ខេត្តសៀមរាប ៖ កូនប្រុសទុរយសម្នាក់ ព្រោះតែខឹងនឹងឪពុកស្តីបន្ទោសពីរឿងដើរលេងប៉ោឡែ មិនជួយធ្វើការងារផ្ទះ ក៏ចេញទៅផឹកស្រារហូតដល់ស្រវឹងជោកជាំ លុះត្រឡប់មកផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយឪពុក បន្ទាប់មកក៏ស្ទុះទៅទាញកាំបិតមកចាក់ប្រហារឪពុក ចំនួន១កាំបិត ត្រូវចំគល់ដោះខាងស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសឈាមខ្មៅដែលដាច់ចិត្តលើកដៃសម្លាប់ឪពុកបង្កើតខ្លួនឯង បានរត់គេចខ្លួនបាត់ស្រមោល។
ករណីឃាតកម្មដ៏ឃោរឃៅ កូនប្រុសចាក់សម្លាប់ឪពុកបង្កើតដោយគ្មានញញើតដៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ។
បុរសរងគ្រោះដែលត្រូវកូនប្រុសចាក់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ មានឈ្មោះសុខ ប៉ក់ អាយុ៥៩ឆ្នាំ មុខរបរជាកសិករ មានប្រពន្ធឈ្មោះសួន លាំ អាយុ៥៧ឆ្នាំ មុខរបរកសិករ។ ចំណែកជនសង្ស័យជាឃាតករ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ មានឈ្មោះប៉ក់ ផាន់ អាយុ១៧ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានធ្វើការស្តីបន្ទោសទៅលើជនដៃដល់ជាកូនប្រុស ពីរឿងដែលជសង្ស័យមិនចេះជួយធ្វើការងារផ្ទះ គិតតែដើរលេងប៉ោឡែ ផឹកស៊ីស្រវឹងអួទីនួគ្មានលោះថ្ងៃ មិនតែប៉ុណ្ណោះ ពេលចូលផ្ទះម្តងៗ សុំតែលុយ និងបង្ករឿងឈ្លោះប្រកែកពេញផ្ទះមិនស្វាង។ ក្រោយពីត្រូវឪពុកស្តីបន្ទោស ជនដៃដល់ជាកូនប្រុស បានតមាត់ឪពុក២-៣ម៉ាត់ រួចក៏ដើរចេញពីផ្ទះបាត់ ទៅជួបជុំបនភឿនផឹកស៊ីរហូតដល់ស្រវឹងជោកជាំ។
ប្រភពដដែលបន្តថា រហូតមកដល់ក្បាលព្រលប់ថ្ងៃដដែល ជនសង្ស័យក៏បានត្រឡប់ចូលមកផ្ទះវិញទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក រួចក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយឪពុកបន្តទៀត ចំណែកបុរសរងគ្រោះជាឪពុកនៅតែនិយាយពាក្យដដែលៗថា ជនដៃដល់ជាកូនប្រុសដើរតែផឹកស៊ីអត់ប្រយោជន៍ ជាហេតុធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតដែកចុងស្រួច ដងឈើ មកចាក់ប្រហារជនរងគ្រោះជាឪពុកបង្កើត ត្រូវចំគល់ដោះខាងស្តាំ បណ្តាលឱ្យដេកដួលស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងតែម្តង។
ដោយឡែកតាមសម្តីស្ត្រិជីប្រាពន្ធជនរងគ្រោះ និងត្រូវជាម្តាយបង្កើតរបស់ជនដៃដល់ជាឃាតករ បានឱ្យដឹងទាំងទាំងមិនអស់សេចក្តីថា ប្តីរបស់គាត់ និងកូនពិតជាមានជម្លោះនឹងគ្នាមែន មូលហេតុផ្តើមចេញពីរឿងកូនដើរផឹក និងសុំលុយទៅធ្វើប៉ាស្ព័រដើម្បីចេញទៅរកការងារធ្វើនៅ ប្រទេសថៃ ប៉ុន្តែប្តីរបស់គាត់មិនឱ្យលុយទើប បង្កជាការទាស់សម្តីគ្នាយ៉ាងខ្លាំងតែម្តង។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា នៅពេលកើតហេតុនោះ រូបគាត់កំពុងដាំបាយនៅក្នុងផ្ទះ រួចក៏បានឮសំឡេងកូនប្រុស និងប្តីទាស់គ្នានៅខាងលិចផ្ទះ ស្រាប់តែមួយសន្ទុះក្រោយមក គាត់បានប្រទះឃើញប្តីរបស់គាត់ដេកដួលលើដី ដោយមានឈាមប្រឡាក់ពេញខ្លួន ចំណែកកូនប្រុសបានឡើងជិះម៉ូតូចេញទៅបាត់ ដោយមិនដឹងមូលហេតុ ទើបគាត់បានស្ទុះទៅមើលប្តី និងស្រែកហៅអ្នកជិតខាងឱ្យជួយ តែអកុសល ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ រួចបញ្ជាក់ថា ករណីនេះជនរងគ្រោះពិតជាត្រូវជនដៃដល់ជាកូនប្រុសចាក់សម្លាប់ប្រាកដមែន។ មូលហេតុផ្តើមចេញពីទំនាស់ពាក្យសម្តី ចំណែកជនដៃដល់ជាកូនប្រុសស្រវឹងជោកជាំ ទើបទប់កំហឹងមិនជាប់ ហ៊ានដាក់សម្លាប់ឪពុកបង្កើតខ្លួនឯងបែបនេះតែម្តង។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក ជនដៃដល់ជាឃាតករចិត្តឃោរឃៅដាច់ចិត្តលើកដៃចាក់សម្លាប់ឪពុកបង្កើតខ្លួនឯងនោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕