ខេត្តសៀមរាប ៖ បុរសម្នាក់ ព្រោះតែផ្ទុះកំហឹង នឹងរឿងថៅកែជនជាតិចិនរបស់ខ្លួន២នាក់ ជំពាក់ប្រាក់ខែមិនព្រមបើកឱ្យ និងចេះតែ កុហកម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ រកពាក្យពិតមិនឃើញ ក៏បានធ្វើសកម្មភាពទាញកាំបិត កាប់ប្រហារទៅលើថៅកែចិនទាំង២នាក់ជាច្រើន កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាមជាប់នឹងចិញ្ចើមថ្នល់ ចំណែកជនដៃដល់ក៏ទទួលរងរបួសដែរ។
ករណីកូនឈ្នួលកាប់ថៅកែខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យដែលកាប់ប្រហារថៅកែចិនរបស់ខ្លួន មានឈ្មោះសុក សុភា អាយុ៣១ឆ្នាំ មុខរបរតៃកុងរថយន្តឱ្យជនរងគ្រោះជនជាតិចិន។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះ Lu Kai ភេទប្រុស អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E20117951 មុខរបរលក់ ស្ករគ្រាប់ និងគ្រាប់ផ្កាឈូករ័ត្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងទី២-ឈ្មោះ SHI SHOU ZHENG ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ស្ករគ្រាប់ និងគ្រាប់ផ្កាឈូករ័ត្ន កំពុងសម្រាកព្យាបាលនៅគ្លីនិកសឹង រិទ្ធិម៉េត។ ជនរងគ្រោះទាំង២នាក់ខាងលើ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យជាជនជាតិខ្មែរខាងលើ បានកើតមានរឿង ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាជាមួយនឹងបុរសជនជាតិចិនទាំង២នាក់ ដោយគេមិនដឹងថា រវាងភាគីទាំងពីរមានរឿងអ្វីនឹងគ្នានោះទេ គ្រាន់តែ ដឹងថា ជនសង្ស័យគឺជាអ្នកបើកបររថយន្តឱ្យជនជាតិចិនទាំង២នាក់នោះ។ លុះក្រោយពីផ្ទុះជំលោះក្តៅស្លឹកត្រចៀក ជនសង្ស័យក៏បានទាញ កាំបិត ស្ទុះចូលទៅកាប់ប្រហារទៅលើជនជាតិចិនទាំង២នាក់ ទាំងកំរោល បណ្តាលឱ្យត្រូវជាច្រើនកាំបិត រងរបួសធ្ងន់តែម្តង។ ចំណែកជនសង្ស័យ ដោយ សារតែមានការប្រតាយប្រតប់គ្នាជាមួយជនជាតិចិនទាំង២នាក់ខាងលើ ទើបធ្វើឱ្យខ្លួនឯងក៏មានរបួសផងដែរ។
ក្រោយកើតហេតុ បុរសជនជាតិចិនម្នាក់ ដែលរងរបួសធ្ងន់ជាងគេ បានរត់ទៅដេកដួលក្នុងថ្លុកឈាមជាប់នឹងចិញ្ចើមផ្លូវ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកដំណើរ ចោមរោម មើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនដៃដល់នាំយកទៅសាកសួរ។ បន្ទាប់មកក៏ចាត់បញ្ជូន ជនរងគ្រោះទាំង២នាក់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសុក សុភា បានឆ្លើយសារភាពថា មូលហេតុដែលនាំឱ្យរូបគេកាប់ប្រហារថៅកែជនជាតិចិន ទាំង២នាក់នេះ គឺដោយសារតែរូបគេមានការខឹងសម្បានឹងជនជាតិចិននេះ ដែលចេះតែកុហកខ្លួនជាច្រើនលើកច្រើនសារពីរឿងប្រាក់ខែ។ តាមពិត ជនជាតិចិននេះគឺជាថៅកែរបស់ខ្លួន តែបានជំពាក់ប្រាក់ខែខ្លួនជាច្រើនខែមកហើយ មិនព្រមសងសោះ ដោយចេះតែសន្យា ម្តងថាថ្ងៃនេះ ម្តងថាថ្ងៃ នោះ រកពាក្យពិតមិនឃើញ រហូតដល់រូបគេទប់កំហឹងមិនបាន ក៏កើតមានរឿងបែបនេះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាប រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ ការបន្តតាមនីតិវិធី៕