Tuesday, October 14, 2025
Homeព័ត៌មានជាតិជាគ្រូបង្រៀន ម្តេចធ្វើរឿងបែបនេះទៅវិញ

ជាគ្រូបង្រៀន ម្តេចធ្វើរឿងបែបនេះទៅវិញ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាគ្រូបង្រៀនម្នាក់ ព្រោះតែតូចចិត្តនឹងរឿងជំពាក់បំណុលគេច្រើនពេក អត់មានលុយសង ស្រាប់តែបែកគំនិតគិតខ្លី ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចរោងបាយ ស្ថិតក្នុងភូមិ ស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អេៀរ។

ស្ត្រីរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះភួន ភា អាយុ៤៧ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាបឋមសិក្សាផ្សារ មានប្តីឈ្មោះសឹង ប៉ាញ់ ជាគ្រូបង្រៀនដូចគ្នា និងមានកូនប្រុសស្រីក្នុងបន្ទុកចំនួន២នាក់។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មួយរយៈចុងក្រោយនេះ គេឃើញស្ត្រីរងគ្រោះ ហាក់មានទឹកមុខស្រងូតស្រងាត់ប្លែកខុសពីធម្មតា តែមិនដឹងមានរឿងក្នុងចិត្តនោះទេ គ្រាន់តែដឹងថា កន្លងមកក្រុមគ្រួសារស្ត្រីរងគ្រោះ មានជាប់បំណុលគេច្រើនគួរសម។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ បុរសជាប្តី រួមនឹងកូនទាំង២នាក់របស់ស្ត្រីរងគ្រោះ បានចេញពីផ្ទះអស់នៅសល់តែស្ត្រីរងគ្រោះម្នាក់ប៉ុណ្ណោះ។ ស្រាប់តែមកដល់វេលាម៉ោងប្រមាណ៨ព្រឹក មានអ្នកភូមិដើរកាត់ផ្ទះស្ត្រីរងគ្រោះ ក៏ប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងផ្ទះបាយតែម្តង ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ជាមួយនេះ នៅក្បែរសាកសពស្ត្រីរងគ្រោះបានបន្សល់ទុកលិខិតបណ្តាំចំនួន៣សន្លឹក និងបានបញ្ជាក់ថា ទុកឱ្យបងស្រីយកទៅឱ្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង វិភាគផង។ ក្នុងនោះស្ត្រីរងគ្រោះ ក៏បានសរសេរថា រឿងលុយដែលជំពាក់ឱ្យបងស្រីលក់ផ្ទះលក់ដីសងគេផង ព្រមទាំងមានរឿងរ៉ាវជាច្រើនទៀត។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES