ខេត្តព្រះសីហនុ ៖ បុរស២នាក់ បានអង្គុយផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹង ក៏ចាប់ផ្តើមនឹកឃើញគំនុំចាស់ កាលពីជាង១ឆ្នាំមុន ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់ភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទៅដាល់គូទំនាស់២ដៃចំផ្ទៃមុខ ទើបធ្វើឱ្យភាគីម្ខាងទៀតខឹងទាញកូនកាំបិតសម្រាប់ទុកហាន់មឹកក្លែម ចាក់ប្រហារសងវិញ ចំដើមទ្រូង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
ករណីឃាតកម្មខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផែដីខ្សាច់ (ទំនប់រលកចាស់) ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនសង្ស័យជាឃាតករ មានឈ្មោះឆាយ រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរជួសមង សព្វថ្ងៃស្នាក់នៅក្រុមទី២៦ ភូមិ៣ទំនប់រលកចាស់ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ចំណែកជនរងគ្រោះ មានឈ្មោះធា ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបរអ្នកបើកទូកនេសាទ បច្ចុប្បន្នស្នាក់ នៅតាមទូក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក កាលពីរយៈពេលជាង១ឆ្នាំមុន ជនរងគ្រោះ និងជនសង្ស័យធ្លាប់បានកើតមាន ទំនាស់នឹងគ្នាម្តងរួចមកហើយ ពីរឿងស៊ីឈ្នួលធ្វើរបងដីឡូតិ៍ឱ្យគេ រហូតធ្វើឱ្យកើតមានគំនុំក្នុងចិត្តរៀងៗខ្លួន។ លុះមកដល់ថ្ងៃកើតហេតុ ជនរង គ្រោះ និងជនសង្ស័យ បានអង្គុយផឹកស៊ីក្លែមមឹកជាមួយគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពេលស្រវឹងស្រឿងៗ ក៏ចាប់ផ្តើមជជែកគ្នាដល់ រឿងស៊ីឈ្នួលធ្វើរបងដីឡូត៍កាលពី១ឆ្នាំមុន រហូតក្លាយទៅជាជំលោះបង្កហិង្សាតែម្តង ដោយក្នុងនោះជនរងគ្រោះ បានស្ទុះទៅដាល់ចំផ្ទៃមុខ ជនសង្ស័យ២ដៃមុន ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ទាញកូនកាំបិតចុងស្រួច ចាក់ប្រហារទៅលើជនរងគ្រោះវិញ បណ្តាលឱ្យធ្លាយទ្រូង រងរបួស ធ្ងន់ និងត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង កូន កាំបិតចុងស្រួច ដងឈើ១ ដែលជាអាវុធរបស់ជនសង្ស័យប្រើសម្រាប់ធ្វើសកម្មភាពចាក់ប្រហារជនរងគ្រោះ។ បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឆាយ រ៉ា បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានចាក់ប្រហារជនរងគ្រោះ១កាំបិត មែន មូលហេតុ ដោយសារតែផឹកស្រាស្រវឹង ផ្ទុះជំលោះរឿងចាស់។
ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ ក្រោយពីផឹកស្រាស្រវឹង ខ្លួន និងជនរងគ្រោះ បានជជែកគ្នាពីរឿងស៊ីឈ្នួលធ្វើ របងដីឡូតិ៍ឱ្យគេ កាលពីជាង១ឆ្នាំមុន ទើបធ្វើឱ្យផ្ទុះគំនុំចាស់ឡើង ហើយភ្លាមនោះជនរងគ្រោះបានស្ទុះមកដាល់ខ្លួនមុន២ដៃត្រូវចំផ្ទៃមុខ ទើបខ្លួនទប់កំហឹងមិនបាន ក៏ទាញកូនកាំបិតសម្រាប់ហាន់មឹកក្លែម ចាក់ចំទ្រូងខាងស្តាំរបស់ជនរងគ្រោះតែម្តងទៅ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕