Tuesday, October 14, 2025
Homeព័ត៌មានជាតិឈ្លោះជាមួយតា ទាញដំបងគប់យាយស្លាប់

ឈ្លោះជាមួយតា ទាញដំបងគប់យាយស្លាប់

ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់ បានពឹងអ្នកភូមិឱ្យមកជួយលើកផ្ទះរបស់ខ្លួន រួចក៏រៀបចំបាយម្ហូបឱ្យអ្នកភូមិហូប ដោយមានដាក់ស្រាឱ្យផឹកផង លុះក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក អ្នកភូមិម្នាក់ ក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នាជាមួយបុរសចំណាស់ជាម្ចាស់ផ្ទះ រហូតដល់ទ្រាំលែងបាន ក៏ទាញដំបងគប់សំដៅតាម្ចាស់ផ្ទះ តែបែរជាចំយាយជាប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីផឹកស៊ីផ្ទុះជម្លោះទាញដំបងគប់ប្តី បែរជាចំប្រពន្ធស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ។

លោកយាយរងគ្រោះ ដែលត្រូវជនសង្ស័យគប់១ដំបងបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះហ៊ិន អែម អាយុ៦០ឆ្នាំ។ ចំណែកជនដៃដល់ មានឈ្មោះសឿម ស៊ីម មុខរបរកសិករ។ រវាងជនដៃដល់ និងស្ត្រីរងគ្រោះ សុទ្ធតែរស់នៅជាប់ភូមិផងរបងគ្នា ក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្តី បានហៅពឹងឱ្យអ្នកជិតខាងមកជួយលើកផ្ទះរបស់គាត់ ហើយក្នុងនោះ ក៏មានជនដៃដល់ម្នាក់ផងដែរ ដែលបានមកជួយលើកផ្ទះឱ្យជនរងគ្រោះ។ លុះក្រោយពីលើកផ្ទះរួចរាល់ហើយ ម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ក៏បានធ្វើម្ហូបទទួលអ្នកភូមិដែលមកជួយ ព្រមទាំងមានការផឹកស៊ីទៀតផង។

ប្រភពដដែលបន្តថា នៅក្នុងវង់ផឹកស៊ីនោះ បុរសចំណាស់ជាម្ចាស់ផ្ទះ ក៏បានចូលរួមផឹកស៊ីនឹងគេដែរ ស្រាប់តែពេលផឹកស្រវឹងរៀងខ្លួន បុរសចំណាស់ជាម្ចាស់ផ្ទះបានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាជាមួយួនឹងជនដៃដល់ ឈ្មោះសឿម ស៊ីម ហើយភ្លាមនោះ ជនដៃដល់ក៏បានស្ទុះទៅទាញដំបងគប់សំដៅបុរសចំណាស់ជាម្ចាស់ផ្ទះ ប៉ុន្តែមិនត្រូវ បែរជាដំបងនោះបានហោះទៅចំស្ត្រីចំណាស់រងគ្រោះជាប្រពន្ធម្ចាស់ផ្ទះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

លោកវរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្តីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបញ្ជាក់ប្រាប់ថា ក្រោយពេលកើតហេតុ ជនសង្ស័យឈ្មោះសឿម ស៊ីម បានរត់គេចខ្លួនបាត់ស្រមោល។ ចំពោះសាកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច័យ រួចក៏ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES