Tuesday, October 14, 2025
Homeព័ត៌មានជាតិរាល់ដងបានគេជួយ ម្តងនេះទៅម្នាក់ឯង ស្លាប់បាត់បង់ជីវិត

រាល់ដងបានគេជួយ ម្តងនេះទៅម្នាក់ឯង ស្លាប់បាត់បង់ជីវិត

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ឱ្យតែកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ចេះតែទាមទារចងកសម្លាប់ខ្លួនរហូត តែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលរហូត លុះក្រោយមក គ្រាន់តែឈ្លោះប្រកែកជាមួយប្រពន្ធតិចតួច ក៏ច្រឡោតខឹង ជិះម៉ូតូទៅចងកសម្លាប់ខ្លួននៅក្នុងព្រៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដើមរាំង ខាងជើងមណ្ឌល សុខភាពឃុំកំពង់លួង ចំងាយប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។

បុរសរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះឌិន បូរិទ្ធ អាយុ៣១ឆ្នាំ មុខរបរអ្នកនេសាទ មានប្រពន្ធឈ្មោះសោម គីម អាយុ៣២ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស១ ស្រី៣) មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងមានចិត្តឆេវឆាវខ្លាំងណាស់ កន្លងមកឱ្យកើតមានទំនាស់ពាក្យសម្តីអ្វីនឹងគ្នា ប្តីនេះតែងតែប៉ុនប៉ងចងកសម្លាប់ខ្លួនជាញឹកញាប់  តែមិនបានសម្រេច ដោយសារតែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលរហូត។ លុះមកដល់វេលារសៀលថ្ងៃកើតហេតុ នាងនិងប្តី បានកើតមានទំនាស់ពាក្យសម្តីគ្នាតិចតួច នៅកន្លែងរោងរាយមង ម្តុំជ្រោយខ្សាច់ខាងលិច ឃុំកំពង់លួង ពេលនោះប្តីរបស់នាងក៏ច្រឡោតខឹង ហើយក៏ទាញម៉ូតូជិះមកផ្ទះមុន ចំណែកនាងជាប្រពន្ធ មួយសន្ទុះក្រោយមក ទើបត្រឡប់មកផ្ទះវិញដែរ តែពេលមកដល់ផ្ទះមិនឃើញប្តី ក៏ស្រែកហៅអ្នកជិតខាងឱ្យជួយដើររក ស្រាប់តែឃើញម៉ូតូរបស់ប្តីដាក់ចោលក្នុងព្រៃខាងជើងមណ្ឌលសុខភាពឃុំកំពង់លួង ទើបធ្វើឱ្យកើតមានការសង្ស័យ ក៏នាំគ្នាចូលរុកុរកក្នុងព្រៃក្បែរនោះ ស្រាប់តែប្រទះឃើញប្តីរបស់នាងបានចងកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបច្ចេកទេសនិងព្រហ្មទណ្ឌស្រុក ប៉ុស្តិ៍ និងគ្រូពេទ្យ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ខ្មៅ ចងកភ្ជាប់នឹងដើមរាំង។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES