Tuesday, October 14, 2025
Homeព័ត៌មានជាតិអាយុ២២ឆ្នាំហើយ កូនប្រុសសងគុណឪពុក ដោយឈើជ្រុង

អាយុ២២ឆ្នាំហើយ កូនប្រុសសងគុណឪពុក ដោយឈើជ្រុង

កំពង់ធំ ៖ យុវជនឈាមរាវម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ចូលមកដល់ផ្ទះត្រូវឪពុកស្តីបន្ទោសតិចតួច ក៏ស្រាប់តែស្ទុះទៅទាញដំបងឈើជ្រុង មកវាយសំពងឪពុកបង្កើតចំក្បាល បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុក។

បុរសរងគ្រោះដែលត្រូវកូនប្រុសចិត្តកំណាចឃោរឃៅវាយ១ដំបង បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ មានឈ្មោះវ៉ាន់ ផន អាយុ៥៧ឆ្នាំ មុខរបរកសិករ។ ចំណែកជនដៃដល់ មានឈ្មោះប៉ុន សុខា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះនិងជនដៃដល់ ត្រូវជាឪពុក និងកូនបង្កើតនឹងគ្នា និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសម្នាក់នេះ (ជនដៃដល់) គឺជាមនុស្សដែលមិនមានការងារធ្វើនោះទេ រាល់ថ្ងៃដើរទាត់ខ្យល់ និងតែងដើរលេងផឹកស៊ីជាមួយមិត្តភក្តិ ដោយមិនសូវនៅផ្ទះជួយការងារអ្វីសោះឡើយ ហេតុនេះទើបឪពុកចេះតែស្តី បន្ទោសជារឿយៗ ព្រោះតែចង់ឱ្យកូនប្រុសល្អ ប៉ុន្តែមិននឹកស្មានដល់សោះថា កូនប្រុសអកត្តញ្ញូរូបនេះខឹងសម្បា រហូតដល់ហ៊ានលើកដៃវាយឪពុកបង្កើតខ្លួនឯង ដោយមិនខ្លាចបុណ្យបាបបែបនេះសោះ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនដៃដល់បានចេញទៅដើរលេងផឹកស៊ីជាមួយបនភឿន តាំងពីព្រឹក រហូតដល់វេលាម៉ោង៤រសៀល ទើបវិលត្រឡប់មកផ្ទះវិញ។ ឃើញបែបនេះ ជនរងគ្រោះជាឪពុកក៏បានស្តីបន្ទោសឱ្យជនដៃដល់២-៣ម៉ាត់ និងហាមមិនឱ្យដើរលេងប៉ោឡែ អត់ប្រយោជន៍ទៀត គួរទុកពេលទំនេរ ជួយការងារផ្ទះសំបែងប្រសើរជាង។ លុះគ្រាន់តែឪពុកស្តីបន្ទោសមិនទាន់រួចផុតពីមាត់ផង ស្រាប់តែកូនប្រុសរមិលគុណ ដែលកំពុងស្ថិតក្នុងសភាពស្រវឹងជោកជាំផងនោះ បានស្ទុះទៅទាញដំបងឈើជ្រុង មកវាយសំពងឪពុកបង្កើតរបស់ខ្លួន ចំក្បាលបណ្តាលឱ្យបែកក្បាលហូរឈាមជោកពេញខ្លួន រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ បងប្អូនសាច់ញាតិ រួមនឹងអ្នកជិតខាង បាននាំគ្នាចូលទៅជួយឃាត់បំបែកជនដៃដល់ចេញ រួចប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ បានឆ្លើយសារភាពថា រូបគេពិតជាបានវាយឪពុកបង្កើត១ដំបងឈើជ្រុងចំក្បាលប្រាកដមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងរឿងឪពុកស្តីបន្ទោសផង ទើបទប់ចិត្តមិនបាន។

ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES