Monday, October 13, 2025
Homeព័ត៌មានជាតិជម្លោះដណ្តើមកន្ត្រៃ ប្តីជ្រុលដៃចាក់ខ្លួនឯ៝ងស្លាប់ សមត្ថកិច្ចឃាត់ខ្លួនប្រពន្ធ

ជម្លោះដណ្តើមកន្ត្រៃ ប្តីជ្រុលដៃចាក់ខ្លួនឯ៝ងស្លាប់ សមត្ថកិច្ចឃាត់ខ្លួនប្រពន្ធ

ភ្នំពេញ ៖ ករណីប្តីប្រពន្ធផ្ទុះជំលោះឈានដល់អំពើហិង្សា រហូតមានការប្រទាញប្រទង់ដណ្តើមកន្ត្រៃគ្នា ទីបំផុត ស្ត្រីជាប្រពន្ធដែលកាន់ខាងដងកន្ត្រៃព្រលែងដៃ ធ្វើឱ្យបុរសជាប្តីកាន់ផ្លែកន្ត្រៃជ្រុលដៃចាក់ចំគល់ដោះខ្លួនឯង បណ្តាលឱ្យកកឈាមស្លាប់ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ នោះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីជាប្រពន្ធ នាំយកទៅសាកសួរ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

ស្ត្រីជាប្រពន្ធដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអឿន គឹមអាន អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ និងទើបសម្រាលកូនខ្ចីបាន៣ខែកន្លះប៉ុណ្ណោះ។ ចំណែកបុរសជាប្តីដែលជ្រុលដៃចាក់ខ្លួនឯង ១កន្ត្រៃ ធ្លុះដោះស្លាប់នេះ មានឈ្មោះអៀង ជីវ៉ា ហៅពែន អាយុ២៥ឆ្នាំ មុខរបរកម្មករនៅសិប្បកម្មផលិតនំបញ្ចុក មានស្រុកកំណើតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅបន្ទប់ជួលលេខ១ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ឈឹម ប៊ុនរ័ត្ន អធិការស្តីទីនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ (សព) បានត្រឡប់ពីផឹកស៊ីស្រវឹង លុះមកដល់បន្ទប់ជួលកើតហេតុខាងលើ ស្ត្រីសង្ស័យជាប្រពន្ធជនរងគ្រោះបានឈររអ៊ូដាក់ជនរងគ្រោះថា “ឪវាឯង កុំផឹកស៊ីច្រើនពេក ដេកឱ្យច្រើនទៅខ្លាចឈឺ ព្រោះមានតែឪវាឯងម្នាក់ទេ ជាអ្នករកលុយចិញ្ចឹមគ្រួសារ បើឯងឈឺទៅបានអ្នកណារកមកចិញ្ចឹមប្រពន្ធកូន” បន្ទាប់មក ជនរងគ្រោះក៏បានបិទភ្លើងចូលដេកក្នុងមុងជាមួយជនសង្ស័យ ដោយបានដាក់កូនស្រីអាយុ៣ខែកន្លះ នៅចន្លោះកណ្តាល។ បន្ទាប់មកជនសង្ស័យក៏បានរអ៊ូដាក់ជនរងគ្រោះជាប្តីដដែលៗ ជាហេតុធ្វើឱ្យជនរងគ្រោះខឹង ក៏បានទាញយកកូនកន្ត្រៃ ដែលដាក់នៅលើក្បាលដំណេករបស់កូនស្រី កាន់នៅនឹងដៃ។ ពេលជនសង្ស័យ ឃើញដូចនេះក៏បានស្ទុះទៅចាប់យកកន្ត្រៃពីដៃជនរងគ្រោះមកវិញ ហើយក៏មានការប្រទាញប្រទង់គ្នាទៅវិញទៅមក រួចស្រាប់តែជនរងគ្រោះក៏បានស្រែកហៅជនសង្ស័យថា អាន (អឿន គឹមអាន) ជួយខ្ញុំផង ហើយជនសង្ស័យក៏បានស្រែកឱ្យឈ្មោះអឿន គឹមអេង ភេទស្រី អាយុ១៩ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ខ្លួន ឱ្យបើកភ្លើង រួចក៏ឃើញឈាមបាញ់ចេញពីក្រោមដោះខាងឆ្វេងរបស់ជនរងគ្រោះយ៉ាងខ្លាំង។ បន្ទាប់មកជនសង្ស័យក៏បានស្រែកហៅអ្នកជិតខាង និងទូរស័ព្ទហៅកង់បីដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ តែភ្លាមៗនោះក្រុមគ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះពុំបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមទេ។ លុះដល់វេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃដដែល ទើបសមត្ថកិច្ចទទួលព័ត៌មានករណីខាងលើ តាមរយៈប្រជាពលរដ្ឋដែលរស់នៅជិតខាង ហើយសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការបំភ្លឺសាក្សី ប្រមូលវត្ថុតាង (កូនកន្ត្រៃដងជ័រពណ៌ខៀវ) ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។

លោកអធិការស្តីទី បានបន្តថា ក្រោយមកសមត្ថកិច្ចយើងក៏បានរាយការណ៍ទៅការិយាល័យបច្ចេកទេស និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ គ្រូពេទ្យតុលាការ ឱ្យចុះមកសហការធ្វើកោសល្យវិច័យលើសព ឃើញមានស្នាមមុត ចំនួន២កន្លែង ១-មុតក្រោមដោះខាងឆ្វេងមុតធ្លុះចូលទៅខាងក្នុងមួយកន្លែង ២-មុតឆូតត្រង់គន្លាក់ដៃខាងឆ្វេងមួយកន្លែង។ ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចយើងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានមុតកន្ត្រៃចំក្រោមដោះខាងឆ្វេងចូលជ្រៅទៅខាងក្នុង បណ្តាលឱ្យស្លាប់ប្រាកដមែន។ ហើយសមត្ថកិច្ចយើងក៏បានប្រគល់សពជនរងគ្រោះឱ្យទៅឈ្មោះអៀង ម៉ាន ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តព្រៃវៃង។ ចំពោះករណីខាងលើនេះម្តាយបង្កើត និងសាច់ញាតិរបស់ជនរងគ្រោះ ពុំមាននរណាម្នាក់ធ្វើការប្តឹងផ្តល់ទេ។

បច្ចុប្បន្នស្ត្រីសសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចផ្ទះជួលក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបុរសម្នាក់បន្ទាប់ពីផឹកស្រវឹង បានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រួចបានទាញកន្ត្រៃបម្រុងចាក់ប្រពន្ធ តែត្រូវប្រពន្ធប្រទាញប្រទង់ជាប់ លុះពេលប្រពន្ធលែងដៃ បុរសជាប្តីដែលកាន់ខាងផ្លែកន្ត្រៃ បានជ្រុលដៃចាក់ខ្លួនឯងចំគល់ដោះ បណ្តាលឱ្យកកឈាមស្លាប់យ៉ាងអាណោចអាធ័ម។

 

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ រួចក៏ត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវប្រពន្ធដែលទើបតែសម្រាលកូនខ្ចីបាន៣ខែកន្លះ ស្តីបន្ទោសរឿងដើរផឹកស៊ី មិនជួយការងារផ្ទះ អាណិតអាសូរដល់ប្រពន្ធដែលកំពុងកូនខ្ចី ស្រាប់តែធ្វើឱ្យបុរសជាប្តីខឹងពេក ក៏ស្ទុះទៅយកកន្ត្រៃពីក្នុងផ្ទះបំណងចាក់ទៅលីប្រពន្ធ ភ្លាមនោះ ស្ត្រីជាប្រពន្ធបានឃើញ ក៏ស្ទុះចូលទៅដណ្តើមកន្ត្រៃជាមួយប្តី ដោយប្រពន្ធកាន់ជាប់ខាងដង ចំណែកប្តីកាន់ជាប់ខាងផ្លែ លុះប្រទាញប្រទង់គ្នាចុះឡើង ស្ត្រីជាប្រពន្ធក៏ព្រលែងដៃ ទើបបណ្តាលឱ្យបុរសជាប្តីជ្រុលដៃចាក់ខ្លួនឯង១កន្ត្រៃចុងស្រួច ចំគល់ដោះខ្លួនឯង បណ្តាលឱ្យមុតយ៉ាងជ្រៅហូរឈាមមិនឈប់ រងរបួសធ្ងន់។

ក្រោយកើតហេតុ ភ្លាមៗស្ត្រីជាប្រពន្ធបានស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងបាននាំគ្នាដឹកបញ្ជូនប្តីតាមរ៉ឺម៉កម៉ូតូកង់បីទៅសង្គ្រោះនៅគ្លីនិកម្តុំភូមិឫស្សី លុះទៅដល់គ្រូពេទ្យឃើញស្ថានភាពជនរងគ្រោះធ្ងន់ពេក មិនហ៊ានទទួល ក៏សម្រេចដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ប៉ុន្តែអកុសល ពេលដឹកបានត្រឹមពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង តែដោយស្ត្រីជាប្រពន្ធមិនទាន់អស់ចិត្ត ក៏ដឹករហូតដល់មន្ទីរពេទ្យ និងត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបប្រពន្ធអស់ចិត្ត៕

RELATED ARTICLES