ភ្នំពេញ ៖ បុរសម្នាក់ឃើញប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែសម្រាលកូន ចង់ប្តូរកន្លែងធ្វើការមកជិតប្រពន្ធ ដើម្បីងាយស្រួលជួយមើលថែ ក៏ឆ្លៀតពេលចេញពីធ្វើការ ជិះម៉ូតូទៅស្រុកកំណើត ដើម្បីយកអត្តសញ្ញាណប័ណ្ណ មកដាក់ពាក្យធ្វើការកន្លែងថ្មី ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំភ្លើងខ្លី បានភ្ជង់គំរាមបាញ់សម្លាប់ រួចប្លន់យកម៉ូតូ និងទូរស័ព្ទទៅបាត់ដោយសុវត្ថិភាព។
ករណីប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងកើតវត្តភ្នៀត តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិស្នោរ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
បុរសរងគ្រោះមានឈ្មោះសម្បត្តិ វណ្ណា អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកទ្រព្យសម្បត្តិដែលត្រូវចោរប្លន់យកទៅ រួមមាន ទូរស័ព្ទដៃ iPhone 6 ១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE -2439 មួយគ្រឿង។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ទើបចេញពីធ្វើការ ហើយឆ្លៀតពេលទៅយកអត្តសញ្ញាណប័ណ្ណនៅឯស្រុកកំណើត ដោយសាតែប្រពន្ធគាត់ពោះធំជិតសម្រាលកូនទៅហើយ ទើបគាត់ចង់ប្តូរកន្លែងធ្វើការនៅជិតប្រពន្ធ ដើម្បីជួយថែទាំប្រពន្ធ។ លុះពេលគាត់ជិះម៉ូតូមកដល់ផ្លូវលំកន្លែងកើតហេតុ ដោយផ្លូវទើបនឹងឈូសឆាយថ្មីផង ណាមួយទើបនឹងភ្លៀងធ្លាក់មួយមេផងនោះ បណ្តាលឱ្យផ្លូវរអិល ទើបគាត់មិនអាចជិះលឿនបាន ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យចំនួន៣នាក់ ប្រដាប់ដោយអាវុធខ្លី១ដើមផង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ បានភ្ជង់គំរាមយកទូរស័ព្ទ និងឱ្យគាត់ចុះពីលើម៉ូតូ បើមិនចុះពួកគេនឹងបាញ់សម្លាប់ចោល ជាហេតុធ្វើឱ្យគាត់ភ័យខ្លាចជនសង្ស័យបាញ់ស្លាប់ចោលប្រពន្ធកូន ក៏ព្រមប្រគល់ម៉ូតូ និងទូរស័ព្ទឱ្យជនសង្ស័យតាមសម្រួលតែម្តង។
ក្រោយកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ចំណែកជនរងគ្រោះមិនមានទូរស័ព្ទប្តឹងសមត្ថកិច្ចភ្លាមៗទេ និងត្រូវដើរចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្រ ដល់កន្លែងដីពុះឡូត៍ថ្មី ទើបបានប្រជាពលរដ្ឋទូរស័ព្ទប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញជនសង្ស័យមានគ្នា៣នាក់ ដើរចុះឡើងៗជាងកន្លះម៉ោងមកហើយ មិនដឹងថាដើររកអី ហើយក៏មិនដឹងថាជាចោរប្លន់នោះដែរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោរ បាននាំទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ តាមចាប់ខ្លួននាំយកមកចាត់ការតាមច្បាប់៕