Tuesday, October 14, 2025
Homeព័ត៌មានជាតិសាហាវណាស់ ចាក់ស្ត្រីម្នាក់ធ្លុះបំពង់កតែម្តង

សាហាវណាស់ ចាក់ស្ត្រីម្នាក់ធ្លុះបំពង់កតែម្តង

ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម ដោយមានស្លាកស្នាមធ្លុះបំពង់កពីម្ខាងទៅម្ខាង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចដីចម្ការ ចម្ងាយពីភូមិប្រហែល៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត។

ស្ត្រីរងគ្រោះដែលត្រូវឃាតករមិនស្គាល់មុខចាក់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះហៀប សុភាព អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរចេញទៅមើលដីចម្ការ (ទីតាំងកើតហេតុ) តាំងពីព្រឹក លុះបាត់យូរពេក កូនចៅក៏ដើរតាមទៅរក ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្លាកស្នាមរបួសធ្លុះត្រង់បំពង់ក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបានធ្វើការសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្ម។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា តាមការពិនិត្យស្លាកស្នាមរបួស ស្ត្រីរងគ្រោះត្រូវបានឃាតករមិនស្គាល់មុខ ចាក់ចំបំពង់ក ធ្លាយពីឆ្វេងទៅស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជុំវិញករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្លាប់មានទំនាស់ពាក្យសម្តីជាច្រើនលើក រឿងព្រំដីចម្ការជាប់គ្នាជាមួយជនរងគ្រោះ នាំយកទៅសាកសួរផងដែរ តែមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយ។ យ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខជនដៃដល់ជាឃាតករ នាំយកមកផ្តន្ទាទោសតាមច្បាប់។

ដោយឡែក សាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES