ខេត្តព្រះវិហារ ៖ បុរសម្នាក់បានកំពុងតែបើកត្រាក់ទ័រភ្ជួរដីចម្ការសុខៗ ស្រាប់តែជួបគ្រោះអកុសល ប៉ះចំគ្រាប់មីនដែលកប់ក្នុងដីបន្សល់ ទុកតាំងពីពីសម័យសង្គ្រាម១គ្រាប់ បង្កឱ្យផ្ទុះកក្រើកដី បណ្តាលឱ្យបុរសរងគ្រោះជាអ្នកបើកត្រាក់ទ័រ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅ នឹងកន្លែងកើតហេតុ និងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកនៅក្បែរខាង រួមទាំងសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៍បើកត្រាក់ទ័រភ្ជួរដីប៉ះគ្រាប់មីនផ្ទុះកក្រើកនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងកើត វរៈ៣៩៣ ចំងាយ៣០០ម៉ែត្រ ពីភូមិរុងរឿង២ ស្ថិតក្នុងឃុំមរកត់ ស្រុកជាំក្សាន្ត។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះវែន វួន អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបានមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដើម្បីប្រកបរបរធ្វើស្រែចម្ការ។
លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកត្រាក់ទ័រ ម៉ាកគូបូតា ទៅភ្ជួរដីនៅកន្លែងកើតហេតុ ស្របពេលកំពុងភ្ជួរសុខៗ ស្រាប់តែត្រាក់ទ័របានកិនគ្រាប់មីន១គ្រាប់ ដែលកប់ក្នុងដី បណ្តាលឱ្យផ្ទុះ កក្រើកដីឡើង ធ្វើឱ្យជនរងគ្រោះផ្លោងធ្លាក់ពីលើត្រាក់ទ័រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯត្រាក់ទ័រវិញ រងការខូចខាតផ្នែក ខាងក្រោយស្ទើរទាំងស្រុង។
លោកវរសេនីយ៍ត្រី ឱ សេង បានបន្តថា ដោយផ្អែកតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បាននិយាយឱ្យដឹងថា ទីតាំងដី នេះកាលពីប៉ុន្មានឆ្នាំមុន មានករណីផ្ទុះគ្រាប់មីនដែលកប់ក្នុងដីបន្សល់ទុកតាំងពីសម័យសង្គ្រាមម្តងរួចមកហើយ ខណៈកំពុងតែកំពុងភ្ជួរដីដូចគ្នា។ តែថ្ងៃនេះបានផ្ទុះម្តងទៀត គឺផ្ទុះខ្លាំងជាងមុនបានបណ្តាលឱ្យស្លាប់មនុស្សម្នាក់ស្លាប់ផងដែរ។
ក្នុងករណីនេះលោកអធិការស្រុក សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង គ្រោះថ្នាក់ជាយថាហេតុណាមួយបានកើតឡើងដូចករណីនេះ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ រួមនឹងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងបានលើកយកសាកសពជនរងគ្រោះត្រឡប់មកផ្ទះ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕