Monday, October 13, 2025
Homeព័ត៌មានជាតិព្រះសង្ឃតខ្សែភ្លើងសាកមេក្រូ ឆ្លងចរន្តអគ្គិសនី ឆក់ឆេះខ្លោចព្រះកាយ

ព្រះសង្ឃតខ្សែភ្លើងសាកមេក្រូ ឆ្លងចរន្តអគ្គិសនី ឆក់ឆេះខ្លោចព្រះកាយ

ខេត្តកំពង់ចាម ៖ ព្រះសង្ឃមួយអង្គ បានរៀបចំតបណ្តាញចរន្តអគ្គិសនី ដើម្បីសាកមេក្រូនៅក្នុងវត្ត ប៉ុន្តែដោយសារតែមិនមាន ជំនាញ ត្រឹមត្រូវ ទើបបណ្តាលឱ្យភ្លាត់ស្នៀត ធ្វើឱ្យឆ្លងចរន្តអគ្គិសនីឆក់ឆេះព្រះកាយខ្លោច សុគតយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៧និងិ២៩នាទី ព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តឈូក មានទីតាំងស្ថិតក្នុងឃុំគោករវៀង ស្រុកជើងព្រៃ។

ព្រះសង្ឃរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ឆេះព្រះកាយសុគត មានព្រះនាម សែម ចេវ ព្រះជន្ម៤៤វស្សា គង់នៅវត្តឈូក ស្ថិតក្នុង ភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញព្រះសង្ឃរងគ្រោះខាងលើ បានរៀបចំតខ្សែភ្លើង ដើម្បី សាកមេក្រូនៅក្នុងវត្ត លុះបន្តិចក្រោយមក មិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញព្រះអង្គបានដួលផ្កាប់មុខទៅលើដី ទើបមានការភ្ញាក់ផ្អើល ថាព្រះ សង្ឃអង្គនេះ ត្រូវចរន្តអគ្គិសនីឆក់ ក៏នាំគ្នារត់ទៅបិទបារ៉ែតភ្លើង រួចស្ទុះទៅលើកព្រះអង្គផ្ងារមកវិញ ស្រាប់តែប្រទះឃើញ ព្រះកាយត្រូវបាន ឆេះខ្លោច តាំងពីបបូរមាត់ រហូតដល់ដើមទ្រូង សុគតបាត់ទៅហើយ ទើបធ្វើឱ្យមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយ អន្តរាគមន៍។

ប្រភពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោករវៀង បានទទួលព័ត៌មានពីលោក សាន ទ្រី មេឃុំគោករវៀង ថា មានព្រះសង្ឃ១អង្គ គង់នៅវត្តឈូក បានសុគត ដោយសារតែត្រូវចរន្តអគ្គិសនីឆក់នៅក្នុងវត្ត។ ភ្លាមនោះ សមត្ថកិច្ចបានចុះ ទៅដល់ទីតាំងកើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព ឃើញថា សាកសព មានសភាពឆេះខ្លោចរាងកាយ និងមានព្រីខ្សែភ្លើង នៅក្បែរនឹងសាកសពផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះជាសង្ឃពិតជាសុគត់ដោយឆក់ខ្សែភ្លើងប្រាកដមែន។

សាកសពព្រះសង្ឃរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យព្រះសង្ឃនៅក្នុងវត្តឈូក ដើម្បីចាត់ចែងរៀបចំពិធីបុណ្យតាមប្រពៃណី៕

RELATED ARTICLES