Tuesday, April 30, 2024
Homeព័ត៌មានជាតិប្រពន្ធកូនរស់នៅដោយភាពភ័យខ្លាច ទ្រាំលែងបាន ប្តឹងដាក់គុក

ប្រពន្ធកូនរស់នៅដោយភាពភ័យខ្លាច ទ្រាំលែងបាន ប្តឹងដាក់គុក

ខេត្តឧត្តរមានជ័យ ៖ ប្តីប្រពន្ធ២នាក់ ចាប់ដៃគ្នាជាយូរឆ្នាំមកហើយ ប៉ុន្តែមិនដែលមានសុភមង្គលក្នុងគ្រួសារសោះ ព្រោះតែបុរសជាប្តី គឺជាមនុស្សមានចិត្តកោងកាចខុសគេ តែងរករឿងឈ្លោះប្រកែកវាយដំគំរាមសម្លាប់ប្រពន្ធកូនជារៀងរាល់ថ្ងៃ រហូតដល់ស្ត្រីជាប្រពន្ធភ័យបារម្ភពីសុវត្ថិភាពខ្លួនឯងនិងកូន ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ប្តីយកទៅចាត់ការតាមច្បាប់។

ករណីប្តីកំណាចប្រើអំពើហិង្សាវាយដំគំរាមសម្លាប់ប្រពន្ធកូន រហូតដល់ប្រពន្ធទ្រាំលែងបានប្តឹងប៉ូលិសចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង។

បុរសកំណាចដែលគំរាមសម្លាប់ប្រពន្ធកូនមិនឈប់ឈរ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះជា អឿន អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែចម្ការ មានប្រពន្ធឈ្មោះសេក សារឿន អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែចម្ការ និងមានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធនាងបានចាប់ដៃគ្នាសាងគ្រួសារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលមានសេចក្តីសុខក្នុងគ្រួសារសោះ ព្រោះតែប្តីរបស់នាង គឺជាមនុស្សមានចរិតឆេវឆាវ កោងកាចខ្លាំងណាស់ តែងរករឿងឈ្លោះប្រកែកវាយដំនាង និងកូនប្រុសជារៀងរាល់ថ្ងៃ ហើយឱ្យតែពេលប្តីនេះខឹងម្តងៗ តែងស្ទុះទាញកាំបិត ពូថៅដេញកាប់ទាំងនាងជាប្រពន្ធ ទាំងកូនប្រុស ធ្វើឱ្យពួកនាងរត់គេចខ្លួនទាំងព្រលឹងចុងសក់  ហើយរាល់យប់ដេកទាំងអារម្មណ៍ភ័យខ្លាច មិនដឹងជាត្រូវប្តីកាប់សម្លាប់នៅពេលណា។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ដោយសារតែទ្រាំនឹងទង្វើរបស់ប្តីកំណាចរូបនេះតទៅទៀតលែងបាន ទើបនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅអធិការក្រុងសំរោង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជាប្តីតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធរួចមក សមត្ថកិច្ចក្រុងសំរោង បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបុរសជាប្តី នាំមកអធិការដ្ឋានក្រុងសំរោង ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តីបានឆ្លើយសារភាពថា កន្លងមក ខ្លួនតែងតែប្រើនូវអំពើហិង្សាក្នុងគ្រួសារពិតប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES