ភ្នំពេញ ៖ ស្ត្រីម្នាក់ស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង ដោយសារតែប្តីចេះតែដើរចោលផ្ទះបាត់ៗ យូរៗទើបលេចមុខវិលមកផ្ទះម្តង ទុកឱ្យស្ត្រីរងគ្រោះរស់នៅតែឯងឯកោ លុះអ្នកជិតខាងមិនឃើញចេញពីបន្ទប់នឹកសង្ស័យ ក៏នាំគ្នាគាស់ទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់ទាំងស្លៀករ៉ូបរាត្រី មិនដឹងជាប្តីនៅឯណា លុះស្ត្រីជាម្តាយបានដឹង មកដល់ឃើញកូនស្រីដេកស្លាប់បែបនេះ ក៏ស្រែកទ្រហោយំរហូត ដល់សន្លប់បាត់មាត់ឈឹងថែមទៀត។
ករណីស្ត្រីអភ័ព្វដេកស្លាប់ក្នុងបន្ទប់ជួលតែឯងគ្មានអ្នកដឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយក្រុមហ៊ុនអ៊ឹង រិទ្ធី គ្រុប ស្ថិតក្នុងភូមិសន្សំកុសលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះលីនី សាបេត ហៅនិច អាយុ៣៧ឆ្នាំ មុខរបរធ្វើការនៅហាងផឹកស៊ីមួយកន្លែង មានប្តីហេងស៊យម្នាក់ជួនមកផ្ទះ ជួនអត់ ស្នាក់នៅបន្ទប់ជួល លេខជ០៦ ផ្លូវលេខ ៨ពទ ភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះបានមកជួលបន្ទប់ខាងលើស្នាក់នៅអស់រយៈពេល៦ឆ្នាំមកហើយ និងឃើញមានប្តីសីនឹងគេដែរ តែប្តីនោះមិនដឹងជាយ៉ាងម៉េច ចេះតែដើរចោលផ្ទះបាត់ៗរាប់ខែ ទើបឃើញមកអើតប្រពន្ធម្តង ហើយមិនដែលឃើញស្នាក់នៅជាប់លាប់ជាមួយប្រពន្ធបានយូរទេ តែងចេញទៅវិញបាត់ហើយ ហើយនៅមុនពេលកើតហេតុ ប្តីហេងស៊យនោះទើបនឹងមកលេងប្រពន្ធ រួចចាកចេញទៅវិញបាន២ថ្ងៃ ស្រាប់តែប្រពន្ធដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង ដោយគ្មានអ្នកដឹងតែម្តង។
តាមសម្តីអ្នកនៅជិតខាងបន្ទប់របស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចូលដេកក្នុងបន្ទប់ តាំងពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ មកម៉្លេះ រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ រូបគាត់បានហៅស្ត្រីរងគ្រោះហូបបាយ តែមិនឮនាងឆ្លើយសោះ ទើបស្មានថានាងដេកលក់ ក៏ដើរត្រឡប់ទៅបន្ទប់វិញ។ រហូតដល់ម៉ោង១១ថ្ងៃត្រង់ ក៏មកហៅស្ត្រីរងគ្រោះម្តងទៀត និងថែមទាំងគោះទ្វារទៀត ដើម្បីហៅនាងឱ្យក្រោកឡើងហូបបាយ នៅតែមិនឮសំឡេងឆ្លើយដដែល តែគាត់មិនបានចាប់អារម្មណ៍អ្វីទេ ក៏ត្រឡប់ទៅបន្ទប់ហូបបាយវិញទៅ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែល នៅតែមិនឃើញស្ត្រីរងគ្រោះក្រោកចេញមកក្រៅបន្ទប់ទៀត ទើបមានការសង្ស័យ ក៏ហៅអ្នកជិតខាងព្រមទាំងម្ចាស់ផ្ទះជួល មកគាស់ទ្វារបន្ទប់ចូលទៅមើលស្ត្រីរងគ្រោះ លុះចូលទៅដល់ ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទាំងស្លៀករ៉ូបរាត្រីនៅឡើយ។ ជុំវិញករណីនេះ ពួកគាត់សង្ស័យថា ស្ត្រីរងគ្រោះមានជំងឺគាំងបេះដូង ពីព្រោះធ្លាប់វះកាត់បេះដូង២ដងមកហើយ និងតែងតែលេបថ្នាំជាប់ជាប្រចាំ។ ចំណែកប្តីហេងស៊យទើបតែទៅវិញបានតែ២ថ្ងៃប៉ុណ្ណោះ។
ក្រោយកើតហេតុ អ្នកជិតខាងក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ និងបានទាក់ទងផ្តល់ដំណឹងដល់ស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះ ឈ្មោះអ៊ុន សារ៉ន រស់នៅម្តុំផ្សារដេប៉ូ ឱ្យបានដឹង។ លុះបន្តិចក្រោយមក ស្ត្រីជាម្តាយបានមកដល់បន្ទប់ជួលកូនស្រី លុះមកដល់ ឃើញកូនស្រីដេកស្លាប់ទាំងស្លៀករ៉ូបរាត្រីបែបនេះ រន្ធត់ពេក ក៏ស្រែកទ្រហោយំរហូតដល់សន្លប់ និងត្រូវបានអ្នកជិតខាង បីមកខាងក្រៅដើម្បីជួយចាប់ខ្យល់ និងរឹតប្រេងកាឡាឱ្យ ទើបដឹងខ្លួនឡើងវិញ។
បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងប្រាកដមែន។
សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីរៀបចំធ្វើបុណ្យតាមពៃណី៕