ភ្នំពេញ៖ ក្លឹបកម្សាន្ដមួយកន្លែងដែលគេចាក់សោរបិទទ្វារទុកចោលជាយូរមកហើយ ស្រាប់តែមានផ្សែងបង្ក ជាអណ្តាតភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៦ ខែសីហា នៅចំណុចក្លឹបកម្សាន្តនិងខារ៉ាអូខេ អាវតា ត្រង់ផ្លូវ១៥៨ កែងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមសំដីសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងឆេះចេញពីក្នុងក្លឹបកម្សាន្ដ អាវតា ដែលគេបោះបង់ចោល ជាយូរមកហើយព្រមទាំងមានចាក់សោបិទជិតថែមទៀតផង ស្រាប់តែឃើញមានហុយផ្សែងចេញពីក្នុងក្លឹប ធ្វើឲ្យសន្តិសុខដែលយាមនៅក្បែរនោះ បានទូរស័ព្ទរាយការណ៍ប្តឹងសម្ថកិច្ចមូលដ្ឋាន ហើយក៏នាំគ្នាគាស់ទ្វារ ដើម្បីទំលុះចូលទៅខាងក្នុង ។ បន្ទាប់ពីគាស់ទ្វាររបើកហើយក៏ឃើញមានអណ្តាតភ្លើងឆេះចេញពីខាងក្នុង ភ្លាមៗនោះសម្ថកិច្ចក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់រាជធានីដើម្បីមកជួយអន្តរាគមន៍ ។
បើតាមសម្តីសម្ថកិច្ចបានសន្តិដ្ឋានជាជំហានដំបូងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើងប្រហែលជាមកពីកម្ដៅក្នុងអាគារប៉ះជាមួយជ័រ និងអេប៉ុងដែលគេបោះចោលទើបបង្កើតបានជាអណ្តាតភ្លើង ។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់ តែជាការសន្និដ្ឋានជំហានដំបូងប៉ុណ្ណោះ ។
អគ្គីភ័យនេះមានការបាញ់ពន្លត់អស់រយៈពេលជាងកន្លះម៉ោងទើបបានរលត់ទាំងស្រុងនៅវេលាម៉ោង ១២ រំលងអាធ្រាតឈានចូលថ្ងៃទី ១៧ខែសីហាឆ្នាំ២០១៦ ដោយប្រើប្រាស់ទឹក អស់ចំនួន៤គ្រឿង ៕
ប៊ុន ស៊ុន្ធី