Monday, October 13, 2025
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ ចម្រើន និង វិនាស

បរិយាយថ្ងៃនេះ ៖ ចម្រើន និង វិនាស

គាថា “ស្រីហិតោបទេស” ភាគទី៤ ស្តីពី “សន្តិភាព” ទំព័រ៧ កថាខណ្ឌទី៩ បានសរសេរថា “អ្នកប្រាជ្ញ កាលគិតដល់សេចក្តីចម្រើនហើយ ត្រូវគិតដល់សេចក្តីវិនាសផង កុកល្ងង់ គិតឃើញសេចក្តីចម្រើនតែម៉្យាង ត្រូវស្ការស៊ីកូនខ្មុក” មានខ្លឹមសារអប់រំមនុស្សគ្រប់ជាតិសាសន៍ គ្រប់មុខរបរ ជាពិសេសអ្នកនយោបាយ បើគិតតែសេចក្តីចម្រើន ដោយមើលមិនឃើញដល់សេចក្តីវិនាស នាំឱ្យរងគ្រោះដល់ជាតិមាតុភូមិ។ ខណៈដែលបក្សកាន់អំណាច រួមទាំងបក្ស១៩ប្លាយទៀត កំពុងត្រៀមប្រកួតគ្នាលើសង្វៀនប្រជាធិបតេយ្យ រីឯអតីតបក្សប្រឆាំង អំពាវនាវឱ្យធ្វើពហិការ និងស្នើឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានោះ កំពុងដើរស្រប “ចម្រើន និងវិនាស” នេះហើយ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សម័យវិទ្យាសាស្ត្រជឿនលឿននេះ គេចូលចិត្តតែប្រើឧបករណ៍ស្រាវជ្រាវទាន់សម័យ ដូចជាការលេងអ៊ីនធើរណេត ជាដើម មិនសូវមានអ្នកគាស់កកាយស្រាវជ្រាវឯកសារក្នុងបណ្ណាល័យនោះទេ។ តាមពិតទៅ រាល់អក្សរសិល្ប៍ ក្បួនតម្រាដែលចារទុកក្នុងសៀវភៅ នៅតែមានតម្លៃមហាសាល បើចេះយកមកសិក្សាទុកជាគតិទូន្មានខ្លួន។ ចំពោះកថាខណ្ឌ “ស្រីហិតោបទេស” និពន្ធដោយអ្នកប្រាជ្ញជាតិឥណ្ឌា ឈ្មោះ “នារាយណបណ្ឌិត” និងបកប្រែចេញពីភាសាសំស្ក្រឹត ដោយ “ព្រះវីរិយបណ្ឌិតោ ប៉ាង ខាត់” ជាអ្នកប្រាជ្ញព្រះសង្ឃខ្មែរ ថា “អ្នកប្រាជ្ញ កាលគិតដល់សេចក្តីចម្រើន ត្រូវគិតដល់សេចក្តីវិនាសផង” បើវិភាគឱ្យល្អិតល្អន់សំដៅដល់បក្សកាន់អំណាច (CPP) ដែលសម្បូរធនធានមនុស្ស មានបណ្ឌិតបញ្ញវន្តរាប់ពាន់នាក់ ជាពិសេស ទីប្រឹក្សារាជរដ្ឋាភិបាលម្នាក់ៗ សុទ្ធតែមានឋានៈជាបណ្ឌិត។ បន្ទាប់ពីមានការប្តឹងផ្តល់ រហូតដល់តុលាការកំពូលចេញសាលក្រមស្ថាពរ រំលាយគណបក្សសង្គ្រោះជាតិ (CNRP) ចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្ស ដាក់គុក បំភ័យលោកសម រង្ស៊ី ឱ្យរត់ចោលស្រុក និងដកសិទ្ធិអតីតមន្ត្រីប្រឆាំង ១១៨នាក់ មិនឱ្យធ្វើនយោបាយ៥ឆ្នាំមក គឺស្របនឹង “អ្នកប្រាជ្ញគិតដល់សេចក្តីចម្រើន” នោះហើយ។ បក្សកាន់អំណាច មើលឃើញសេចក្តីចម្រើន មានជាអាទិ៍ អស់គូប្រកួតប្រដមប្រសងគ្នាលើសង្វៀនប្រជាធិបតេយ្យ អស់អ្នកប្រឆាំងស្របច្បាប់ក្នុងរដ្ឋសភា បានទទួលជំនួយបន្តពីប្រទេសចិន ពង្រឹងកម្លាំងបក្សឱ្យខ្លាំងឡើងវិញ ជាពិសេស បានរៀបចំការបោះឆ្នោត ដែលសង្ឃឹមឈ្នះភ្លូកទឹកភ្លូកដី៘ សេចក្តីចម្រើនទាំងអម្បាលម៉ាននេះ បក្សកាន់អំណាចមើលឃើញច្បាស់ណាស់ ដោយប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែ កថាខណ្ឌថា “ត្រូវគិតដល់សេចក្តី វិនាសផង” ជាបរិបទផ្ទុយគ្នា ដែលមិនអាចមើលរំលង។

រួចមកហើយយើងឃើញថា ពួកប្រឆាំងដែលរត់ចោលស្រុកនោះ មិនបានចុះញ៉មបក្សកាន់អំណាចនោះទេ ពួកគេព្យាយាមបង្កចលនាផ្សេងៗពីក្រៅប្រទេស ដូចជាអំពាវនាវឱ្យប្រជាពលរដ្ឋ “ធ្វើពហិការបោះឆ្នោត” ជាពិសេសអូសទាញសហគមន៍អន្តរជាតិ ឱ្យដាក់គំនាបសេដ្ឋកិច្ចមកលើកម្ពុជា មិនឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ជាដើម។ ឧបមាថា នៅពេលបោះឆ្នោតរួចរាល់ ស្រាប់តែទំនិញឡើងថ្លៃក្រឺតៗ ប្រាក់រៀលហើមប៉ោង ចោរកម្មកើតឡើងទប់មិនឈ្នះ យុវវ័យអត់ការងារធ្វើច្រើនទៅៗ អំពើអបាយមុខរីកសាយពេញប្រទេសនោះ ត្រង់ហ្នឹងហើយដែលហៅថា “សេចក្តីវិនាស” ដូចអ្វីដែលគម្ពីរបុរាណបានបន្សល់ ទុកនូវខ្លឹមសារអប់រំខាងលើ។

“សេចក្តីចម្រើន និងសេចក្តីវិនាស” វាជាគូគ្នា ដើរស្របគ្នារហូត តម្រូវឱ្យអ្នកប្រាជ្ញបណ្ឌិតគិតគូរដោះស្រាយយ៉ាងណាឱ្យមាន “តុល្យភាព” ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជាតិមាតុភូមិ។ ការព្រមានរបស់អាមេរិក សហគមន៍អឺរ៉ុប ដែលជាប្រទេសមូលធននិយម បើសិនជាបណ្ឌិត អ្នកប្រាជ្ញខ្មែរ ដែលធ្វើការអមរាជរដ្ឋាភិបាល មិនជួយគិតគូរ ឬសំងំសុខ និងសម្លឹងឃើញតែផលប្រយោជន៍បុគ្គលនោះ អាចនាំផលវិបាកជាយថាហេតុ។ បើមើលឃើញថា កម្ពុជាសព្វថ្ងៃកំពុងដើរទៅរកសេចក្តីចម្រើន ក៏សូមឱ្យចម្រើនរហូតទៅ កុំបីប្រែក្រឡាស់ទៅជាសេចក្តីវិនាស ដូចប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញស្រាប់ ខណៈដែលសម័យសង្គមរាស្ត្រនិយម កំពុងតែរីកចម្រើន ស្រាប់តែវិនាសហិនហោច ខ្ទេចខ្ទាំមាតុភូមិ ដោយសារមហាអំណាចអាមេរិក ចិន រុស្ស៊ី យកទឹកដីខ្មែរ ធ្វើជាទីលានសាកល្បងគ្រឿងអាវុធរបស់គេ។

នៅក្នុងរឿង “កុក ពស់ និងស្ការ” ដែលជារឿងតភ្ជាប់កថាខណ្ឌ “ចម្រើន និងវិនាស” បានតំណាលពីពស់វែក ១ក្បាល តែង លូនទៅចាប់កូនកុក នៅក្នុងព្រង់ឈើ ស៊ីជាអាហាររាល់ថ្ងៃ។ ក្រោយមកក៏មានកុកល្ងង់ ១ក្បាល តាំងខ្លួនជាអ្នកចេះ បានផ្តល់យោបល់ដល់កុកឯទៀត ក្នុងវង្សត្រកូលថា ចូរអ្នកទាំងឡាយធ្វើតាមយោបល់ខ្ញុំ គឺពួកយើងត្រូវទៅចាប់ត្រី មករាយតៗគ្នា តាំងពីរូងស្ការ រហូតដល់រូងពស់ ឯសត្វស្ការនោះ កាលបើឃើញត្រី វានឹងស៊ីតាំងពីរូងរបស់វា រហូតដល់រូងពស់ ហើយកាលបើឃើញពស់ជាសត្រូវរបស់វា ស្ការនោះនឹងខាំពស់ងាប់មិនខាន ឯកូនចៅកុក នឹងបានសុខសាន្តតទៅ។ កុកទាំងនោះ ជឿតាមកុកល្ងង់ ដែលតាំងខ្លួនជាអ្នកចេះ ក៏ទៅចាប់ត្រីមកដាក់រាយតៗគ្នា ដូចរៀបរាប់ខាងលើ ភ្លេចគិតថា រូងស្ការ និងរូងពស់ ជាព្រង់ឈើ ដែលកូនកុកក៏នៅក្បែរនោះដែរ។ ឯសត្វស្ការនោះ បានឃើញត្រី ក៏ចេញមកស៊ីគ្មានសល់ លុះឃើញកូនកុក ក៏ស៊ីខ្មុក តែវាមិនអាចចាប់ពស់វែកស៊ីបានឡើយ។ សម្រេចទៅ គំនិតកុកល្ងង់នោះ បានត្រឹមធ្វើឱ្យកូនកុកក្លាយជាចំណីស្ការ ដែលស្របនឹងកថាខណ្ឌថា “មើលឃើញតែសេចក្តីចម្រើន មិនឃើញដល់សេចក្តីវិនាស” នេះឯង។

រឿងនេះយើងអាចប្រៀបធៀបកុកល្ងង់ ដែលតាំងខ្លួនជាអ្នកចេះនោះ ជា “បណ្ឌិតដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន” មើលឃើញតែបច្ចុប្បន្ន មិនមើលអនាគត រីឯពពួកកុកឯទៀត “ជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស” ពស់វែក ជា “ពួកប្រឆាំង” ចំណែកសត្វស្ការ សំដៅដល់ “មហាអំណាច”។ សព្វថ្ងៃ ប្រជាពលរដ្ឋកំពុងរស់នៅក្នុងសន្តិភាពផង ភ័យព្រួយពីអសន្តិសុខផង ដោយមានមួយផ្នែកធ្លាក់ទៅតាមការអូសទាញរបស់លោកសម រង្ស៊ី ដែលអំពាវនាវឱ្យធ្វើពហិការបោះឆ្នោត ដែលចំណុចនេះ ស្របនឹង “ពស់វែកស៊ីកូនកុក ជាបន្តបន្ទាប់”។ លុះបានឃើញហ្វេសប៊ុកខ្លះ សរសេរថា “នៅផ្ទះឈ្នះឯង” ឬសរសេរថា “គ្មានសង្គ្រោះ ជាតិ ខ្ញុំមិនទៅបោះឆ្នោត” ក៏មានអ្នកគាំទ្របក្សកាន់អំណាច វាយបកវិញ ជាពិសេស មន្ត្រី CPP ព្រមានចាត់ការតាមច្បាប់ និងរកយុទ្ធសាស្ត្រ “ទប់ទល់ពហិការ” ដែលចំណុចនេះ ស្របនឹងកុកចាប់ត្រី មកពង្រាយតាមព្រង់ឈើ ដើម្បីឱ្យស្ការ ចាប់ពស់ស៊ី ប៉ុន្តែបើស្ការ ឬអាមេរិក អឺរ៉ុប ដាក់គំនាបសេដ្ឋកិច្ច “មិនងាប់ពួកប្រឆាំង (ពស់) នោះទេ តែរងទុក្ខវេទនាដល់ពលរដ្ឋល្អិតល្អោច (កូនកុក) ឯណោះ”។

ដូច្នេះយើងឃើញថា បក្សកាន់អំណាច សម្បូរធនធានមនុស្សសុទ្ធតែបណ្ឌិតបញ្ញវន្ត បើគិតពីសេចក្តីចម្រើន ឬយល់ថា ឱ្យ តែឈ្នះឆ្នោតបានដឹកនាំប្រទេសតទៅទៀត អ្វីៗនឹងរីកចម្រើនទ្វេឡើងនោះ គួរគិតដល់ផលវិបាកផង។ “នគរធំ” ចង់ឃើញតែការរីកចម្រើន បានឃើញនូវការឈានឡើងរបស់មាតុភូមិ ឃើញជីវភាពពលរដ្ឋប្រសើរឡើង សេដ្ឋកិច្ចស្ទុះខ្លាំង មិនចង់ឃើញពលរដ្ឋដេកខ្ទមរខេករខាក ទំនិញឡើងថ្លៃ អសន្តិសុខ ចោរលួច ចោរប្លន់ព្រោងព្រាតនោះទេ។ តើអ្នកណាអាចស្មានត្រូវ ដែលពីមុន នៅកម្ពុជា មិនដែលខ្វះអំបិលបង់សម្លនោះទេ ស្រាប់តែឆ្នាំនេះ អ្នកផលិតអំបិល ប្រកាសថា ត្រូវនាំអំបិលចូលរាប់ម៉ឺន តោន ព្រោះស្រែអំបិល នៅខេត្តកំពត-កែប ទឹកភ្លៀងលិចខូចខាតអស់។ ត្រឹមតែរឿងអំបិល យើងឃើញពី “ចម្រើន និង វិនាស” ទៅហើយ ចុះទម្រាំរឿងនយោបាយ ក្រោយការបោះឆ្នោត បើគិតគូរមិនអស់ក្បាច់ ឬជឿតាម “កុកល្ងង់” ដូចខាងលើ អាចនឹងជួបបញ្ហាប្រឈមមិនខាន។

សរុបទៅ “ចម្រើន និងវិនាស” គ្រាន់តែជាការបកស្រាយមរតកសាសន៍របស់ “នារាយណបណ្ឌិត” និង “ព្រះភិក្ខុប៉ាង ខាត់” ប៉ុណ្ណោះ ក្នុងន័យផ្តល់យោបល់ជូនបក្សកាន់អំណាច (ជភភ) និងអតីតបក្សប្រឆាំង បើមើលឃើញចម្រើន កុំភ្លេចរឿងវិនាស ឬ “បើមើលឃើញចំណេញ កុំភ្លេចរឿងខាត”…៕

RELATED ARTICLES