ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋខ្មែរម្នាក់ បានរងនូវការបាញ់ប្រហារពីសំណាក់ទាហានថៃ បណ្តាលឱ្យមុខរបួសហូរឈាមមិនឈប់ រហូតដល់ខ្សោះឈាមស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលជនរងគ្រោះបានឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់ ក្នុងគោលបំណងទៅកាប់ដើមឈើគ្រញូង។
ករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរនេះ បានកើតឡើងសាជាថ្មី កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្នុងព្រៃនៃគល់ឈើ១ ស្ថិតក្នុងស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។
បុរសរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងទាហានថៃស្លាប់ មានឈ្មោះសះ សុខ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រងរបួសចំត្រកៀកផ្នែកខាងឆេង។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះឆ្លងដែនខុសច្បាប់មានគ្នាចំនួន២នាក់ ម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បាននាំគ្នាឆ្លងដែនចូលទៅក្នុងទឹកដីថៃ ក្នុងបំណងកាប់ឈើក្រញុងូ ស្រាប់តែអកុសល ក៏ប៉ះទាហាជនជាតិថៃ ដេញបាញ់បណ្តាលឱ្យរងរបួស។ ភ្លាមនោះ ដៃគូជនរងគ្រោះបានព្យាយាមគ្រាហ៍ជនរងគ្រោះ ដើម្បីគេចខ្លួនពីការប្រមាញ់របស់ទាហានថៃ រហូតស្ទើរអស់ខ្យល់ ទើបសម្រេចចិត្តដាក់ជនរងរបួសចោលម្នាក់ឯង នៅចំណុចគល់ឈើមួយក្នុងព្រៃក្បែរកន្លែងកើតហេតុ រួចក៏ដើរមកដល់ផ្ទះជនរងគ្រោះ នៅវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ដើម្បីប្រាប់អំពីហេតុការណ៍ដល់ប្រពន្ធកូនជនរងគ្រោះ រួចគេចខ្លួនបាត់។ លុះភ្លឺឡើងថ្ងៃដដែល ទើបក្រុមគ្រួសារជនរងគ្រោះរាយការណ៍ប្រាប់សមត្តកិច្ចមូលដ្ឋាន។
លោកវរសេនីយ៍ឯក បន្តទៀតថា ភ្លាមនោះអាជ្ញាធរមានសមត្តកិច្ចព្យាយាមទំនាក់ទំនងទៅសមត្ថកិច្ចថៃ តែគ្មានការឆ្លើយតប ប៉ុន្តែ កូនៗជនរងគ្រោះហាក់បីដូចស្គាល់ចំណុចទីតាំង ក៏នាំសមត្ថកិច្ចទៅរុករក ឃើញឪពុកនៅមានដង្ហើមនៅឡើយ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក ម៉្យាងជនរងគ្រោះទទួលរងរបួសច្រើនម៉ោងផង ធ្វើឱ្យហូរឈាមច្រើន ទើបបណ្តាលឱ្យខ្សោះឈាមស្លាប់នៅតាមផ្លូវក្នុងព្រៃទឹកដីប្រទេសថៃ នៅគ្រាដែលកូនៗព្យាយាមសែងឪពុកមកផ្ទះ។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍នានាពីឃុំថ្មដា ស្រុកវាលវែង នៅទឹកដីប្រទេសថៃ ជាប់ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នេះ មានករណីប្រជាពលរដ្ឋខ្មែរ ត្រូវបានចាប់ខ្លួន រងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ច្រើន ដោយសារគ្រាប់កាំភ្លើងទាហានថៃ ខណៈដែលប្រជាពលរដ្ឋខ្មែរទាំងនោះ បានលួចចូលឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើក្រញុងូ ខណៈនៅឃុំថ្មដា នេះ សម្បូរទៅដោយឈ្មួញឈើក្រញុងូ ឈរចាំប្រមូលទិញ និងតែងបំផុសបំផុលឱ្យពលរដ្ឋខ្មែរចូលទៅកាប់ ជាមួយនេះ ក៏មានការឃុបឃិតពីសំណាក់អាជ្ញាធរការពារព្រំដែនផងដែរ ដែលករណីនេះ មន្ត្រីជំនាញថ្នាក់លើ គួរចុះស្រាវជ្រាវ និងធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងបង្ក្រាបឱ្យបានទាន់ពេល ជៀសវាងប្រជាពលរដ្ឋខ្មែរទទួល រងគ្រោះបន្តទៀត៕