេះ អាចទទួលទោស ឬក៏អត់?…”។
ចំណែកហ្វេសប៊ុកឈ្មោះអាចារ្យធំ នគររាជ បានបង្ហោះសារមួយ ដែលមានន័យថា “ទង្វើថតខ្សែរវីដេអូ រកលុយក្នុង YouTube តាមរយៈការសម្លាប់សត្វព្រៃកម្ពុជា បង្ហោះយ៉ាងប្រហ៊ើនមិនខ្លាចច្បាប់។ ពិតជាមហាសែនថោកទាបពេកហើយ!!! ត្រូវតែបញ្ឈប់ជាបន្ទាន់! ខ្ញុំអាចារ្យធំ សូមគោរពជម្រាបក្រសួង មេត្តាចាត់វិធានការលើជនថោកទាបទាំងហ្នឹងអោយខាងតែបាន !!!”៕