Monday, October 13, 2025
Homeព័ត៌មានជាតិម៉ែរវល់ ប្រើកូនស្រីដាំបាយ ឆេះផ្ទះម៉ត់

ម៉ែរវល់ ប្រើកូនស្រីដាំបាយ ឆេះផ្ទះម៉ត់

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ត្រូវបានម្តាយប្រើឱ្យដាំបាយហូប លុះកូនស្រីដាក់ដាំបាយរួច រវល់តែចេញទៅរត់លេងនៅខាងមុខផ្ទះ ដោយភ្លេចត្រឡប់មកមើលភ្លើងបាយ ក៏បណ្តាលឱ្យកំទេចអុសធ្លាក់ចេញពីចង្ក្រាន ប៉ះនឹងជញ្ជាំង ក្លាយជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងម៉ត់ ក្លាយ ជាផេះផង់ត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចឃុំដា ស្រុកកំពង់លែង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះក្លាយជាផេះផង់នេះ ជាកម្មសិទ្ធិរបស់ឈ្មោះវ៉ រ៉ា និងមានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ប្រក់ដំបូងស័ង្កសី បាំងជញ្ជាំងស្លឹក។

តាមសម្តីស្ត្រីជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ ដោយសារតែគាត់និងប្តី រវល់ការងារពេក ទើបគាត់បានប្រើឱ្យកូនស្រីម្នាក់ទៅដាក់ដាំបាយហូប ព្រោះកន្លងមកកូនស្រីនេះចេះដាំបាយ ជំនួសដៃជើងពួកគាត់បាន និងមិនធ្លាប់មានបញ្ហាអ្វី កើតឡើងនោះទេ។

ស្ត្រីជាម្តាយរូបនេះ បន្តថា លុះដាក់ដាំបាយរួចហើយ កូនស្រីរបស់គាត់ បានរត់ទៅលេងនៅខាងមុខផ្ទះ ដោយមិនបានមកអង្គុយចាំមើល ភ្លើងបាយនោះទេ ជាហេតុធ្វើឱ្យកំទេចភ្លើងអុស បានប៉ើងចេញពីជើងក្រានទៅប៉ះនឹងជញ្ជាំង បណ្តាលឱ្យឆាបឆេះផ្ទះទាំងមូលតែម្តង។

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ បានទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចមូលដ្ឋាន និងបានទាក់ទងបន្តទៅរថយន្តពន្លត់អគ្គិភ័យ របស់ស្រុកកំពង់លែង ដើម្បីឱ្យមកជួយអន្តរាគមន៍ដែរ ប៉ុន្តែដោយសារតែតំបន់រងគ្រោះនៅដាច់ស្រយាល មានចំងាយផ្លូវឆ្ងាយពេក ទើបទម្រាំតែ រថយន្តពន្លត់អគ្គិភ័យមកដល់ ភ្លើងបានឆេះផ្ទះទាំងមូល ខ្ទេចគ្មានសល់ទៅហើយ។ យ៉ាងណាក្តី រថយន្តពន្លត់អគ្គិភ័យ ក៏បានជួយបាញ់ទឹកអស់ចំនួន ១រថយន្តផងដែរ ដើម្បីពន្លត់ភ្លើង និងជួយទប់ស្កាត់កុំឱ្យឆេះរាលដាលទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

ក្រុមគ្រួសារដែលរងគ្រោះភ្លើងឆេះផ្ទះខាងលើនេះ ជាគ្រួសារក្រីក្រ មានកូនច្រើន ជួបការលំបាកក្នុងជីវភាពយ៉ាងខ្លាំង លុះពេលនេះត្រូវ អគ្គិភ័យឆេះផ្ទះអស់គ្មានសល់ថែមទៀត មិនដឹងជាត្រូវរំពឹង សង្ឃឹមទៅលើអ្វីនោះទេ ហេតុនេះ ក៏មានការអំពាវនាវដល់សប្បុរសជន មេត្តា ជួយឧបត្ថម្ភស្រោចស្រង់សង្គ្រោះដល់ក្រុមគ្រួសារទុរគតនេះផង៕

RELATED ARTICLES