ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូចេញទៅទិញនំប៉័ងសាច់ហូបទាំងកណ្តាលយប់ លុះត្រឡប់មកវិញ ក៏ត្រូវជនសង្ស័យមួយក្រុមមានគ្នា៨នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានធ្វើសកម្មភាពជិះដេញតាមធាក់ផ្តួលម៉ូតូជនរងគ្រោះ រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៣១៣ ក្បែរហាង Street Food ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
យុវជនរងគ្រោះដែលត្រូវចោរដេញកាប់ប្លន់ម៉ូតូ មានឈ្មោះយ៉េន មុំ អាយុ២២ឆ្នាំ មុខរបរបុគ្គលិកភោជនីយដ្ឋានស្ទូចបង្កង ស្នាក់នៅកន្លែងធ្វើការ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកម៉ូតូដែលក្រុមចោរប្លន់យកទៅ ម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខៀវ ពាក់ស្លាកភ្នំពេញ 1GX-3357។
តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ បន្ទាប់ពីបិទហាងរួចហើយ រូបគេបានជិះម៉ូតូទៅទិញនំប៉័ងនៅម្តុំផ្សារមាន់អាំង លុះជិះត្រឡប់មកវិញជិតដល់កន្លែងធ្វើការ ខណៈដែលរូបគេកំពុងជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ ក៏មានជនសង្ស័យមួយក្រុមមានគ្នា៨នាក់ ជិះម៉ូតូចំនួន៤គ្រឿង ម៉ាកនិច និងម៉ាកហុងដាឌ្រីមសង់សេ១២៥ បានជិះតាមមកពីក្រោយ លុះពេលមកដល់ទន្ទឹមនឹងម៉ូតូរបស់ខ្លួន ជនសង្ស័យក៏ធាក់ផ្តួលម៉ូតូរបស់ខ្លួន បណ្តាលឱ្យដួលទៅលើថ្នល់ ហើយភ្លាមនោះ ក្រុមជនសង្ស័យបានដកដាវសាំម៉ូរ៉ៃ បម្រុងដេញកាប់រូបគេថែមទៀត ជាហេតុធ្វើឱ្យរូបគេភ័យស្លន់ស្លោ ក៏រត់គេចខ្លួនចោលម៉ូតូ ធ្វើឱ្យក្រុមជនសង្ស័យឃើញឱកាសល្អ ក៏លើកម៉ូតូជិះចេញទៅបាត់ដោយសុវត្ថិភាព។ ភ្លាមនោះ រូបគេបានទូរស័ព្ទហៅមិត្តភក្តិនៅហាង ព្រោះហាងជិតនឹងកន្លែងកើតហេតុ ចម្ងាយប្រហែល១០០ម៉ែត្រ ឱ្យយកម៉ូតូមកដេញតាមក្រុមជនសង្ស័យ រហូតដល់រង្វង់មូលគួចកាណុង ក៏បាត់ដានជនសង្ស័យទាំងនោះតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិបានឌុបគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់៕