ខេត្តក្រចេះ ៖ យុវជនស្រេកឃ្លានតណ្ហាម្នាក់ ឃើញនារីម្នាក់កំពុងអង្គុយនិយាយទូរស័ព្ទតែម្នាក់ឯងនៅកន្លែងស្ងាត់ ក៏បែកគំនិតស្ទុះចូលទៅចាប់ខ្ទប់មាត់អូសនារីរងគ្រោះចូលទៅក្នុងព្រៃប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយសារតែនារីរងគ្រោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាងមកជួយទាន់ពេល ធ្វើឱ្យជនសង្ស័យភ័យរត់គេចខ្លួនបាន១យប់ ក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរកឃើញ ចាប់វាយខ្នោះ យកមកចាត់ការតាមច្បាប់។
ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចសាលាចិន ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនិត ទ្បូយ ហៅឆ្លូញ អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានអាយុ២៦ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នាងបានដើរទៅអង្គុយនិយាយទូរស័ព្ទនៅចំណុចសាលាចិនតែម្នាក់ឯង។ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យខាងលើ បានដើរលបៗចេញពីក្រោយសាលាចិន រួចមកចាប់ខ្ទប់មាត់របស់នាង អូសប្រទាញប្រទង់ចូលទៅក្នុងព្រៃខាងក្រោយសាលា បំណងចាប់រំលោភ ប៉ុន្តែ ភ្លាមនោះនាងបានព្យាយមរើបម្រះផង ស្រែកហៅឱ្យគេជួយផង ទើបធ្វើឱ្យលាន់ឮដល់អ្នកជិតខាងស្ទុះចេញមកជួយទាន់ពេល និងធ្វើឱ្យជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់តែម្តង។
នារីរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នាងក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំស្នួល ព្រោះតែនាងបានស្គាល់មុខជនសង្ស័យយ៉ាងច្បាប់។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះនិត ឡូយ ហៅឆ្លូញ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំស្នួល។
នៅចំពោះមុខសមត្ថកិច្ច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕