Tuesday, October 14, 2025
Homeព័ត៌មានជាតិក្រោយលបឡើងផ្ទះធ្វើរឿងចឹងហើយ ផ្អើលពេញភូមិ

ក្រោយលបឡើងផ្ទះធ្វើរឿងចឹងហើយ ផ្អើលពេញភូមិ

ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីម្នាក់កំពុងដេកចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយមិននៅ ក៏ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់បានលបឡើងមកលើផ្ទះ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេច បន្ទាប់មកក៏ព្យាយាមរត់គេចខ្លួនបាន៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននាំយកមកចាត់ការតាមច្បាប់។

ករណីប្រុសព្រានលបឡើងផ្ទះចាប់រំលោភកូនស្រីគេទាំងកណ្តាលយប់នេះ បានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិត្រាចខោល ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះខៀវ សាវ៉េត អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ឪពុកម្តាយ របស់ក្មេងស្រីរងគ្រោះខាងលើ មិននៅផ្ទះនោះទេ ដោយទុកឱ្យកូនស្រីដេកនៅក្នុងផ្ទះតែម្នាក់ឯង។ រហូតមកដល់វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើសកម្មភាពលបឡើងផ្ទះក្មេងស្រីរងគ្រោះ បន្ទាប់មកក៏ចូលទៅចាប់រំលោភក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេចតាមបំណង។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់ចុះពីលើផ្ទះក្មេងស្រីរងគ្រោះ គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា លុះព្រឹកឡើង ក្មេងស្រីរងគ្រោះ ក៏បានយករឿងរ៉ាវខាងលើទៅប្រាប់សាច់ញាតិ និងត្រូវបានសាច់ញាតិប្រញាប់នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងផ្លុង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យល្មោភកាមខាងលើ។

ក្រោយពីទទួលបានបញ្ជាពីលោកអធិការនគរបាលស្រុកពញាក្រែក និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តរួចមក កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះស្រាវជ្រាវ និងសួរនាំក្មេងស្រីរងគ្រោះ រហូតដល់បានស្គាល់ពីភិនភាគជនសង្ស័យឈ្មោះសាវ៉េត។ លុះមកដល់ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានកោះហៅបុរសរូបនោះមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាល។

នៅចំពោះមុខសមត្ថកិច្ច  ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹង ណាមួយដឹងថា ក្មេងស្រីរងគ្រោះកំពុងដេកនៅលើផ្ទះម្នាក់ឯង ព្រោះឪពុកម្តាយរបស់នាងមិននៅ ទើបបែកគំនិតលបឡើងចាប់រំលោភរហូតបានសម្រេចតែម្តង។

ជនសង្ស័យល្មោភកាមខាងលើនេះ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានគរបាលនគរបាលស្រុកពញាក្រែក ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES