ភ្នំពេញ ៖ បុរសចិត្តខ្លាំងម្នាក់ ទើបនឹងត្រូវរ៉ូវជាមួយប្រពន្ធវិញ ក៏ហៅមិត្តភក្តិមកផឹកស៊ីរហូតស្រវឹងធ្លាក់ភ្នែក ក៏លូកដៃចូលកង្ហាលេង បណ្តាលឱ្យខូចកង្ហា ធ្វើឱ្យស្ត្រីជាម្តាយក្មេកខឹងក៏ស្តីបន្ទោស កើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់កូនប្រសាប្រុសឈឺចិត្តស្អិតទ្រូងឃ្លាំងពេក ទប់ចិត្តលែងបាន ក៏ស្ទុះរត់ឡើងទៅលើចុងស្វាយ រួចដោះអាវយកមកចងកសម្លាប់ខ្លួនតែម្តង។
ករណីកូនប្រសាប្រុសខឹងម៉ែក្មេកបន្ទោស បែរជាដាច់ចិត្តចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើចុងស្វាយមួយដើម ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលតូចចិត្តរឿងម្តាយក្មេកបន្ទោស បែរជាដាច់ចិត្តចងកធ្វើអត្តឃាត មានឈ្មោះឆិល សីហា ហៅខ្មៅ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីសាច់ញាតិបុរសខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះទើបនឹងត្រូវរ៉ូវជាមួយប្រពន្ធរបស់ខ្លួនវិញប៉ុណ្ណោះ ដោយមុននេះ អ្នកទាំងពីរបានចែកផ្លូវគ្នា ដោយសារតែការរស់នៅមិនសូវចុះសម្រុងនឹងគ្នា ចេះតែកើតរឿងរកាំរកូសមិនឈប់ ដោយសារតែបុរសរងគ្រោះជាប្តី គឺជាមនុស្សចូលចិត្តផឹកស៊ីស្រវឹង ច្រើនជាងដើររកការងារធ្វើ រកប្រាក់ចិញ្ចឹមគ្រួសារ។
ប្រភពដដែលបន្តថា បន្ទាប់ពីបែកបាក់គ្នាមួយរយៈរួចមក បុរសជាប្តី (ជនរងគ្រោះ) ចិត្តមិនដាច់ ក៏ចេះតែតាមមកអង្វរកលួងលោម សុំជានាជាមួយប្រពន្ធវិញ រហូតដល់ប្រពន្ធទន់ចិត្តព្រមទទួលយកប្តីវិញ និងត្រឡប់មករួមរស់ជុំគ្នាវិញ នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើ ដោយមានម្តាយបង្កើតប្រពន្ធ (ម្តាយក្មេករបស់ជនរងគ្រោះ) ស្នាក់នៅជុំគ្នាផងដែរ។
ប្រភពខាងលើ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលទើបតែត្រូវរ៉ូវគ្នាជាមួយនឹងប្រពន្ធវិញ ក៏បានហៅមិត្តភក្តិមកផឹកស៊ីនៅផ្ទះជួល។ លុះដល់វេលាម៉ោង៣រសៀល ជនរងគ្រោះចាប់ផ្តើមស្រវឹងស្រឿងៗ ក៏បានទៅដេកលើអង្រឹង និងបានលូកដៃចូលកង្ហារ បណ្តាលឱ្យខូចកង្ហារ ទើបត្រូវស្ត្រីជាម្តាយក្មេកស្តីបន្ទោស ស្រាប់តែក្រោយមកកើតរឿងរ៉ាវឈ្លោះប្រកែកគ្នាកាន់តែខ្លាំង ដោយជនរងគ្រោះបានបោកកង្ហារខូចអស់២។ ដោយសារតែឃើញសភាពមិនសូវស្រួល ទើបមិត្តភក្តិដែលផឹកស៊ីជាមួយគ្នា បានព្យាយាមដឹកជនរងគ្រោះចេញពីផ្ទះជួល តាមម៉ូតូទៅបាត់។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ត្រឡប់មកវិញ ហើយភ្លាមនោះជនរងគ្រោះក៏បានរត់ផ្លោះរបង ស្ទុះរត់ឡើងចុងដើមស្វាយ រួចក៏បានដោះអាវយកមកធ្វើសកម្មភាពចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់តែម្តង ទោះបីជាពេលរត់ទៅនោះមានមិត្តភក្តិដេញតាមឃាត់យ៉ាងណាក៏ដោយ ក៏មិនឈ្នះជនរងគ្រោះដែរ ទីបំផុត មិត្តភក្តិ និងអ្នកជិតខាងបានត្រឹមឈរសម្លឹងមើលជនរងគ្រោះចងកស្លាប់នៅលើចុងស្វាយប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ពានថ្ម សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យខណ្ឌ បានចុះមកធ្វើការពិនិត្យសពដល់កន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ពោលគឺមិនមែនជាករណីឃាតកម្មអ្វីនោះទេ។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕