ភ្នំពេញ ៖ គូស្នេហ៍វ័យចំណាស់មួយគូ ស្ថិតក្នុងសភាពស្រវឹងស្រឿងៗ បើករថយន្តដឹកគ្នាសុខៗ ស្រាប់តែអែបរថយន្តឈប់ រួចចុះមកឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សា បង្កឱ្យមានស្នាមរបួសទាំងសងខាង និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
គូស្នេហ៍ដែលផ្ទុះជម្លោះវាយតប់គ្នាផ្អើលទាំងយប់នេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា អ្នកទាំងពីរមានវ័យប្រមាណជាង៣០ឆ្នាំទៅហើយ និងធ្វើដំណើររួមគ្នាតាមរថយន្ត១គ្រឿង ម៉ាក RAV-4 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-5301។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូស្នេហ៍ខាងលើ បានធ្វើដំណើរតាមរថយន្ត បើកបរតាមបណ្តោយផ្លូវលេខ៦០៨ លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែអែបរថយន្តឈប់ បន្ទាប់មក គេឃើញគូស្នេហ៍នោះបានចុះពីលើរថយន្ត មកឈ្លោះប្រកែកគ្នា ប្រតាយប្រតប់ និងឈានដល់អំពើហិង្សាវាយតប់គ្នាទៅវិញទៅមកទៀតផង។
តាមសម្តីរបស់ភាគីខាងប្រុស បានរៀបរាប់ទាំងស្ថានភាពស្រវឹងថា ពួកគាត់បានស្រលាញ់គ្នាអស់រយៈពេល៤ឆ្នាំមំកហើយ ហើយស្ត្រីជាគូស្នេហ៍របស់គាត់ នេះគឺជាអ្នកចម្រៀង។ តាមពិតគាត់ស្រលាញ់គូស្នេហ៍ម្នាក់នេះខ្លាំងណាស់ ហើយមូលហេតុដែលផ្តើមឱ្យមានជម្លោះនៅពេលនេះ ក៏ដោយសារតែភ្លើងប្រចណ្ឌ ព្រោះខាងស្រីក្បត់ចិត្តរបស់គាត់លួចទាក់ទងប្រុសថ្មី ទើបគាត់ទ្រាំមិនបានក៏ផ្ទុះជាជម្លោះតែម្តង។ នៅមុនពេលកើតហេតុ ពួកគាត់ទើបនឹងចេញមកពីត្រើយម្ខាង ហើយពលេកំពុងបើកឡានតាមផ្លូវ គាត់ត្រូវស្ត្រីជាគូស្នេហ៍ទះកំផ្លៀងរាប់ភ្លេច លុះគាត់គ្រាន់តែឃាត់ បែរជាស្រីស្នេហ៍ស្រែកថា គាត់ចង់សម្លាប់នាងទៅវិញ។
នៅកន្លែងកើតហេតុ ភាគីខាងប្រុសដែលស្ថិតក្នុងសភាពស្រវឹង បានស្រែកខ្លាំងៗថា “ខ្ញុំនិយាយពីចរិតរបស់គាត់ គាត់ជាមនុស្សស្រីក្បត់ មានប្រុសចិញ្ចឹម តាផ្កាយ៣ នៅក្រសួង…” ភ្លាមនោះ ភាគីខាងស្រីក៏បានតបមកវិញថា ”ខ្ញុំមានប្រុសចិញ្ចឹម តែខ្ញុំបានចិញ្ចឹមលោកឯង ដែលមានប្រពន្ធ និងកូន២នាក់រួចទៅហើយ ត្រូវទេ…?” ខាងប្រុសបានបន្តថា “ខ្ញុំមិនខ្លាចស្លាប់ទេ ប្រសិនបើយើងសម្លាប់ខ្ញុំដោយការស្រែក…” រីឯខាងស្រីបានតបថា “ចុះលោកឯងទះកំផ្លៀងខ្ញុំនោះ លោកឯងបោចសក់ខ្ញុំ លោកឯងចង់សម្លាប់ខ្ញុំ តើជាមនុស្សប្រុសបែបណា?…”។
តាមស្ថានភាពជាក់ស្តែង ភាគីបុរសជាប្រុសស្នេហ៍មានស្នាមរបួសត្រង់ផ្ទៃមុខ ក្បែរភ្នែក ដោយមានចេញឈាមទៀតផង និងត្រូវបានបុរសរូបនោះ បានអះអាងថា ខាងស្រីស្នេហ៍ជាអ្នកចាក់គាត់។ ប៉ុន្តែភាគីខាងនារីជាស្រីស្នេហ៍វិញ បានលើកឡើងថា នេះជាការការពារខ្លួន ដោយសារតែខាងប្រុសទះកំផ្លៀង និងទាត់នាងថែមទៀត។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកជួយអន្តរាគមន៍ដែរ តែភាគីខាងប្រុសហាក់មិនព្រមស្តាប់សមត្ថកិច្ចទាល់តែសោះ ដោយចេះតែព្យាយាមចាប់ក្របួចកអាវភាគីខាងស្រី និងរារាំងមិនឱ្យខាងស្រីចេញទៅណាឡើយ ខណៈដែលខាងស្រីអះអាងថា នាងមិនអាចរស់នៅជាមួយមនុស្សប្រុសបែបនេះទៀតបានទេ ហើយបើនាងទ្រាំទៀត ថ្ងៃណាមួយ ច្បាស់ជាត្រូវបុរសនេះសម្លាប់នាងចោលមិនខាន។
ជុំវិញរឿងរ៉ាវរកាំរកូសខាងលើនេះ “នគរធំ“ មិនអាចទាក់ទងសុំការបំភ្លឺពីភាគីទាំងសងខាងឱ្យបានច្បាស់លាស់នៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕