Tuesday, October 14, 2025
Homeព័ត៌មានជាតិតបសម្តីតែ២-៣ម៉ាត់សោះ ប្តីប្រើសុទ្ធតែពូថៅ

តបសម្តីតែ២-៣ម៉ាត់សោះ ប្តីប្រើសុទ្ធតែពូថៅ

ខេត្តកំពង់ធំ ៖ បុរសប្រមឹកម្នាក់ឱ្យតែផឹកស្រាស្រវឹងចេះតែរករឿងឈ្លោះប្រកែកវាយតប់ប្រពន្ធមិនឈប់ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក កើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច ស្រាប់តែប្តីកំណាចរូបនេះបានស្ទុះទៅទាញពូថៅមកកាប់ប្រហារប្រពន្ធចំកណ្តាលក្បាល បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ ចំណែកបុរសជាប្តីិហេងស៊យរូបនោះ បានរត់គេចខ្លួនបាត់ស្រមោល។

ករណីប្តីស្រវឹង កាប់ប្រពន្ធ១ពូថៅរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចកាប់១ពូថៅ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់នេះ មានឈ្មោះឆន ស្រី អាយុ៤៣ឆ្នាំ មុខរបរកសិករ។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះរួន រ អាយុ៤០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ខាងលើ គឺជាមនុស្សប្រមឹកតែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងឧស្សាហ៍រករឿងឈ្លោះប្រកែកប្រើអំពើហិង្សាទៅលើប្រពន្ធខ្លាំងណាស់ តែមិនធ្លាប់មានសភាពធ្ងន់ធ្ងរដូចលើកនេះទេ។ នៅមុនពេលកើតហេតុ ជនដៃដល់បានចេញទៅផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិរហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ។ លុះមកដល់ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ទើបស្ត្រីរងគ្រោះជាប្រពន្ធទ្រាំមិនបាន ក៏តមាត់២-៣ម៉ាត់ ធ្វើឱ្យជនដៃដល់ជាប្តីកាន់តែឆួលកំហឹង ក៏ស្ទុះទៅទាញពូថៅកាប់ប្រហារទៅលើស្ត្រីរងគ្រោះជាប្រពន្ធចំកណ្តាលក្បាល បណ្តាលរយះក្បាលប្រវែង៣សង់ទីម៉ែត្រ រងរបួសធ្ងន់ ហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយពីកាប់ប្រហារប្រពន្ធរួច ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានសមត្ថកិច្ច និងអ្នកជិត ខាងជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ដើម្បីសង្គ្រោះជីវិត។

ដោយឡែក ជនដៃដល់ជាប្តី សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES