ភ្នំពេញ ៖ ស្ត្រីអភ័ព្វម្នាក់ទើបនឹងសម្រាលកូនបាន២ខែ មិនទាន់រឹងដៃជើងស្រួលបួលផង ស្រាប់តែប្តីបែកគំនិតលួចលាក់មានស្រីថ្មី មិនសូវចូលផ្ទះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធឈឺចិត្តស្អិតទ្រូង ក៏បីកូនខ្ចីដើរបណ្តើរទួញសោកបណ្តើរ រួចក៏ប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែសំណាងល្អត្រូវបានប្រជាពលរដ្ឋអ្នកដំណើរប្រទះឃើញ ជួយសង្គ្រោះទាន់ពេល។
ហេតុការណ៍ស្ត្រីសរសៃខ្ចីបីកូនមកលោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៤០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីដែលប៉ុនប៉ងលោតទឹកស្ពានជ្រោយចង្វារសម្លាប់ខ្លួន ជាមួយនឹងកូនតូចអាយុ២ខែនេះ មានឈ្មោះខេង ណាវី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលម្តុំរោងកុនលុច្ស ក្នុងខណ្ឌដូនពេញ និងមានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ និងជាកូនកំព្រាឪពុកម្តាយ។ ចំណែកបុរសជាប្តីហេងស៊យវិញ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា គឺជាជនបរទេស។
តាមប្រភពពីអ្នកដំណើរដែលប្រទះឃើញហេតុការណ៍ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើដើរបណ្តើរទួញសោកបណ្តើរ ព្រមទាំងមានបីកូនតូចនៅជាប់នឹងដៃទៀតផង មិនដឹងថាមានរឿងអ្វីក្នុងចិត្តនោះទេ បន្ទាប់មក ស្រាប់តែឃើញស្ត្រីរូបនោះ ដើរសំដៅឡើងស្ពានជ្រោយចង្វារ ទើបធ្វើឱ្យមានការសង្ស័យ ក៏ចេះតែតាមឃ្លាំមើល ដឹងអី! គ្រាន់តែឡើងដល់លើស្ពានភ្លាម ស្ត្រីរូបនោះក៏ស្ទុះទៅតោងបង្កាន់ដៃស្ពាន ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនទាំងម្តាយទាំងកូន ទើបធ្វើឱ្យមានការភ្ញាក់ផ្អើល ស្ទុះចូលទៅចាប់ឃាត់ទាន់ពេលវេលា រួចហើយក៏នាំស្ត្រីរូបនោះទៅប្រគល់ឱ្យសមត្ថកិច្ចនៅត្រើយខាងលិចស្ពាន ដើម្បីជួយលួងលោមអប់រំណែនាំ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកទឹកសំបោរថា រវាងនាងនិងប្តីហេងស៊យជាជនបរទេសនោះ គឺបានរួមរស់នឹងគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដោយមិនបានរៀបការ ឬចុះអេតាស៊ីវិលអ្វីទាំងអស់ ហើយនាងក៏មិនបានស្គាល់ឈ្មោះ ឬសាវតាប្តីនេះច្បាស់ដែរ។ ដំបូងឡើយ ស្នេហារវាងនាងនិងប្តីបរទេសនេះ គឺផ្អែមល្ហែមល្អូកល្អិនគ្នាចាក់ទឹកមិនលិចទេ ទើបតែមួយរយៈចុងក្រោយនេះ តាំងពីនាងចាប់ផ្តើមមានផ្ទៃពោះ លែងអាចបំពេញកាមគុណប្តីបានគ្រប់គ្រាន់ ក៏ស្រាប់តែប្តីកំហូចចេះតែដើរចោលផ្ទះជាញឹកញាប់ រហូតដល់លួចលាក់មានស្រីញីខាងក្រៅផ្ទះទៀតផង។ មិនតែប៉ុណ្ណោះ លុយកាក់ដែលធ្លាប់តែផ្តល់ឱ្យនាងចាយវាយក្នុងគ្រួសារគ្រប់គ្រាន់ បែរជាប្តូរផ្លាស់ ជួនឱ្យតិច ជួនអត់ឱ្យ ធ្វើឱ្យនាងរស់នៅលំបាកវេទនាខ្លាំងណាស់ រហូតពេលខ្លះត្រូវដាច់បាយក៏មានដែរ។
ស្ត្រីរងគ្រោះ បានបន្តថា ចាប់តាំងពីនាងមានផ្ទៃពោះរហូតដល់សម្រាលកូននេះ ប្តីហេងស៊យមកអើតឈ្ងោកមើលនាងដូចអំពិលអំពែក និងមិនបានផ្តល់លុយកាក់ឱ្យនាងសម្រាល ឬទិញទឹកដោះគោឱ្យកូនបៅនោះទេ ទើបធ្វើឱ្យនាងខ្វះខាតទ័លដៃជើង លំបាកចិត្តខ្លាំងពេក គិតអ្វីលែងចេញ ក៏ដាច់ចិត្ត បីកូនតូចមកលោតទឹកសម្លាប់ខ្លួនតែម្តង។
ក្រោយកើតហេតុ គេឃើញស្ត្រីអភ័ព្វខាងលើ បានបីកូនតូចមកអង្គុយយំនៅការ៉ាស់សាំងតេលា គល់ស្ពានជ្រោយចង្វារត្រើយខាងលិច លុះបន្តិចក្រោយមក សមត្ថកិច្ចក៏ចុះមកដល់ ជួយនិយាយលួងលោមអស់ពេលយ៉ាងយូរ ទើបស្ត្រីរូបនោះព្រមឱ្យសមត្ថកិច្ចជូនត្រឡប់ទៅផ្ទះវិញ៕