ខេត្តសៀមរាប ៖ គ្រោះធម្មជាតិមួយបានធ្វើការវាយប្រហារទៅលើភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប ដោយមានភ្លៀងមួយមេធំ ធ្លាក់មកលាយឡំដោយផ្គររន្ទះ ព្រមទាំងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានបាក់រលំទទួលរង ការខូចខាត ជាមួយនេះ មានបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅកណ្តាលស្រែ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ មិនតែប៉ុណ្ណោះ នៅបានបង្កគ្រោះថ្នាក់ ដល់សត្វគោចំនួន៣ក្បាល និងឆ្កែ១ក្បាលទៀតផង។
គ្រោះធម្មជាតិភ្លៀងលាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលវាយប្រហារទៅលើភូមិសាស្ត្រស្រុកពួកនេះ បានកើតឡើង កាលពី វេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងថា ក្នុងករណីរន្ទះបាញ់បាន បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងសត្វឆ្កែ១ក្បាល ចំណែកម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចត្រពាំងតាអុកទឹក ភូមិគោករាំង ឃុំមុខប៉ែន ស្រុកពួក។ ដោយក្នុងនោះជនរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះវឿន ដុស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្វាហួលន ឃុំមុខប៉ែន ស្រុកពួក (ស្លាប់នៅនឹងកន្លែង) ចំណែកសត្វឆ្កែ១ក្បាលរបស់ជនរងគ្រោះ ក៏ត្រូវរន្ទះបាញ់ងាប់នៅក្បែរម្ចាស់ផងដែរ។ ដោយឡែក ជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះជន នន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ។ បាតុភូតរន្ទះបាញ់នេះបានកើតឡើង ខណៈដែលជនរងគ្រោះទាំង២នាក់ខាងលើ កំពុងដើរឃ្វាលគោ នៅកណ្តាលវាលស្រែ ស្របពេលដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។
របាយការណ៍ដដែលបន្តថា រីឯករណីទី២ មានបាតុភូតរន្ទះបាញ់ បណ្តាលឱ្យសត្វគោចំនួន៣ក្បាលបានងាប់ នៅចំណុចវាលស្រែចម្ងាយពី ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ប្រមាណ១៥០ម៉ែត្រ ដែលម្ចាស់គោមានឈ្មោះ រួន ពោរ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
របាយការណ៍ បានបន្តថា ចំណែកករណីទី៣ ជាករណីខ្យល់កន្ត្រាក់ បានកើតឡើង នៅចំណុចភូមិប្រាសាទ ឃុំព្រៃជ្រូក ស្រុកពួក បណ្តាលឱ្យផ្ទះ១ខ្នង ទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ប្រក់ដំបូលស័ង្កសី កំពស់១,៧០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោ់លាះប លួត ភេទប្រុស អាយុ៥០ឆ្នាំ ធ្លាក់ពីលើជើងតាង និងបណ្តាលឱ្យមនុស្សម្នាក់។
របាយការណ៍ខាងលើ បានបន្ថែមថា ដោយឡែកករណីទី៣ ជាករណីខ្យល់កន្ត្រាក់ បានកើតឡើង នៅចំណុចភូមិស្វាយចន្ទោរ ឃុំព្រៃជ្រូក ស្រុកពួក បណ្តាលឱ្យផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋឈ្មោះបេង លីន ភេទស្រី អាយុ៣៦ឆ្នាំ ទទួលរងការខូចខាតស័ង្កសីចំនួន១០សន្លឹក និងបណ្តាល ឱ្យឈ្មោះទូច ស្រីឡី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិស្វាយចន្ទោរ ឃុំ ព្រៃជ្រូក ស្រុកពួក រងរបួសស្រាល៕