Monday, October 13, 2025
Homeព័ត៌មានជាតិបុរសប្រមឹក ទាញកាំបិតដេញកាប់យាយអាយុ៧៦

បុរសប្រមឹក ទាញកាំបិតដេញកាប់យាយអាយុ៧៦

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏បានរករឿងបង្កជំលោះជាមួយអ្នកជិតខាង រហូតឈានដល់ការប្រើអំពើ ហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាងបណ្តាលឱ្យរងការខូចខាតអស់ជាច្រើន  និងថែមទាំងបានទាញកាំបិតប៉័ងតោដេញកាប់លោកយាយ អាយុ៧៦ឆ្នាំម្នាក់ទាំងកំរោលទៀតផង តែសំណាងល្អត្រូវបានអ្នកជិតខាងជួយឃាត់ទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះចាប់វ៉ៃខ្នោះ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន។

ជនប្រមឹកដែលបង្កហិង្សាផ្អើលពេញភូមិ រហូតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះនេះ មានឈ្មោះអំ សំនិត ហៅណុយ ហៅប៉ាចេ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអង្គប្រាសាទ សង្កាត់ច្បារមន ក្រុងច្បារមន។ ចំណែកលោកយាយរងគ្រោះដែលត្រូវជនសង្ស័យចិត្តិ កំណាចខាងលើទាញកាំបិតដេញកាប់ មានឈ្មោះនូ វ៉ន អាយុ៧៦ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើមិនដឹងជាផឹកស្រាស្រវឹងមកពីណា ក៏បានមករករឿងឈ្លោះប្រកែកជាមួយអ្នកជិតខាង បន្ទាប់មកក៏បានធ្វើសកម្មភាពវាយបំផ្លាញទ្រព្យរបស់ឈ្មោះរឹន រស្មី ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន បណ្តាលឱ្យខូចខាតកញ្ចក់ទ្វារផ្ទះ១ផ្ទាំង ពាងទឹកចំនួន៦ ទូដាក់បារីចំនួន១ ទូដាក់ចានឆ្នាំងចំនួន១ ដបដាក់សាំងពេញចំនួន៨ដប និងទាញធុងក្លាស្សេបោកបណ្តាលឱ្យខូចខាតឥវ៉ាន់អស់។

ប្រភពដដែលបន្តថា ក្រោយពីវាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកជិតខាង បណ្តាលឱ្យខូចខាតខ្ទេចអស់ហើយ ជនសង្ស័យនៅមិនទាន់ រំសាយកំហឹងអស់ ក៏ស្រាប់តែស្ទុះរត់ទៅទាញកាំបិតប៉័ងតោដេញកាប់លោកយាយ នូ វ៉ន ដែលមានអាយុ៧៦ឆ្នាំទៅហើយ ធ្វើឱ្យលោកយាយ ភ័យស្លន់ស្លោ រត់គេចខ្លួនស្រែកហៅគេជួយ និងត្រូវបានអ្នកជិតខាងជួយទាន់ពេលវេលា ទើបមិនបណ្តាលឱ្យលោកយាយទទួលរងរបួស។

ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មកជនសង្ស័យបានទៅធ្វើសកម្មភាពនៅផ្ទះរបស់ឈ្មោះសឺន ថានឿន ភេទស្រី អាយុ៣៨ឆ្នាំ បន្ថែមទៀត ដោយបានវាយបំផ្លាញដបដាក់សាំងពេញអស់ចំនួន៣ដបទៀត រហូតដល់ប្រជាពលរដ្ឋទ្រាំនឹងទង្វើឃោរឃៅរបស់ជនសង្ស័យខាងលើ តទៅទៀតមិនបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យចុះ មកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍រកាធំ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់វាយខ្នោះជនសង្ស័យ នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES