នាយគ្រឿន ដែលមុននេះមានទស្សនៈមិនខុសពីនាយកុយ បានសម្តែងការព្រួយបារម្ភចំពោះការបាត់បង់អាជីពកំប្លែង នាពេលអនាគត ព្រោះថា មិនសូវមានការយកចិត្តទុកដាក់ពីមហាជនដូចមុននោះ ស្រាប់តែលេចមុខសម្តែងក្នុងភាពយន្តរបស់ផលិតកម្ម LD Picture រឿង “ចិញ្ចៀនខ្មោច” ដែលតារាកំប្លែងរូបនេះ លេងជាតួធ្វើសន្តិសុខយ៉ាងកម្សត់ នាំឱ្យមានការលើកឡើងថា នាយគ្រឿន ដែលពីមុនធ្លាប់តែលេងជាតួឯកនោះ ពេលនេះធ្លាក់កូដហើយ ព្រោះអ្នកដឹកនាំរឿងតម្រូវឱ្យធ្វើតែតួតូចតាច កំប៉ិកកំប៉ុកទេ លែងបានតួឯកដូចមុនទៀតហើយ…។
ក្នុងជំនួបផ្ទាល់ នាយគ្រឿន ថ្លែងថា នាយមិនដែលមានទស្សនៈមួយប្រកាន់ថា ទាល់តែតួធំ តួឯក បានលេងនោះទេ គឺជាតួអ្វីក៏បានដែរ អាចលេងបានទាំងអស់សំខាន់ឱ្យតែអ្នកដឹកនាំរឿងពេញចិត្តថា លោកអាចលេងបានក្នុងតំណែងនោះ។
នាយគ្រឿន រៀបរាប់ថា “ខ្ញុំគ្មានជំងឺតួឯកទេ ខ្ញុំអាចសម្តែងជាតួយ៉ាងម៉េចក៏បានដែរ ឱ្យតែអ្នកដឹកនាំគាត់មើលទៅថា ខ្ញុំអាចធ្វើបាន។ ចំពោះរឿង “ចិញ្ចៀនខ្មោច” នេះ ខ្ញុំលេងជាតួសន្តិសុខ ហើយប្លង់ខ្ញុំថតតែ៣ទៅ៤ថ្ងៃទេ ក៏ចប់ទៅ។ ខ្ញុំលេងតួសន្តិសុខហ្នឹង មិនមានការសម្តែងមួយណា ដែលធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនសន្តិសុខអី អត់មានទេ អ៊ីចឹងហើយខ្ញុំពេញចិត្តតួមួយនេះ”។
បើទោះជានាយគ្រឿន ផ្តើមចេញពីអតីតកម្មករសំណង់ និងវិវឌ្ឍខ្លួនទៅជាអ្នកកំប្លែងល្បីឈ្មោះរបស់ទូរទស្សន៍ CTN មែន តែតម្លៃខ្លួននាយគ្រឿន ក្នុងការថតភាពយន្ត១រឿងៗនោះ ស្មើតារាសម្តែងល្បីល្បាញនាពេលបច្ចុប្បន្នដែរ គឺស៊ីថ្លៃជិត៥ពាន់ដុល្លារ ទើបធ្វើឱ្យប្រាក់ចំណូលតារាកំប្លែង មានស្រុកកំណើតមកពីខេត្តស្វាយរៀង នេះ ក្នុងមួយឆ្នាំៗម៉ឺនដុល្លារ មិនចាញ់អ្នកចម្រៀងល្បីៗឡើយ។
នាយគ្រឿន បន្ថែមថា “ខ្ញុំថត១រឿង យកថ្លៃ៤ពាន់ដុល្លារហ្នឹង ជាតម្លៃទូទៅហើយ។ តែមិនមែនតម្លៃហ្នឹង ទារបានគ្រប់ផលិតកម្មទេ ពេលខ្លះយើងស្គាល់គ្នា យកបានតែ៣ពាន់, ២ពាន់អី ក៏មានដែរ។ ដូចជារឿង “ចិញ្ចៀនខ្មោច” ហ្នឹង ខ្ញុំថតហើយ ឥឡូវមិនទាន់ទាំងបើកលុយផង ព្រោះបងខ្ញុំពែកមី ជាអ្នកដឹកនាំសម្តែង”។
ក្រៅពីប្រឡូកទាំងអាជីពកំប្លែងសម្តែង និងជាតារាចម្រៀងនៅថោន នោះ នាយគ្រឿន ដែលមានកូនស្រី២នាក់នោះ ក៏ចង់ជំរុញឱ្យកូនៗទាំង២ ដើរចូលសិល្បៈ ដូចកូននាយពែកមី ដែរ ប្រសិនបើពួកគេមានទេពកោសល្យអាចធ្វើបាននោះ តែតារាកំប្លែង CTN រូបនេះថា នឹងមិនឱ្យកូនស្រីបោះបង់ការសិក្សា ព្រោះសម្តែងសិល្បៈឡើយ៕